
ក្រុមអ្នកជួយសង្គ្រោះស៊ីរីយកសាកសពមួយចេញពីគំនរបាក់បែកនៃអគារបាក់រលំនៅថ្ងៃទី៦ ខែកុម្ភៈ។ AFP
ម៉ោង ៤ ទៀបភ្លឺនៃព្រឹកថ្ងៃចន្ទ ទី ៦ ខែកុម្ភៈ ពោលគឺនៅពេលដែលប្រជាជនភាគច្រើនមិនទាន់ក្រោកពីដំណេកផង រញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងកម្រិត ៧,៨ រ៉ិចទ័រ បានវាយប្រហារក្បែរទីក្រុងកាហ្ស៊ីអានទិប (Gaziantep) ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសទួរគី និងមិនឆ្ងាយប៉ុន្មានពីព្រំដែនស៊ីរី។ ការរញ្ជួយដីនេះ បានបង្កើតការរំញ័ររហូតដល់ប្រទេសស៊ីរី អ៊ីស្រាអែល លីបង់ និងកោះស៊ីប និងបង្ករឱ្យអាគារជាច្រើនខ្នងដួលរលំបាក់ស្រុតចុះ ហើយធ្វើឱ្យមនុស្សកប់ជាប់ក្នុងគំនរបាក់បែក។
មិនទាន់បាន ១០ ម៉ោងផង រញ្ជួយដីដ៏ខ្លាំងមួយទៀតក្នុងកម្រិត ៧,៦ រ៉ិចទ័រ បានវាយប្រហារនៅក្បែរកន្លែងចាស់ ដែលធ្វើឱ្យស្ថានភាពដ៏ត្រដាបត្រដួសនៃតំបន់រងគ្រោះទាំងនៅទួរគី និងស៊ីរី ដែលយ៉ាប់យុឺនរួចស្រាប់ទៅហើយនោះ កាន់តែអាក្រក់ទៅៗ។ យោងតាមទិន្នន័យពីក្រុមអាជ្ញាធរគិតត្រឹមព្រឹកថ្ងៃអង្គារ ចំនួនអ្នកស្លាប់គិតតែក្នុងប្រទេសទួរគីមួយ បានកើនឡើងដល់ ៣ ៣៨១ នាក់ ខណៈតួលេខដូចគ្នានៅស៊ីរីបានកើនដល់ ១ ៤៤៤ នាក់។ នេះបើតាមការស្រង់ព័ត៌មានរបស់បណ្ដាញព័ត៌មាន Al Jazeera។
ប៉ុន្តែជាមួយគ្នានោះ ខណៈដែលក្រុមអ្នកជួយសង្រ្គោះនៃប្រទេសទាំង ២ កំពុងដុតដៃដុតជើងបំពេញប្រតិបត្តិការរបស់ខ្លួន ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត។ អ្នកជំនាញ បានលើកឡើងថា មានកត្តាជាច្រើនដែលធ្វើឱ្យការរញ្ជួយដីកាលពីថ្ងៃចន្ទនេះ បានឆក់យកជីវិតមនុស្សរហូតដល់រាប់ពាន់នាក់។
គ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់តួកគី (AFAD) បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារដូចគ្នាថា ជនរងគ្រោះជាង ២០ ០០០ នាក់ ត្រូវបានជួយសង្រ្គោះក្នុងខេត្តដែលរងផលប៉ះពាល់ចំនួន ១០ ខណៈមហន្តរាយនេះ បានធ្វើឱ្យសំណង់អាគារជាង ៥ ៧០០ ខ្នងបានដួលរលំ និងរាប់ពាន់ខ្នងរងការខូតខាតធ្ងន់ធ្ងរ។ លោកបានគូសបញ្ជាក់ថា ក្រោយការរញ្ជួយដីធំៗទាំង២លើក ការរញ្ជួយតូចៗ(Aftershocks) យ៉ាងហោចណាស់ ២៨៥ ដងបានកើតឡើង។
