ប្រទេសថៃ​ មាន​ករណី​ពពោះ​ជំនួស​ចំនួន​ ៦២១​ ករណី នៅ ​៧ ឆ្នាំ​ចុងក្រោយ​កន្លងទៅនេះ​។ ករណី​ពពោះ​ជំនួស​ទាំងអស់​នោះ​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ប្រទេសថៃ​ ចាប់​តាំងពីថៃ​បាន​បង្កើត​ច្បាប់​ស្ដី​ពីសេវា​ពពោះ​ជំនួស។ ​នេះ​បើយោង​តាម​លោក​វេជ្ជបណ្ឌិត ​Sura Visetsak​ អគ្គនាយ​កនៃ​នាយកដ្ឋាន​គាំទ្រ​សេវា​សុខភាព​របស់​ក្រសួង​សុខា​ភិបាល​ថៃ​ ដែល​ថ្លែង​ប្រាប់​អ្នក​កាសែត​។

លោក​វេជ្ជបណ្ឌិត​ Sura ​Visetsak ​មាន​ប្រសាសន៍​ថា​ ច្បាប់​ការពារ​កុមារ​ដែល​កើត​ដោយ​សារ​ជំនួយ​បច្ចេកវិទ្យា​សម្រាប់​បន្ត​ពូជត្រូវ​បាន​អនុម័ត​ ដើម្បី​អនុញ្ញាត​ឱ្យគូស្វាមី​ភរិយា​ដែល​រៀបការ​ស្រប​ច្បាប់ ​ប៉ុន្តែ​គ្មាន​កូនអាច​បង្កើត​កូន បាន​មួយ​វិញទៀត​ច្បាប់នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ទិញ​ដូរ​សម្រាប់​សេវា​ពពោះ​ជំនួស​នេះឡើយ​។

លោក​បាន​ពន្យល់ថា​ តាម​ច្បាប់ថៃ​គូស្វាមី​ភរិយា​ដែល​អាច​ស្វែងរក​សេវា​ពពោះ​ជំនួស​ត្រូវតែ​ទទួល​បាន​ការយល់​ព្រម​ពី​គណៈកម្មា​ធិការ​ដែល​មាន​ភារ​កិច្ច​ការពារ​ទារក​។

លោក​បន្ថែមថា៖ «មាន​តែ​គូស្នេហ៍​ថៃ​ដែល​រៀបការ​រួច​ប៉ុណ្ណោះ​ដែល​អាច​ស្វែង​រកសេវា​ពពោះ​ជំនួស​នៅ​ប្រទេស​ថៃ​បាន​។ យ៉ាង​ហោច​ណាស់​ប្ដី​ប្រពន្ធ​ម្នាក់​ត្រូវ​មាន​សញ្ជាតិ​ថៃ ​និង​ត្រូវ​តែ​រៀបការរួច​យ៉ាង​ហោច​ណាស់​បី​ឆ្នាំ។ ចំពោះ​អ្នក​ពពោះ​ជំនួស​ត្រូវតែ​មាន​កូន​យ៉ាង​តិចម្នាក់។ ​ប្រសិន​បើ​ស្ត្រី​រៀបការ​រួចចង់​ពពោះ​ជំនួស​ នាង​ត្រូវតែ​ទទួល​បាន​ការ​យល់​ព្រម​ពីប្តី​របស់​នាង​ជា​មុន​សិន​»។

នៅ​ប្រទេស​ថៃ ​ច្បាប់​ថៃ​បាន​ហាមឃាត់​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​បន្តពូជ​ដើម្បី​ជួញដូរ។​ ម្យ៉ាងទៀត​អំពើ​ទិញ​ដូរអូវុល​ មេ​ជីវិត​ឈ្មោល ​និង​អំប្រ៊ីយ៉ុង​ ក៏ត្រូវ​ចាត់ទុក​ថា​ជា​អំពើ​ខុសច្បាប់​។

ទាក់​ទង​នឹង​សេវាសុខ​ភាព​បន្តពូជ​វិញ​លោក​វេជ្ជបណ្ឌិត​ Sura Visetsak​ និយាយថា​ នៅ​ពេល​ដែលជំងឺ​ COVID​-19​ ធូរ​ស្រាល​មាន​គូស្វាមី​ភរិយា​បរទេស​មួយ​ចំនួន​បានទៅ​លេង​ប្រទេសថៃ​ ដើម្បី​ទទួល​ការ​ព្យាបាល​លើ​បញ្ហាដែល​ពួកគេ​មិនអាច​មានកូ​នបាន ។​ លោក​វេជ្ជបណ្ឌិត ​Sura Visetsak ថា ​មាន​មន្ទីរពេទ្យ ​និង​គ្លីនិករដ្ឋ ​និង​ឯកជន​ជាច្រើន​ដែលផ្តល់​សេវា​ ព្យាបាល​បញ្ហា​គ្មាន​កូននេះ​ ហើយ​ពួក​គេអាច​រក​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់ថៃ៕