
បុរសម្នាក់ ដើរកាត់គំនរបាក់បែកនៃអគារបាក់រលំក្នុងទីក្រុង Kahramanmaras កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ១ ថ្ងៃក្រោយពី រញ្ជួយដីកម្រិត ៧,៨ រិចទ័រ បានវាយប្រហារ ភាគអាគ្នេយ៍ប្រទេសតួកគី។
ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៣ នៅក្នុងតំបន់ខេត្តចំនួន ១០ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីចំនួន ២ លើកនិងដែលបានសម្លាប់មនុស្សជាង ៨ ៣០០ នាក់ និងបានបន្សល់ទុកនូវទ្រព្យសម្បត្តិដែលត្រូវបានបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេសតួកគី និងប្រទេសស៊ីរីទៀតផង។
១ ថ្ងៃ បន្ទាប់ពីការវាយប្រហារដោយគ្រោះរញ្ជួយដីក្រុមអ្នកជួយសង្គ្រោះជាច្រើនពាន់នាក់ បានចេញប្រតិបត្តិការក្នុងស្ថានភាពដ៏លំបាកជាខ្លាំង ពោលគឺត្រូវតស៊ូជីកយកមនុស្សចេញពីគំនរបាក់បែកនៃអគារដែលដួលរលំទាំងអស់នោះ។ទំហំនៃគ្រោះមហន្តរាយកាន់តែធំធេងបែបនេះចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងបន្ថែមទៀត។មន្ត្រីអង្គការសហប្រជាជាតិម្នាក់បានលើកឡើងថា៖ «ខ្ញុំមានការភ័យខ្លាចថា កុមាររាប់ពាន់នាក់ អាចនឹងត្រូវស្លាប់»។
អគាររាប់ពាន់ខ្នងត្រូវបានដួលរលំមន្ទីរពេទ្យ និងសាលារៀនត្រូវបានបានបំផ្លាញអស់ខ្ទេចខ្ទីហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានរងរបួស និងបាត់បង់ផ្ទះសំបែង ទាំងនៅក្នុងប្រទេសតួកគីនិងប្រទេសស៊ីរី។ គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនេះ គឺជាគ្រោះធម្មជាតិដ៏កាចសាហាវបំផុតមិនធ្លាប់កើតមាននៅក្នុងប្រទេសតួកគី គិតចាប់តាំងពីឆ្នាំ ១៩៩៩ មក។ ដោយឡែក កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ត្រូវបានរំខានដោយអាកាសធាតុត្រជាក់ខ្លាំង និងបានប៉ះពាល់ដល់ដំណើរការផ្តល់ជំនួយហើយបានធ្វើឱ្យស្ថានភាពអ្នកគ្មានផ្ទះសំបែង កាន់តែវេទនាថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ តំបន់ខ្លះគ្មានប្រេងឥន្ធនៈ និងអគ្គិសនីប្រើប្រាស់ទៀតផង។
ក្រុមមន្ត្រីដែលកំពុងចុះជួយសង្គ្រោះ បានសម្តែងការព្រួយបារម្ភជាពិសេសអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរីដែលទទួលរងទុក្ខរួចមកហើយដោយវិបត្តិមនុស្សធម៌បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១២ ឆ្នាំ បែរជាត្រូវមកជួបគ្រោះមហន្តរាយដ៏កាចសាហាវបែបនេះទៀត។នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារលោក Erdogan បានប្រកាសថា