អាជ្ញាធរថៃ​ប្រកាសថា ​កំហាប់​ខ្យល់​អាក្រក់​កើន​ឡើង​នៅទី​ក្រុង​បាងកក​ ជាសញ្ញា​ដែល​ប្រជាពល​រដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព។​ នេះបើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ក្រុង​បាងកក​ កាល​ពី​ថ្ងៃទី ១ ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៣​។

ប្រភព​ពី​ប្រទេសថៃ​ឱ្យដឹងថា​ សន្ទស្សន៍​គុណ​ភាព​ខ្យល់​(AQI)​នៅទី​ក្រុង​បាង​កក​ឡើង​ដល់​១៦៦​ ដែល​ជាតួ​លេខមួយ​បង្ហាញថា​ បរិយាកាស​នៅ​ទីនោះ​មាន​កំហាប់​ខ្យល់​ពុល​ PM2.5 កម្រិត​ខ្ពស់។

តាមការ​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​បង្ហាញថា ​បើសិន​ជា​សន្ទស្សន៍​គុណភាព​ខ្យល់​ (AQI)​លើស​១០០​ បាន​ន័យថា ​បរិយាកាស​នៅ​តំបន់នៅ​ស្ថិត​នៅក្នុង​កម្រិត​មិនល្អ​ បើសន្ទស្សន៍គុណភាពខ្យល់ ​(AQI)​លើស​ពី២០០ ​បាន​ន័យថា ​បរិយាកាស​នៅ​តំបន់នោះ​មាន​កម្រិត​អាក្រក់​ ខណៈ​ដែល​សន្ទស្សន៍​គុណភាព​ខ្យល់​ (AQI)​ឡើង​ដល់​៣០០​នោះ ​បាន​ន័យថា​ ជា​សញ្ញា​អាសន្ន​សម្រាប់​សុខ​មាលភាព​មនុស្ស​សត្វ​ ឬ​កម្រិត​គ្រោះថ្នាក់​។

ចំពោះ ​កំហាប់​PM2.5​ ជា​ទម្រង់​នៃ​ការ​បំពុល​ខ្យល់​ដែល​អាក្រក់​បំផុត​ ដែល​មាន​ន័យថា​ គឺជា​ការរ​កឃើញ​នូវ​ភាគ​ល្អិត​តូចនៅ​ក្នុង​បរិយាកាស​ដែល​មាន​អង្កត់​ផ្ចិតត្រឹម​២,៥​មីក្រូ​ម៉ែត្រ ​ឬ មា​ន​ន័យ​ថា ​បរិយាកាស​នៅ​តំបន់​នោះ ​សម្បូរ​ទៅ​ដោយ​ភាគ​ល្អិត​ដែល​តូចៗ​ទំហំ​ប៉ុន៣០​%​នៃសរសៃ​ស​ក់​របស់​មនុស្ស​យើង។​ភាគ​ល្អិត​ទាំង​អស់នេះ​ងាយ​ជ្រាប​ចូល​ទៅក្នុង​សួត​ ឬ​ ចូល​ទៅក្នុង​ចរន្ដ​ឈាម​។

អ្នក​វិទ្យាសាស្ត្រ​ព្រមានថា​ បើសិន​ជា​មនុស្ស​ស្រូប​យក​ កំហាប់​PM2.5​ កាន់​តែយូរ​នឹងអាច​បណ្ដាល​ឱ្យកើត​ជំងឺសរសៃ​ឈាម​បេះដូង ​ជំងឺ​ផ្លូវដង្ហើម​ និង​មហារីក​ជាដើម​។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt ។ AFP

អភិបាល​ក្រុង​បាងកក​ លោក ​Chadchart ​Sittipunt​ បាន​ព្រមាន​សាធារណ​ជន​អំពី​ខ្យល់​អាកាស​មិនល្អ ​ដោយ​ជំរុញ​ឱ្យ​ប្រជាជន​តាមដាន​សុខភាព​ប្រសិន​បើពួកគេ​លំបាក​ដក​ដង្ហើម ​ក្រហាយ​ភ្នែក ​ឬ ​ក្អក​ជាដើម។​ លោកក៏​ព្រមាន​ឱ្យម​នុស្ស​កាត់​បន្ថយ​សកម្មភាព​ក្រៅផ្ទះ ​ឬ​ពាក់ម៉ាស់​ពេល​ចេញ​ទៅ​ក្រៅផ្ទះ​។

ការិ​យាល័យ​ទំនាក់​ទំនង​សាធារណៈ​នៃ​រដ្ឋបាល​ក្រុង​បាងកក​ (BMA)​បញ្ជាក់​ថា ​៖«អភិបាល​ក្រុង លើក​ទឹកចិត្ត​សាធា រណជន​ឱ្យធ្វើការ​ពីផ្ទះ ​និង​ប្រើប្រាស់ការ​ដឹកជញ្ជូន​សាធារណៈ។​ ទីក្រុង​បាងកក ​និង​ខេត្តនៅជិតៗនេះ អាចថា​នឹង​ជួបប្រទះ​នូវ​ខ្យល់​អាកាស​មិនល្អ​ចាប់ពីថ្ងៃ​ពុធ​ដល់​ថ្ងៃសៅ​រ៍»។

អាជ្ញាធរថៃ​ព្រមាន​ទៀតថា ​ក្រុម​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​ខ្យល់​ពុលនេះ​មាន​កុមារ​តូចៗ​ ស្ត្រី​មាន​ផ្ទៃពោះ ​និង ​ម​នុស្ស​ចាស់។ ​អាជ្ញាធរ​ស្នើឱ្យ​ក្រុម​មនុស្ស​ទាំងអស់នេះ​ពាក់ម៉ាស់​ដែល​មាន​សមត្ថភាពច​ម្រោះ​ជាតិ​ពុល​PM2.5​៕

វីដេអូ៖