
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova។ Instagram
រុស្ស៊ីកាលពីថ្ងៃពុធ ទី ១ ខែកុម្ភៈ បានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតានីយ៉ាហ៊ូ បានថ្លែងថា លោកកំពុងពិចារណាជំនួយយោធាដល់ក្រុងកៀវ ហើយមានឆន្ទៈក្នុងការសម្រុះសម្រួលជម្លោះ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងសូមនិយាយថា ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាវុធ (ដល់អ៊ុយក្រែន) គួរតែយល់ថា យើងនឹងចាត់ទុកអាវុធទាំងនេះជាគោល ដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី»។
ការវិវត្តន៍ចុងក្រោយរបស់អ៊ីស្រាអែលនាពេលនេះ គឺជាការគួរឱ្យកត់សម្គាល់ដ៏សំខាន់មួយ ព្រោះថាចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំមុនមក អ៊ីស្រាអែលបានប្រកាន់ជំហរអព្យាក្រឹតយ៉ាងប្រុងប្រយ័ត្នចំពោះទីក្រុងម៉ូស្គូ ដោយមិនធ្វើតាមសម្ព័ន្ធមិត្តលោកខាងលិច ដែលជញ្ជូនជំនួយសព្វាវុធទាំងធុនស្រាល និងធ្ងន់ទៅឱ្យក្រុងកៀវ ដើម្បីប្រឆាំងនឹងទ័ពឈ្លានពានរុស្ស៊ី។
អ៊ីស្រាអែលបានសង្កត់ធ្ងន់ជាពិសេសលើទំនាក់ទំនងរវាងប្រជាជាតិទាំង ២ ដោយសារអុី ស្រាអែលមានពលរដ្ឋជាងមួយលាននាក់មកពីប្រទេសអតីតសហភាពសូវៀត។
វិមានក្រឹមឡាំងបានព្រមានអំពីការកើន ឡើងនៃភាពតានតឹងនៃជម្លោះដោយសារតែផ្គត់ផ្គង់អាវុធ ខណៈដៃគូលោកខាងលិចប្ដេជ្ញាបន្ថែមជំនួយ។ លោកស្រី Zakharova បានថ្លែងថា ការប៉ុនប៉ងផ្គត់ផ្គង់អាវុធបន្ថែមក្នុងរូបណាមួយក៏ដោយធ្វើឱ្យភាពតានតឹងកើនឡើង «ហើយអ្នកគ្រប់គ្នាគួរតែដឹងអំពីរឿងនេះ»។
គួរគូសបញ្ជាក់ផងដែរថា ការព្រមានដាក់អុីស្រាអែលនាពេលនេះ ធ្វើឡើងបន្ទាប់ពី ក្រុងវ៉ាស៊ីនតោន និងប៊ែរឡាំង បានសន្យាថានឹងផ្គត់ផ្គង់ទីក្រុងកៀវជាមួយនឹងរថក្រោះទំនើបៗខណៈអ៊ុយក្រែននាពេលនេះ កំពុងស្នើសុំយន្តហោះចម្បាំង និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ បូករួមទាំងអាវុធទំនើបៗផ្សេងទៀត ឱ្យបានជាបន្ទាន់៕
វីដេអូ៖