
ក្រុមអ្នកជួយសង្គ្រោះជម្លៀសជនរងគ្រោះចេញពីអគារ៨ ដែលបានដួលរលំ បន្ទាប់ពីការរញ្ជួយដីកម្រិត៧,៨ រិចទ័រនៅភាគខាងត្បូងប្រទេសតួកគី។ AFP
ការរញ្ជួយដីដ៏ខ្លាំងសាហាវមួយបានវាយប្រហារភាគខាងត្បូងនៃប្រទេសតួកគីនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ដែលធ្វើឱ្យមានរំញ័រដល់កោះស៊ីប ស៊ីរី និងលីបង់និងបង្កឱ្យអគារជាច្រើនខ្នងដួលរលំ ខណៈមនុស្សរាប់សិបនាក់ បានស្លាប់ និងជាច្រើនផ្សេងទៀតជាប់ក្នុងគំនរអាគារបាក់បែក។
ទីភ្នាក់ងារសេវាភូគព្ភសាស្ត្រអាមេរិក(USGS) បានឱ្យដឹងថា ការរញ្ជួយ៧,៨រ៉ិចទ័រនេះ បានកើតឡើងនៅជម្រៅ ១៧,៩ គីឡូម៉ែត្រក្បែរទីក្រុងកាហ្ស៊ីអានទិប(Gaziantep) ដែលនៅប្រហែល ៩០ គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសស៊ីរី ខណៈអាជ្ញា ធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់តួកគី (AFAD) បានដាក់កម្រិតនៃការរញ្ជួយដីនៅកម្រិត ៧,៤ រ៉ិចទ័រ។ ការរំញ័រមានរយៈពេលប្រហែល ១នាទី។
នៅខណៈដែលក្រុមជួយសង្គ្រោះកំពុងដុតដៃដុតជើងធ្វើប្រតិបត្តិការរបស់ខ្លួន មនុស្សជាច្រើននាក់ ត្រូវបានគេរាយការណ៍ថាស្លាប់ និងរាប់រយនាក់រងរបួស នៅក្នុងតំបន់ដែលរងផលប៉ះពាល់ផ្សេងៗទាំងនៅតួកគី និងស៊ីរី។ តាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យចុងក្រោយពីប្រភពអាជ្ញាធរក្នុងតំបន់គិតត្រឹមព្រឹកថ្ងៃចន្ទ ចំនួនអ្នកស្លាប់នៅភាគខាងត្បូងតួកគី បានកើនដល់យ៉ាងហោចណាស់ ៥៣នាក់។
ចំណែកនៅឯស៊ីរីវិញកងការពារស៊ីវិលស៊ីរីរបស់បក្សប្រឆាំង បានពណ៌នាស្ថានភាពតំបន់ដែលរងផលប៉ះពាល់ថា មានលក្ខណៈ«មហន្តរាយ» ដោយបន្ថែមថាអគារទាំងមូលបានដួលរលំ ហើយមនុស្សត្រូវជាប់ក្រោមគំនរបាក់បែក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៤២ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ បានរងរបួស បន្ទាប់ពីអគារជាច្រើនខ្នងបានដួលរលំនៅក្នុងទីក្រុងភាគខាងជើងរបស់ប្រទេសរួមមានទីក្រុងAleppo ក្រុង Hama និងក្រុងLatakia។
គួរគូសបញ្ជាក់ថា តួកគីគឺជាប្រទេសដែលស្ថិតនៅក្នុងតំបន់រញ្ជួយដីដ៏សកម្មបំផុតមួយរបស់ពិភពលោក។ ការរញ្ជួយនៅភាគពាយព្យរបស់ប្រទេសនេះក្នុងឆ្នាំ ១៩៩៩ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៨ ០០០ នាក់។
ទិន្នន័យចុងក្រោយពីរញ្ជួយដីនៅព្រឹកនេះ មិនទាន់អាចសរុបជាផ្លូវការ ចំនួនអ្នកស្លាប់ និងរងរបួស ត្រូវបានគេរំពឹងថានឹងកើនឡើង។ ប្រធានាធិបតីតួកគី រ៉េហ្ស៊ីប អ៊ែរដូហ្គាន់ បានសរសេរនៅលើបណ្ដាញសង្គមធ្វីធើរថា ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះត្រូវបានដាក់ពង្រាយភ្លាមៗទៅកាន់តំបន់ដែលរងគ្រោះ ហើយបន្តថា៖ «យើងសង្ឃឹមថា យើងនឹងឆ្លងកាត់គ្រោះមហន្តរាយនេះជាមួយគ្នា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានជាមួយនឹងការខូចខាតតិចបំផុត»៕