ខេត្តចំនួន ១០ របស់ប្រទេសតួកគី ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយមួយនេះ នឹងត្រូវដាក់ក្នុងភាពអាសន្នសម្រាប់រយៈពេល៣ ខែខាងមុខ។ការណ៍នេះនឹងអនុញ្ញាតឱ្យប្រធានាធិបតី និងគណៈរដ្ឋមន្ត្រីត្រូវបំពេញនីតិវិធីដោយត្រូវឆ្លងកាត់សភាក្នុងការអនុម័តច្បាប់ថ្មី និងកំណត់ ក៏ដូចជាព្យួរសិទ្ធិនិងសេរីភាពមួយចំនួនរបស់ពលរដ្ឋតួកគី។
លោក Erdogan ដែលនឹងត្រូវរៀបចំ និងឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិក្នុងខែមិថុថា ខាងមុខ បានលើកឡើងថារដ្ឋាភិបាលគ្រោងនឹងបើកសណ្ឋាគារនៅក្នុងមជ្ឈមណ្ឌលទេសចរណ៍នៃទីក្រុងអាន់តាល់យ៉ា (Antalya) នៅភាគខាងលិចប្រទេសដើម្បីធ្វើជាកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ពីការរញ្ជួយដីមួយនេះ។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥ ៨៩៤ នាក់នៅក្នុងប្រទេសតួកគី។ ដោយឡែក បើយោងតាមរដ្ឋាភិបាលនិងសេវាជួយសង្គ្រោះនៅភាគពាយព្យដែលកំពុងកាន់កាប់ដោយក្រុមបះបោរ បានឱ្យដឹងថា នៅក្នុងប្រទេសស៊ីរីវិញចំនួនអ្នកស្លាប់មានត្រឹមតែជាង ២ ៤៧០ នាក់ប៉ុណ្ណោះ។
អាជ្ញាធរតួកគីបានបញ្ជាក់ថាមនុស្សប្រមាណជា១៣,៥លាននាក់បានរងផលប៉ះពាល់នៅក្នុងតំបន់ដែលមានចម្ងាយប្រហែល៤៥០ គីឡូម៉ែត្រពីទីក្រុងអាដាណា(Adana)នៅភាគខាងលិច រហូតដល់ទីក្រុងឌីយ៉ាបាគៀ (Diyarbakir)នៅភាគខាងកើតនិងចម្ងាយប្រមាណជា៣០០ គីឡូម៉ែត្រពីទីក្រុងម៉ាឡាតយ៉ា(Malatya)នៅភាគខាងជើង រហូតដល់ទៅខេត្តហាថាយ (Hatay)នៅភាគខាងត្បូង។ រីឯអាជ្ញាធរស៊ីរីវិញ បានរាយការថាអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនេះបានកើតមាននៅឆ្ងាយរហូតដល់ទៅភាគខាងត្បូងនៃទីក្រុងហាម៉ា (Hama)ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីចំណុចកណ្តាលនៃតំបន់ចំណុចរញ្ជួយដី។
អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅទីក្រុងហ្សឺណែវថា «ឥឡូវនេះវាជាការប្រកួតប្រជែងនឹងពេលវេលា។ រៀងរាល់នាទីរៀងរាល់ម៉ោងដែលកន្លងផុតទៅឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិតបានថយចុះបន្តិចម្ដងៗ»។ នៅទូទាំងតំបន់កើតហេតុក្រុមអ្នកជួយសង្គ្រោះបានប្រឹងប្រែងពេញ ១ យប់និងរហូតដល់ព្រឹកព្រលឹមដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលមនុស្សជាច្រើនទៀតកំពុងរង់ចាំមើលនៅខាងក្រៅគំនរបាក់បែកដោយមានក្តីសង្ឃឹមថាមិត្តភក្តិនិងសាច់ញាតិរបស់ពួកគេអាចនឹងត្រូវបានរកឃើញនៅរស់រានមានជីវិត។
