
ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងនាពេលកន្លងទៅ។ រូបថត AFP
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅ ថ្ងៃអង្គារ ទី ៧ ខែកុម្ភៈថា ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាពង្រីកសមយុទ្ធយោធា និងពង្រឹងជំហរត្រៀមធ្វើសង្គ្រាមរបស់ប្រទេស។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
KCNA ផ្សាយថា លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករដែលកំពុងកាន់អំណាចកាលពីថ្ងៃចន្ទ ដែលមន្ត្រីកូរ៉េខាងជើងបានពិភាក្សាគ្នាអំពី «កិច្ចការយោធា និងនយោបាយសំខាន់ៗ» សម្រាប់ឆ្នាំ ២០២៣ នេះ និង «បញ្ហារយៈពេលវែងទាក់ទងនឹងការតម្រង់ទិសសម្រាប់ ការពង្រឹងកងទ័ព» ។
KCNA បានគូសបញ្ជាក់ដោយសំដៅលើកងទ័ពប្រជាជនកូរ៉េ (KPA) ថា មានការសិក្សា និងពិភាក្សាគ្នាពីការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធឥតឈប់ឈររបស់ KPA «ដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតមាន និងធ្វើឱ្យមានភាពតឹងរ៉ឹងជាងនេះទៅទៀតលើការត្រៀមខ្លួនសម្រាប់សង្គ្រាម»។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងនៅពេលប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅថ្ងៃពុធ។ បើតាមរ៉យទ័រ រូបភាពពីផ្កាយរណបពាណិជ្ជកម្មបានបង្ហាញពីកងទ័ពកូរ៉េខាងជើងដែលកំពុងអនុវត្តក្បួនរបស់ខ្លួននៅទីក្រុងព្យុងយ៉ាងខណៈកូរ៉េខាងត្បូងក៏បាននិយាយផងដែរថា ខ្លួនកំពុងតាមដានសកម្មភាពពាក់ព័ន្ធដែលបានកើនឡើង។
កិច្ចប្រជុំយោធានេះក៏ធ្វើឡើងផងដែរបន្ទាប់ពីកូរ៉េខាងជើងកាលពីសប្ដាហ៍មុនបានថ្កោលទោស សមយុទ្ធដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយលើកឡើងថា សកម្មភាពយោធារបស់ពួកគេបានឈានដល់«បន្ទាត់ក្រហមខ្លាំង» និងគំរាមបង្វែរឧបទ្វីបកូរ៉េទៅជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរ។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសដំណើរទស្សនកិច្ចទៅកាន់កូរ៉េ ខាងត្បូងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍នឹងកិច្ចសន្ទនានោះទេ ដរាបណាទីក្រុងវ៉ាស៊ីនតោនបន្តគោលនយោបាយអរិភាពរបស់ខ្លួន។
មុនការថ្កោលទោសនោះ លោក Austin និងសមភាគីកូរ៉េខាងត្បូងបានលើកឡើងថាពួកគេនឹងពង្រីកសមយុទ្ធយោធា និងដាក់ពង្រាយ «ធនធានយុទ្ធសាស្ត្រ» បន្ថែមទៀតដូចជា នាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការអភិវឌ្ឍអាវុធរបស់កូរ៉េខាង ជើង និងទប់ស្កាត់សង្គ្រាម៕
វីដេអូ៖