មេធំ​របស់​ក្រុមហ៊ុន​ Meta​ លោក ​Mark ​Zuckerberg​ ប្រកាស​ដាក់លក់​សេវា​កម្ម​ Meta Verified។ ​​ការ​ប្រកាសនេះ​ ធ្វើ​ឡើង​តាមរយៈ​គណនេយ្យ​ផ្លូវ​ការ​របស់​ Mark Zuckerberg​ កាល​ពី​យប់ថ្ងៃ​ទី ១៩ ​ខែកុម្ភៈ ​ម៉ោង​នៅកម្ពុជា​។

លោក ​Mark​ Zuckerberg ​លើក​ឡើងថា​ ក្រុមហ៊ុន​មេតានឹង​ដាក់​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ទិញ​សេវាកម្ម​Meta ​Verified ​ក្នុង​តម្លៃ​ចាប់​ពី​១១,៩៩​ដុល្លារ​ រហូត​ដល់​១៤,៩៩ដុល្លារ។​ លោក​បញ្ជាក់ថា​អ្នក​ប្រើប្រាស់​សេវានេះ ​អាច​ទទួល​បាន​កិច្ច​ការពារ​ការ​ក្លែងបន្លំ​ ព្រមទាំង​ទទួល​បាន​ការ​ចូល​ប្រើ​ដោយ​ផ្ទាល់​ទៅ​កាន់​ផ្នែក​ជំនួយ​អតិថិជន​។

លោក​Mark Zuckerberg​៖ «សប្តាហ៍នេះ ​យើង​ចាប់​ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់ ​Meta ​Verified ដែល​ជា​សេវាកម្មជាវ​ដែល​អនុញ្ញាត​ឱ្យអ្នក​ផ្ទៀង​ផ្ទាត់​គណនី​របស់​អ្នក​មាន​អត្ត​សញ្ញាណ​ប័ណ្ណ ​ហើយ​ទទួល​បាន​ផ្លាក​សញ្ញា​ពណ៌ខៀវ​» ។

លោក​បន្ថែម​ថា​ សេវា​កម្មថ្មី​ដើម្បី​ប្រមូល​លុយ​ពី​អ្នក​ប្រើប្រាស់​នេះ ​នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​ប្រទេស​អូស្ត្រាលី ​និង​ណូវែល​សេឡង់​ ហើយ​នឹង​ពង្រីក​ទៅកាន់​ប្រទេស​ដ៏ទៃ​ទៀត​។

លោក​Mark ​Zuckerberg៖«មុខងារ​ថ្មីនេះ​គឺ​អំពី​ការ​បង្កើន​ភាព​ត្រឹមត្រូវ​ និង​សុវត្ថិភាព​នៅគ្រប់​សេវា​កម្ម​របស់​យើង​»​។

រយៈ​ពេល១១​ម៉ោង​ក្រោយ​ពីមេធំ​ក្រុមហ៊ុន​មេតា ​ប្រកាស​ពី​សេវាកម្ម​Meta​ Verified​ មាន​មនុស្ស​រាប់ម៉ឺន​នាក់ ​បាន​ចូល​រួម​បញ្ចេញ​ទស្សនៈ​យល់ឃើញ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ Mark Zuckerberg។ ​មតិខ្លះ​រិះគន់ថា​ ក្រុមហ៊ុន​មេតា ​រៀនតាម​ធ្វីធើរ​ដែល​ដឹកនាំ​ដោយ​Elon Musk ។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​លើក​ឡើងថា​ ក្រុមហ៊ុន​មេតា​មិនគួរ​ណា​ប្រមូល​ប្រាក់ពី​អ្នក​ប្រើប្រាស់​ឡើយ ​ព្រោះ​សេវាកម្ម​ទាំង​អស់នេះ​គួរតែជា​សេវាកម្ម​ចម្បង​ដែល​ត្រូវ​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់។ ​ឆ្លើយនឹង​មតិ​បែបនេះ ​លោក ​Mark​ Zuckerberg ​លើក​ឡើង​ថា ​ក្រុមហ៊ុន​មេតា​បាន​ផ្ដល់​កិច្ច​ការពារ​ជា​មូលដ្ឋាន​ជូន​អ្នក​ប្រើប្រាស់​រួចហើយ​ ប៉ុន្តែ​សេវាកម្ម​ថ្មីនេះ​ជា​សេវា​កម្មបន្ថែម​ ដើម្បីឱ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​ទំនុកចិត្ត​និង​មាន​សុវត្ថិភាព​។

លោក​បញ្ជាក់​ថា ​៖«យើង​ផ្តល់​ការ​ការពារ ​និង​ការគាំទ្រ​មួយចំនួន​សម្រាប់​អ្នក​រាល់​គ្នា​រួចហើយ​។ ប៉ុន្តែ​ការផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​ប័ណ្ណ និង​ការ​អនុញ្ញាត​ឱ្យអ្នក​ប្រើប្រាស់​អាច​ចូល​ប្រើប្រាស់​ដោយ​ផ្ទាល់នៅ​ផ្នែកគាំទ្រ​អតិថិជន​សម្រាប់​មនុស្ស​រាប់លាន​នាក់ ​ឬ​រាប់ពាន់​លាន​នាក់​ ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​»៕