ទោះយ៉ាងណាក៏ដោយ សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវ និងអង្កេតការរញ្ជួយដី Kandilli នៃសាកលវិទ្យាល័យ Bogazici ក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Mustafa Erdik បានថ្លែងប្រាប់ Al Jazeera ថា៖ «គុណភាពអន់របស់អគារ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលធ្វើឱ្យមានអ្នកស្លាប់ និងរបួសច្រើន»។
ផែនការយុទ្ធសាស្ត្រ និងសកម្មភាពរញ្ជួយដីជាតិ (PDF) របស់តួកគីសម្រាប់ឆ្នាំ ២០១២-២០២៣ បានគូសបញ្ជាក់ថា ការធ្វើចំណាកស្រុកដ៏ធំ និងឆាប់រហ័សក្នុងកំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ នាំឱ្យមានការអភិវឌ្ឍន៍ទីក្រុងដែលគ្មានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដែលធ្វើឱ្យទីក្រុងនានាងាយរងគ្រោះពេលមានគ្រោះថ្នាក់ធម្មជាតិ។
សូមរំឭកថា រញ្ជួយដីនៅទួរគីចុងក្រោយនេះ មានកម្រិតរ៉ិចទ័រប្រហាក់ប្រហែលនឹងការរញ្ជួយដែលសម្លាប់មនុស្សជាង ៣០ ០០០ នាក់ក្នុងឆ្នាំ ១៩៣៩ ដែរ ខណៈការរញ្ជួយកម្រិត ៧,៤ រ៉ិចទ័រនៅទីក្រុងភាគខាងលិច អ៊ីហ្ស្មីដ (Izmit) ក្នុងឆ្នាំ ១៩៩៩ បានសម្លាប់មនុស្សប្រហែល ១៧ ០០០ នាក់។
យ៉ាងណាមិញ ក្រោយការរញ្ជួយដីឆ្នាំ ១៩៩៩ ស្ថាប័នរដ្ឋទួរគីបានទទួលស្គាល់ពីតម្រូវការបន្ទាន់ លើកាត់បន្ថយហានិ ភ័យក្នុងប្រទេសរបស់ខ្លួនដែលងាយរងគ្រោះ នឹងមហន្តរាយធម្មជាតិមួយនេះ ហើយនៅឆ្នាំបន្ទាប់មកទៀត ច្បាប់ដែលអនុវត្តការត្រួតពិនិត្យការរចនាអគារ និងការត្រួតពិនិត្យសំណង់អគារទាំងអស់ជាចាំបាច់ ត្រូវបានអនុម័តឡើង។ ទោះបីបែបនេះក្ដី អគារដែលសាងសង់ដោយយោងទៅតាមច្បាប់ដើម្បីធន់នឹងការរញ្ជួយដី នៅតែស្ថិតក្នុងកម្រិតតិចតួច ដោយលោកErdik បានថ្លែងថា៖«អាគារដែលដួលរំលំ សាងសង់ឡើងមុនឆ្នាំ ២០០០»។
បន្ថែមពីលើនេះ ពេលវេលានៃការរញ្ជួយដីកាលពីថ្ងៃចន្ទ ក៏ជាផ្នែកមួយដែលធ្វើឱ្យតួលេខអ្នកស្លាប់ និងរងរបួសខ្ពស់ផងដែរ។ ការរញ្ជួយលើកដំបូងបានកើតឡើងនៅម៉ោង ៤ និង ១៧ នាទីព្រឹក ពោលគឺនៅពេលដែលមនុស្សដេកលង់លក់នៅឡើយ ជាហេតុធ្វើឱ្យមានមនុស្សជាប់ក្នុងអគារមានចំនួនច្រើន។
ជាមួយគ្នានេះ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យអូស្រ្តាលី Curtin លោក Chris Elders បានថ្លែងប្រាប់ Al Jazeera ថា ជម្រៅនៃការរញ្ជួយដីលើកទី១ដែលមានត្រឹមតែ ១៨ គីឡូម៉ែត្រ ក៏រួមចំណែកធ្វើឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ។ លោកគូសបញ្ជាក់ថា ជម្រៅកាន់តែរាក់ កម្លាំងនៃការរញ្ជួយកាន់តែខ្លាំង ដោយសារតែវាស្ថិតនៅជិតផ្ទៃផែនដី។
