ចំនួនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅប្រទេសជប៉ុន កំពុងស្ថិតក្នុងកម្រិតទាបរួមជាមួយនឹងអត្រាប្រជាជនវ័យចំណាស់ដែលកំពុងមានជំងឺប្រចាំកាយ បានជំរុញឱ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់ ដែលតម្រូវឱ្យប្រទេសជប៉ុន ពង្រឹងការរឹតបន្តឹងទៅលើការការពារខ្លួនពីជំងឺមេរោគកូវីដនេះ។
ប្រទេសជប៉ុនគឺជាប្រទេសមួយដែលត្រូវបានគេដឹងថាមានអត្រាមរណភាពកូវីដ ១៩ ក្នុងកម្រិតទាបបំផុតបើធៀបទៅនឹងចំនួនអ្នកកើតកូវីដនៅតាមប្រទេសដទៃ ប៉ុន្តែតួលេខនេះមានការកើនឡើងចាប់តាំងពីចុងឆ្នាំ ២០២២ មក។
យោងតាមទិន្នន័យកូវីដ របស់សាកលវិទ្យាល័យ Harvard Our World In Data បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែមករា តួលេខនៃអត្រាអ្នកឆ្លងកូវីដ ១៩ នៅប្រទេសជប៉ុន បានវ៉ាដាច់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ប្រទេសជប៉ុន បានបិទការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសចាប់ពីឆ្នាំ ២០២០ រហូតដល់ពាក់កណ្តាលខែមិថុនាឆ្នាំមុន ហើយបានបើកព្រំដែនរបស់ខ្លួនដោយប្រុងប្រយ័ត្នបំផុត។ ក្នុងនោះដែរ ភ្ញៀវទេសចរត្រូវធ្វើដំណើរកម្សាន្តជារបៀបកញ្ចប់សេវាកម្ម ដែលមានទិញធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និងតម្រូវឱ្យពាក់ម៉ាស់គ្រប់ទីកន្លែងជាពិសេសគឺនៅតាមកន្លែងសាធារណៈ ឬកន្លែងមានមនុស្សច្រើនជាដើម។
លើសពីនេះ សិស្សសាលាមួយចំនួនត្រូវឱ្យញ៉ាំអាហារដោយរក្សាភាពស្ងៀមស្ងាត់អស់រយៈពេលជាង ២ ឆ្នាំ និងសាលារៀនដាក់បម្រាមលើការសន្ទនាផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ អ្នកជំនាញនៅក្នុងតំបន់បានសន្មតថា ការធ្វេសប្រហែសទៅលើការការពារពីកូវីដ១៩ របស់ប្រជាជនមានកម្រិតទាបដែលវាអាចជាកត្តាមួយនិងបណ្តាលឱ្យមានការឆ្លងកើនឡើងផងដែរ ដោយអ្នកជំងឺដែលស្លាប់ចុងក្រោយគេបង្អស់ភាគច្រើនជាមនុស្សចាស់ដែលមានជំងឺប្រចាំកាយ។
លោក Hitoshi Oshitani អ្នកជំនាញខាងមេរោគឈានមុខគេរបស់ប្រទេសជប៉ុនបាននិយាយថា«យើងក៏មានការពិបាកក្នុងការព្យាបាលដែរ» ហើយលោកបន្ថែមថាកូវីដគ្រាន់តែជាកត្តាបង្កហេតុប៉ុណ្ណោះ។ ការលេចឡើងនៃវ៉ារ្យ៉ង់ បានបង្កឱ្យមានផលវិបាកក្នុងការព្យាបាល និងការពារពីមេរោគកូវីដ ១៩ ពីព្រោះសម្រាប់មនុស្សចាស់ ប្រព័ន្ធស៊ាំមានភាពចុះខ្សោយនិងពិបាកក្នុងការឆ្លើយតបទៅនិងភ្នាក់ងារបង្កមេរោគ ដែលកំណែថ្មីរបស់អូមីក្រុង បានបន្ថែមឱ្យការឆ្លងលឿននិងការព្យាបាលឱ្យជាសេះស្បើយសម្រាប់មនុស្សចាស់មានប្រសិទ្ធភាពទាប»។
