
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro (ស្តាំ) ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian (ឆ្វេង) នៅទីក្រុង Caracas កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ AFP
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ ដែលកំពុងបំពេញទស្សនកិច្ច បានពិភាក្សាអំពីតម្រូវការសម្រាប់ការប្រុងប្រយ័ត្នក្នុងការការពារផលប្រយោជន៍ជាតិរបស់ពួកគេប្រឆាំងនឹងសម្ពាធពីខាងក្រៅ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
ការបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេស Ossein AmirAbdollahian នៅទីក្រុងការ៉ាកាសកាលពីថ្ងៃសុក្រ បានបង្ហាញពីការពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំង ២ ដែលត្រូវបានគេមើលឃើញថា ជាការទាត់ចោលដោយសហគមន៍អន្តរជាតិភាគច្រើន ដោយប្រទេសទាំង ២ កំពុងរងទណ្ឌកម្មរបស់អាមេរិក។
លោក ម៉ាឌូរ៉ូ បានទទួលលោក Abdollahian កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងវិមានប្រធានាធិបតី Miraflores ក្រោយពីលោករដ្ឋមន្ត្រីអ៊ីរ៉ង់បានមកដល់ពីទីក្រុងម៉ាណា ហ្គា ប្រទេសនីការ៉ាហ្គា។
លោក ម៉ាឌូរ៉ូ បានសរសេរនៅលើធ្វីធើរថា៖ «ខ្ញុំប្រាកដថា ទំនាក់ទំនងរបស់យើងនឹងបន្តពង្រឹងការផ្លាស់ប្តូរទៅវិញទៅមកផែ្នកបច្ចេកវិទ្យាឧស្សាហកម្ម វិទ្យាសាស្ត្រ និងវប្បធម៌ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំង ២ » ដោយបានហៅជំនួបនេះថា «ទទួលបានលទ្ធផលផែ្លផ្កា»។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីខែមិថុនាកន្លងទៅ លោក ម៉ាឌូរ៉ូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំ ដែលលោកបាននិយាយថា បានបើកលក្ខខណ្ឌសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងវត្ថុធាតុគីមីសំយោគពីប្រេង និងការពារជាតិ។
សេចក្តីថ្លែងការណ៍មួយចេញពីក្រសួងការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា កាលពីថ្ងៃសុក្រភាគីទាំង ២ បានសង្កត់ធ្ងន់ទៅលើការពង្រឹង និងតាមដានគម្រោង និងបង្កើនល្បឿនការអនុវត្តរបស់ពួកគេរួមទាំងប្រយ័ត្នក្នុងការការពារផលប្រយោជន៍ជាតិរបស់ពួកគេប្រឆាំង នឹងសម្ពាធពីខាងក្រៅ។
សេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងទៀតថា៖ «ភាគីទាំង ២ ក៏បានស្វាគមន៍ដល់ការកើនឡើងនៃទំនាក់ទំនង និងការផ្លាស់ប្តូរទស្សនៈទៅវិញទៅមករវាងមន្ត្រីនៃប្រទេសទាំង ២» ផងដែរ៕