នៅក្នុងប្រទេសតួកគីទីក្រុងអាន់តាកយ៉ា (Antakya) នៃខេត្តហាថាយ ដែលស្ថិតនៅជិតព្រំដែនប្រទេសស៊ីរីគេបានឮសំឡេងស្ត្រីម្នាក់បានស្រែកអំពាវនាវឱ្យជួយនៅក្រោមគំនរបាក់បែក។ រីឯក្រុមអ្នកកាសែត Reuters បានឃើញសាកសពក្មេងតូចម្នាក់ដេកស្លាប់នៅក្បែរនោះទៀតផង។ កំពុងស្រែកយំក្រោមដំណក់ទឹកភ្លៀងពលរដ្ឋម្នាក់ដែលមានឈ្មោះថាដេនីស្ស (Deniz) បានឈរឱបដៃទាំងអស់សង្ឃឹម។
លោកបានមានប្រសាសន៍ថា «ពួកគេកំពុងតែបន្លឺសំឡេងប៉ុន្តែគ្មាននរណាមកជួយទេ។ យើងខ្ទេចខ្ទីអស់ហើយយើងខ្ទេចខ្ទីអស់ហើយព្រះអើយ... ពួកគេកំពុងស្រែកថាជួយយើងផង”ប៉ុន្តែយើងមិនអាចជួយសង្គ្រោះពួកគេបានទេតើយើងនឹងជួយសង្គ្រោះពួកគេដោយរបៀបណាទៅ? អត់ទាន់មានអ្នកជួយសង្គ្រោះមកដល់ទេតាំងពីព្រឹកព្រលឹមមកហើយ»។ លើសពីនេះ មានគ្រួសារខ្លះបានដេកក្នុងរថយន្ត ដែលកំពុងចតតម្រង់ជួរគ្នានៅតាមដងផ្លូវ។
កញ្ញាអាយឡា (Ayla)កំពុងឈរក្បែរគំនរកម្ទេចថ្មអគារ៨ ជាន់ ហើយបាននិយាយថាកាលពីថ្ងៃចន្ទ នាងបានបើកឡានឆ្ពោះមកកាន់ខេត្តហាថាយ ដោយចេញដំណើរពីទីក្រុង Gaziantep ដើម្បីទៅស្វែងរកម្តាយរបស់នាង។ ខណៈក្រុមអ្នកជួយសង្គ្រោះមកពីនាយកដ្ឋានពន្លត់អគ្គិ ភ័យអ៊ីស្តង់ប៊ុលកំពុងធ្វើការនៅក្នុងអគារបាក់បែកនៅក្បែរនោះ។នាងបានថ្លែងថា«រហូតមកទល់ពេលនេះ គេមិនទាន់អាចរកឃើញអ្នកនៅរស់នៅឡើយទេ»។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រាអាសន្ន (AFAD) របស់ប្រទេសតួកគី បានឱ្យដឹងថា អគារចំនួន ៥ ៧៧៥ ខ្នងត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីមួយនេះហើយមនុស្សជាង ២ ម៉ឺននាក់បានរងរបួស។រូបភាពពីយន្តហោះគ្មានមនុស្សបើកមួយដែលបានហោះពីលើខេត្តហាថាយ បង្ហាញពីប្លុកមួយដែលមានផ្ទះល្វែងយ៉ាងច្រើន បានដួលរលំគរជាន់លើគ្នាដែលនេះបង្ហាញថាចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាមានច្រើនជាងចំនួនសរុបបច្ចុប្បន្ន។
នៅទីក្រុងហ្សឺណែវអ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) លោក James Elder បានលើកឡើងថា៖ «ការរញ្ជួយដីដ៏កាចសាហាវនេះ ប្រហែលជាបានសម្លាប់កុមាររាប់ពាន់នាក់»។ លោកបានបន្តថា សាលារៀនមន្ទីរពេទ្យនិងបរិក្ខារពេទ្យនិងអគារអប់រំជាច្រើនទៀតត្រូវបានខូចខាតទាំងអស់។លោកបានបន្ថែមថាជនភៀសខ្លួននៅភាគពាយព្យប្រទេសស៊ីរីនិងនៅតួកគីគឺជាក្រុមមនុស្សដែលងាយរងគ្រោះបំផុត និងដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត។
