ក្រុម​អ្នក​ជួយសង្គ្រោះ​នៅក្នុង​ប្រទេស​តួកគី និងស៊ីរី បាន​ទ្រាំនឹង​ភាព​​ត្រជាក់​យ៉ាង​ជូរចត់​កាល​ពី​ថ្ងៃអង្គារ​ ជា​​ប្រជែង​មួយ​នឹង​ពេល​វេលា ​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​នៅ​ក្រោម​អគារ​ដែល​បាក់រលំ ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​ បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ៧ ៨០០ ​នាក់ស្លាប់​។

ការញ័រ​រញ្ជួយ ​ដែល​បាន​ធ្វើឱ្យ​មាន​ការ​ប៉ះពាល់​កាន់​ខ្លាំង​នៅតំ​បន់​ព្រំដែន​ញាំញី​ដោយ​ជម្លោះ​រួចហើយ​ បាន​ធ្វើឱ្យ​មនុស្ស​នៅតាម​ដង​ផ្លូវ​ដុត​កម្ទេច​កម្ទី​ ដើម្បី​ភាព​កក់ក្តៅ នៅពេល​ដែល​ជំនួយ​អន្តរជាតិ បានចាប់​ផ្តើម​មកដល់​។

ប៉ុន្តែ​ដំណើរ​រឿង​នៃ​ការរ​ស់រាន​មាន​ជីវិត​ដ៏​ពិសេស​មួយ​ចំនួន បាន​លេចចេញ​ឡើង​ ក្នុង​នោះមាន​ទារក​ទើប​នឹង​កើត​ម្នាក់ ដែល​ត្រូវបាន​ទាញចេញ​ពី​គំនរបាក់​បែក​ក្នុង​ប្រទេស​ស៊ីរី ដែលទងផ្ចិត​របស់​នាង​ជាប់​ទៅ​នឹង​ម្តាយ​របស់​នាង ដែល​បាន​ស្លាប់​ នៅ​ក្នុង​បាតុភូត​រញ្ជួយដី កាល​ពីថ្ងៃចន្ទ​។

លោក Khalil al-Suwadi ដែលជា​សាច់ញាតិ​ បាន​ប្រាប់​សារព័ត៌​មាន​ AFP ថា៖​«​យើង​បាន​ឮ​សំឡេង​មួយ ខណៈ​ពេល​ដែល​យើង​កំពុង​ជីក​កកាយ​រក​។ «យើង​បាន​សម្អាត​ធូលីដី ហើយ​បាន​រកឃើញ​ទារក​ ដែល​មាន​ទងផ្ចិត (នៅដដែល) ដូច្នេះ​យើង​បាន​កាត់​វា ហើយ​បងប្អូនជីដូន​មួយ​របស់​ខ្ញុំ​បាន​នាំ​នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ​»។

ទារក ​គឺជា​អ្នក​នៅ​រស់រាន​មាន​ជីវិត​តែម្នាក់​គត់​នៃ​គ្រួសារ​របស់​នាង​ ដែល​ក្រៅពី​នេះ​ បាន​ស្លាប់​នៅក្នុង​ទីក្រុង Jindayris​ ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​។

រញ្ជួយ​ដី​កម្លាំង​ ៧,៨ រុិចទ័រ បាន​វាយ​ប្រហារ​កាល​ពី​ថ្ងៃចន្ទ ​ខណៈដែល​មនុស្ស កំពុង​ដេក​លង់​លក់ ធ្វើឱ្យ​សំណង់​រាប់ពាន់​ខ្នង​បាក់​រលំ និង​ធ្វើ​ប៉ះពាល់​ដល់​មនុស្ស​រាប់លាន​នាក់​។

អគារ​ជាច្រើន​ជួរ​ ​បាន​ដួល​រលំរាបដល់ដី​ ដោយ​បន្សល់​ទុក​នូវ​ការខូចខា​ត​យ៉ា​ងខ្លាំង​បំផុត​ ​នៅ​ក្បែរ​​ចំណុច​កណ្តាល​នៃ​រញ្ជួយ​ដី​នៅ​ចន្លោះ​​ទីក្រុង Gaziantep និង Kahramanmaras នៃ​ប្រទេស​តួកគី​។

ការបំផ្លិចបំផ្លាញទាំង​នេះ បាន​នាំឱ្យ​ប្រធានា​ធិបតី​តួកគី លោក រ៉េ​សិប​តៃ​យីប​ អេ​រ​ដូហ្គែន​ ប្រកាសភាព​អាសន្ន​រយៈ​ពេល​៣​ខែ នៅ​ក្នុង​ខេត្ត​ចំនួន ១០ ​នៅ​ភាគ​អាគ្នេយ៍ កាលពីថ្ងៃ​អង្គារ​។

ប្រទេស​រាប់​សិប​ក្នុង​នោះ​មាន​អាមេរិក ចិន និង​រដ្ឋ​ឈូងសមុទ្រ បាន​សន្យា​ជួយ ហើយ​ក្រុម​ស្វែងរក ក៏​ដូចជា​ការ​ផ្គត់ផ្គង់​ជំនួយបាន​ចាប់ផ្តើម​មក​ដល់​តាម​ផ្លូវ​អាកាស​៕