លោកវេជ្ជបណ្ឌិត Oshitani អតីតទីប្រឹក្សាប្រចាំតំបន់នៃប្រទេសជប៉ុននៃអង្គការសុខភាពពិភពលោកWHO លើការតាមដាន និងឆ្លើយតបជំងឺឆ្លងបាននិយាយថា មុនពេលអូមីក្រុងវ៉ារ្យ៉ង់បានវាយប្រហារ ការស្លាប់នៃជំងឺកូវីដ ភាគច្រើនបានកើតឡើងនៅក្នុងទីក្រុងតូក្យូ និងអូសាកា ប៉ុន្តែឥឡូវនេះមានករណីនៅគ្រប់ទូទាំងតំបន់នៃប្រទេសជប៉ុនទាំងអស់ ដោយខេត្តតូចៗ និងតំបន់ជនបទសម្បូរទៅដោយប្រជាជនវ័យចំណាស់។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនគឺជាសង្គមមួយដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ហើយកំណើននៃមនុស្សចាស់បានកើនឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ។សម្រាប់មនុស្សចាស់ឆ្លងមេរោគដែលស្នាក់នៅក្នុងផ្ទះថែទាំ ឬនៅក្នុងក្រុមសហគមន៍ ពួកគេមិនបានទទួលការព្យាបាលភ្លាមៗនោះទេ។
ម្យ៉ាងវិញទៀត ដោយសារតែប្រទេសជប៉ុនចាត់ទុកមេរោគកូវីដ ១៩ ជាជំងឺគ្រោះថ្នាក់ខ្លាំងបំផុតលំដាប់ទី២ នោះមានតែមន្ទីរពេទ្យដែលកំណត់ដោយរដ្ឋាភិបាលប៉ុណ្ណោះដែលអាចព្យាបាលអ្នកឆ្លងបាន។ ហើយបច្ចុប្បន្ននេះ ពួកគេកំពុងទប់ទល់ទៅនឹងចំនួនអ្នកឆ្លងដែលកំពុងកើនឡើង។
លោកវេជ្ជបណ្ឌិត Shibuya បានអំពាវនាវឱ្យការព្យាបាលជំងឺកូវីដ ១៩ ជាទម្រង់នៃជំងឺផ្តាសាយ ដោយអនុញ្ញាតឱ្យគ្លីនិក និងមន្ទីរពេទ្យទាំងអស់មានសិទ្ធិព្យាបាលអ្នកជំងឺផ្ទុកមានមេរោគកូវីដ។
លោកវេជ្ជបណ្ឌិត Oshitani ក៏បាននិយាយផងដែរថា អត្រាមរណភាពអាចកើនឡើងដោយការឆ្លងនៃជំងឺកូវីដដោយមិនដឹងខ្លួន និងបម្រែបម្រួលរបស់មេរោគផងដែរ ខណៈពេលប្រទេសជប៉ុនកំពុងរាយការណ៍ពីករណីឆ្លងជារៀងរាល់ថ្ងៃ។
បន្ថែមពីនេះ លោកក៏បានចង្អុលបង្ហាញអំពីបញ្ហាស្រដៀងគ្នានៅក្នុងប្រទេសអូស្ត្រាលី ដែលអត្រាមរណភាពកូវីដ ១៩ បានកើនឡើងចាប់តាំងពីការបើកច្រកព្រំដែនឡើងវិញនៅដើមឆ្នាំ ២០២២ វិញមកម្ល៉េះ។ ម្យ៉ាងវិញទៀត លោកវេជ្ជបណ្ឌិត Oshitani ក៏បានប៉ាន់ប្រមាណផងដែរថា អត្រាមរណភាពនឹងអាចមានការកើនឡើកាន់តែច្រើននាប៉ុន្មានខែខាងមុខនេះ ដោយសារថ្នាំប្រឆាំងមេរោគដែលមានតម្លៃសមរម្យនៅតែមិនមានលក់យ៉ាងទូលំទូលាយនៅក្នុងប្រទេស៕