នៅទីក្រុងហាម៉ា(Hama)ប្រទេសស៊ីរីវិញលោកAbdallah al Dahan បានគូសបញ្ជាក់ថាពិធីបុណ្យសពគ្រួសារជាច្រើនបានធ្វើឡើងកាលពីថ្ងៃអង្គារ។លោកបាននិយាយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា «វាជាទិដ្ឋភាពដ៏គួរឲ្យរន្ធត់ខ្លាំងបំផុត។ ពេញ១ ជីវិតរបស់ខ្ញុំខ្ញុំមិនដែលបានឃើញរឿងអ្វីដែលសោកសៅដូចព្រឹត្តិការណ៍នេះនោះទេ»។
គួរកត់សម្គាល់ថា វិហារអ៊ិស្លាមជាច្រើនកន្លែងបានបើកទ្វារទទួលដល់គ្រួសារណាដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរីមួយឈ្មោះថាSANA បានរាយការថាចំនួនអ្នកស្លាប់នៅក្នុងតំបន់កាន់កាប់ដោយរដ្ឋាភិបាលស៊ីរីបានកើនឡើងដល់៨១២នាក់។នៅតំបន់ភាគពាយព្យដែលកាន់កាប់ដោយក្រុមឧទ្ទាមចំនួនអ្នកស្លាប់មានច្រើនជាង៧៩០នាក់នេះបើយោងតាមកងការពារស៊ីវិលស៊ីរីដែលជាសេវាជួយសង្គ្រោះ និងដែលគេស្គាល់ថាជាក្រុមមួកពណ៌ស(White Helmets)និងល្បីល្បាញខាងការជីកយកមនុស្សចេញពីគំនរបាក់បែកដោយការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលកន្លងមក។
ប្រធានក្រុមលោកRaed al-Saleh បាននិយាយថា៖ «មានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ក្រុមពួកយើងប៉ុន្តែពួកគេមិនអាចឆ្លើយតបទៅនឹងគ្រោះមហន្តរាយនិងការដួលរលំអគារដ៏ច្រើនបែបនេះ បានទាន់ពេលភ្លាមៗនោះទេ»។លោកបានបន្តថា៖«យើងបានអស់ពេលវេលា ពោលគឺពួកយើងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះជនរងគ្រោះរាប់រយគ្រួសារទាំងអស់ដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារនោះទេដូច្នេះពួកយើងត្រូវការជំនួយជាបន្ទាន់ពីក្រុមអន្តរជាតិ»។
សម្រាប់មន្ត្រីមនុស្សធម៌អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីវិញ បានលើកឡើងថា«កង្វះប្រេងឥន្ធនៈនិងអាកាសធាតុដ៏អាក្រក់កំពុងបង្កជាឧបសគ្គសម្រាប់ក្រុមអ្នកជួយសង្គ្រោះ»។ លោក El-Mostafa Benlamlihដែលជាអ្នកសម្របសម្រួលក្នុងស្រុករបស់អង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន Reuters ពីទីក្រុងដាម៉ាស (Damascus) ប្រទេសស៊ីរីថា «ហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតផ្លូវដែលយើងធ្លាប់ប្រើប្រាស់សម្រាប់ការងារមនុស្សធម៌ក៏ត្រូវបានខូចខាតដូចគ្នា»។
មិនត្រឹមតែប៉ុណ្ណោះ បណ្ដាញអ៊ីធឺណិតក៏ដំណើរការមិនល្អហើយផ្លូវដែលឆ្លងកាត់ពីទីក្រុងមួយទៅកាន់ទីក្រុងមួយចំនួនទៀតនៅប្រទេសតួកគី ក៏ត្រូវរងការខូចខាត ដែលជាហេតុធ្វើឱ្យពិបាកក្នុងការធ្វើដំណើរចូលទៅវាយតម្លៃផលប៉ះពាល់ និងការដឹកជញ្ជូនជំនួយផ្សេងៗ៕