
ប្រជាជនប៉ាឡេស្ទីន ពិនិត្យមើលផ្ទះដែលរងការខូចខាតបន្ទាប់ពីការវាយឆ្មក់នៅព្រឹករបស់អ៊ីស្រាអែលនៅឯជំរជនភៀសខ្លួន Aqabat Jabr ក្នុងទីក្រុង Jericho ក្នុងតំបន់វេសបែង កាលពីថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៣។ AFP
កងទ័ពអុីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានស្ទាក់ចាប់យន្តហោះខ្នាតតូច ១គ្រឿងពីខាងលើតំបន់ហ្គាហ្សា ជាកន្លែងដែលសាក្សីបានប្រាប់សារព័ត៌មានAFP ថា ពួកគេបានឮការផ្ទុះនៅក្បែរព្រំដែន។
កងទ័ព បានបញ្ជាក់ថា វាមិនមែនជាគ្រាប់រ៉ុក្កែត ឬការបាញ់ផ្សេងទៀត ដែលបង្កការគំរាមកំហែងដល់ជនជាតិអុីស្រាអែលឡើយ ហើយក៏មិនមែនជាការបាញ់មីស៊ីលដែរទេ។
កងទ័ព មិនបាននិយាយថា យន្តហោះនោះ បានទៅណា ឬមកពីណាទេ?
ទាក់ទងការចាប់បានយន្តហោះនេះ មិនមានការអះអាងពីការទទួលខុសត្រូវភ្លាមៗពីក្រុមប្រឆាំងប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាទេ។
កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមជីហាដអ៊ីស្លាមដែលមានមូលដ្ឋាននៅហ្គាហ្សា បាននិយាយថា មេដឹកនាំរបស់ខ្លួន Ziad al-Nakhala បានធ្វើដំណើរទៅកាន់ទីក្រុងគែរ ដើម្បីជួបជាមួយប្រធានចារកម្មអេហ្ស៊ីបលោក Abbas Kamel។
ក្រុមនោះ បាននិយាយថា ភាគីទាំង២ បានពិភាក្សាអំពីស្ថានភាពនៅទីក្រុងហ្ស៊េរុយសាឡិម និងតំបន់វេសបែង ជាពិសេស Jenin ដែលជាទីក្រុងនិងជំរំជនភៀសខ្លួន ដែលអ៊ីស្រាអែលកាលពីខែមុន បានធ្វើប្រតិបត្តិការ តែ១គត់របស់ខ្លួន នៅតំបន់វេសបែង ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយបណ្តាលឱ្យមនុស្ស ១០នាក់ ស្លាប់។
ការធ្វើដំណើរនេះ បានកើតឡើងបន្ទាប់ពីទស្សនកិច្ចរបស់លោក Kamel ទៅកាន់ទីក្រុងរ៉ាមាឡាហ៍នៃតំបន់វេសបែងកាលពីថ្ងៃអង្គារ ជាទីដែលលោក បានជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមុដ អាបាស ដើម្បី ពិភាក្សាអំពីការកើនឡើងអំពើហិង្សាថ្មីៗនេះ។
កាលពីថ្ងៃព្រហស្បត្តិ៍ អុីស្រាអែលបានធ្វើការវាយប្រហារផ្លូវអាកាសលើតំបន់ហ្គាហ្សា ប៉ុន្មានម៉ោងបន្ទាប់ពីការស្ទាក់ចាប់បានគ្រាប់រ៉ុក្កែត ១គ្រាប់ ដែលបាញ់ចេញពីទឹកដីប៉ាឡេស្ទីន។
ចាប់តាំងពីដើមឆ្នាំមក ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន ៣៦នាក់ស្លាប់ ក្នុងនោះមាន អ្នកវាយប្រហារ ក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិល។
ជនស៊ីវិលអ៊ីស្រាអែល ៦នាក់ ក្នុងនោះមានក្មេងម្នាក់ និងជនស៊ីវិលអ៊ុយក្រែនម្នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលដូចគ្នានេះ។
តំបន់ហ្គាហ្សាដែលមានប្រជាជនរស់នៅយ៉ាងច្រើន ផ្តល់ជម្រកដល់ជនជាតិប៉ាឡេស្ទីន ២,៣លាននាក់ ត្រូវ អ៊ីស្រាអែលបិទផ្លូវ ចាប់តាំងពីក្រុមហាម៉ាស បានបណ្តេញកងកម្លាំងដែលស្មោះត្រង់នឹងលោកអាបាសក្នុងឆ្នាំ ២០២៧៕