
ទាហានអាមេរិកស្រង់បាឡុងចារកម្មចិនពីមហាសមុទ្រអាត្លង់ទិកខាងជើង ដែលបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍។ រូបថត AFP
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី ៦ ខែកុម្ភៈ បានការពារការសម្រេចចិត្តពន្យារពេលបាញ់បាឡុងចារកម្មរបស់ចិនរហូតដល់វាអណ្ដែតហួសដីគោក ខណៈសេតវិមានអះអាងថា ព័ត៌មានស៊ើបការណ៍សម្ងាត់ដ៏មានតម្លៃត្រូវបានកាត់បន្ថយពីឧបករណ៍បំពាក់ជាមួយបាឡុង។
ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីចិនសម្ដែងការមិនពេញចិត្តខ្លាំង និងរិះគន់លើការប្រើកម្លាំងយោធា «ដោយមិនរើសមុខ» របស់អាមេរិក ក្នុងការបាញ់ទម្លាក់បាឡុង «ស៊ីវិល» ដែលប្រើក្នុងកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រដូចជាឧត្តុនិយមជាដើម។ យ៉ាងណាមិញ អាមេរិកចោទចិនថារំលោភលើដែនអាកាសរបស់ខ្លួន ដោយប្រើបាឡុងនោះដើម្បីស៊ើបការណ៍សម្ងាត់ ខណៈវាបានអណ្ដែតលើទី តាំងយោធាសំខាន់ៗរបស់អាមេរិក។
លោក បៃដិន បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ពេលវា (បាឡុង) អណ្ដែត មកដល់សហរដ្ឋអាមេរិកពីកាណាដាខ្ញុំបានប្រាប់ក្រសួងការពារជាតិថា ខ្ញុំចង់បាញ់វាឱ្យលឿនពេលដល់ពេល»។ លោកបន្តថា៖ «ពួកគេ (ក្រុមមន្ត្រី) បានសន្និដ្ឋានថា យើងមិនគួរបាញ់ឱ្យវាធ្លាក់លើដីគោកទេ។ វាមិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរ ហើយយើងគួរតែរង់ចាំរហូតដល់វាអណ្ដែតលើផ្ទៃទឹក»។
គួររំឭកថា អាមេរិកបានបាញ់ទម្លាក់បាឡុងចារកម្មចិនកាលពីថ្ងៃសៅរ៍ នៅពេលវាអណ្តែតដល់ឆ្នេរភាគខាងកើតនៃមហាសមុទ្រអាត្លង់ទិកខាងជើង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ឃើរប៊ី បានលើកឡើងថា អាមេរិកបានប្រមូលយកសំណល់មួយចំនួនចេញពីផ្ទៃសមុទ្រ ទោះបីជាលក្ខខណ្ឌអាកាសធាតុពិបាកធ្វើឱ្យខ្លួនបំពេញប្រតិ បត្តិការប្រមូលយកក្ដី។
លោក ឃើរប៊ី បានបន្ថែមថា វិធានការនានាត្រូវបានធ្វើឡើងដើម្បីធានាថា សមត្ថភាពក្នុងការស៊ើបការណ៍សម្ងាត់របស់ឧបករណ៍ដែលបំពាក់នៅលើបាឡុង ត្រូវបាន «កាត់បន្ថយ» ក្នុងអំឡុងពេលវាអណ្តែតលើដែនដីអាមេរិក»។
លោកបន្តថា៖ «យើងនៅតែវិភាគព័ត៌មានដែលយើងអាចប្រមូលបានពីបាឡុង មុនពេលយើងបាញ់វាទម្លាក់ ហើយឥឡូវនេះយើងនឹងប្រមូលយកកម្ទេចកម្ទីវាមកវិញ ហើយខ្ញុំសង្ស័យថា យើងអាចស្រាវជ្រាវបន្ថែមទៀត»៕