ក្រោយការរញ្ជួយ រដ្ឋាភិបាលតួកគីបានប្រកាសស្ថានភាពអាសន្នកម្រិតទី៤ ដែលរួមមានការអំពាវនាវសុំជំនួយអន្តរ ជាតិ ក៏ដូចជាការចល័តកងកម្លាំងជាតិទាំងអស់ ដើម្បីដាក់ពង្រាយនៅតំបន់រងគ្រោះ។ ពេលនេះ មានប្រទេសជាច្រើន បានបញ្ជូនក្រុមជួយសង្រ្គោះរបស់ខ្លួនទៅ បូករួមទាំងជំនួយមនុស្សធម៌ផ្សេងទៀត។
យ៉ាងណាមិញ ស្ថានភាពនៅភាគខាងជើងស៊ីរី ដែលមានជនរងគ្រោះជាង ៣ ៥០០ នាក់វិញ មានការលំបាកខ្លាំង បើទោះបីជាចំនួនអ្នកស្លាប់តិចជាងតួកគីក៏ដោយ ប៉ុន្តែអង្គការមនុស្សធម៌ដែលធ្វើការក្នុងតំបន់ បានសម្ដែងការភ័យខ្លាចថា តួលេខនេះនឹងកើនឡើង ខណៈក្រុមជួយសង្គ្រោះបានព្រមានកាលពីថ្ងៃចន្ទ ពីកង្វះសម្ភារក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្ន ជាពិសេសនៅតំបន់រងគ្រោះ ដែលគ្រប់គ្រងដោយកងកម្លាំងក្រុមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។
នាយិកាគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិរបស់ប្រទេសស៊ីរី លោកស្រី Tanya Evans បានថ្លែងថា គ្រោះរញ្ជួយដីនេះគឺជា «ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរមួយទៀតដល់ប្រជាជនងាយរងគ្រោះជាច្រើន ដែលកំពុងរស់នៅទាំងត្រដាប់ត្រដួស បន្ទាប់ពីជម្លោះបានអូសបន្លាយអស់រយៈជាច្រើនឆ្នាំ»។
របាយការណ៍បឋមពីបុគ្គលិករបស់លោកស្រី ដែលចុះទៅដល់កន្លែងប៉ះពាល់ផ្ទាល់ បានបង្ហាញថា ផលប៉ះពាល់បាននិងកំពុងបំផ្លិចបំផ្លាញនៅក្នុងតំបន់ដែលមានចំនួនជនភៀសខ្លួន និងគ្រួសារដែលងាយរងគ្រោះច្រើនកំពុងរស់នៅ។
អ្វីដែលកាន់តែពិបាកទៀតនោះគឺថា តំបន់រងគ្រោះទាំងនៅស៊ីរី និងតួកគី ដែលសម្បូរទៅដោយជនភៀសខ្លួនរស់នៅ ក៏រងការវាយប្រហារដោយព្យុះព្រិល និងការចុះត្រជាក់ខ្លាំងនារដូវរងាផងដែរ។ ធាតុអាកាសបែបនេះ និងការខូតខាតហេដ្ឋារចនាសម្ព័ន្ធបានបង្កការពិបាកដល់ក្រុមអ្នកជួយសង្រ្គោះក្នុងការបំពេញប្រតិបត្តិការ ខណៈការត្រជាក់ខ្លាំង ការធ្លាក់ភ្លៀង និងការដាច់ភ្លើង ធ្វើឱ្យលក្ខខណ្ឌរបស់ជនរងគ្រោះទាំងអ្នកដែលជាប់ក្នុងគំនរបាក់បែប និងអ្នកដែលបាត់បងផ្ទះសំបែង កាន់តែយ៉ាប់យ៉ឺនទៅៗ៕