
អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai។ ហ្វេសប៊ុក
អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai ច្រានចោលព័ត៌មានដែលផ្សាយថា រូបលោក បានជួបគ្នាជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅហុងកុង ដើម្បីពិភាក្សាអំពីបេក្ខជនក្នុងបញ្ជីគណបក្សភឿថៃ។ ការអះអាងបែបនេះធ្វើឡើងនៅថ្ងៃទី២៦កុម្ភៈតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក ។
លោកPhumtham បានសរសេរនៅលើហ្វេសប៊ុកថា របាយការណ៍ព័ត៌មានដែលថាលោកហោះទៅទីក្រុងហុងកុងដើម្បីពិគ្រោះជាមួយលោកថាក់ស៊ីន គឺជារឿងមិនពិត។
លោកបញ្ជាក់ថា ស្ថានភាពសុខភាពបានរារាំងមិនឱ្យលោកធ្វើដំណើរតាមជើងហោះហើរនោះទេ ។ លោកអះអាងថា ចំពោះបេក្ខជនក្នុងបញ្ជីគណបក្សភឿថៃ ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស។
លោកសរសេរដោយពន្យល់ទៀតថា៖ «ខ្ញុំមិនអាចធ្វើដំណើរទៅបរទេស ឬធ្វើដំណើរខេត្តបានទេ ព្រោះខ្ញុំបានទទួលការប្តូរក្រលៀនកាលពីចុងឆ្នាំ ២០២២»។ក្រោយការវះកាត់ ខ្ញុំត្រូវសម្រាកព្យាបាលតែម្នាក់ឯងរយៈពេល ៤៥ ថ្ងៃ។
ទោះបីជារាងកាយរបស់ខ្ញុំបានធូរស្បើយហើយក៏ដោយ ប៉ុន្តែគ្រូពេទ្យបានណែនាំខ្ញុំឱ្យឈប់ធ្វើដំណើរ និងចៀស វាងទៅតំបន់ដែលមានមនុស្សច្រើនរហូតដល់ចុងខែមីនា»។
លោកបានបន្ថែមថា ការជ្រើសរើសបេក្ខជនក្នុងបញ្ជីគណបក្សគឺជាបន្ទុករបស់ប្រធានគណបក្ស អគ្គលេខាធិការគណបក្ស និងនាយកប្រតិបត្តិគណបក្ស។
ដំណើរការជ្រើសរើសបេក្ខជនតំណាងរាស្ត្ររបស់បក្សភឿថៃ ដែលនាយកប្រតិបត្តិគណបក្ស និងសមាជិកផ្សេងទៀតតែងតាំងបេក្ខជនស្របតាមច្បាប់គណបក្សនយោបាយ។ លោក Phumtham បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិនឹងអនុម័តបេក្ខជនចំនួន ១០០ នាក់ចុងក្រោយក្នុងបញ្ជីគណបក្សសម្រាប់ការបោះឆ្នោតពេលខាងមុខ។
ទោះបីជាថាក់ស៊ីនបានកំពុងរស់នៅក្នុងនិរទេសខ្លួនឯងក៏ដោយ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហានយោបាយថៃ នៅតែចាត់ទុកថា គាត់ជាមនុស្សមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើបក្សភឿថៃ ព្រោះតែបក្សអាវក្រហមនេះ ជាបក្សនយោបាយដែលកើតចេញពីបក្ស ថៃរ៉ាក់ថៃ និងគណបក្សអំណាចប្រជាជនដែលថាក់ស៊ីនដឹកនាំ។គណបក្សភឿថៃគ្រោងនឹងតែងតាំងកូនស្រីពៅរបស់ថាក់ស៊ី គឺលោកស្រី Paetongtarn Shinawatraជាបេក្ខជននាយករដ្ឋមន្ត្រីទៀតផងនៅក្នុងការបោះឆ្នោតសកលថៃលើកនេះ។
ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនៅខែឧសភាឆ្នាំ២០២៣នេះ។ អ្នកនយោបាយថៃផ្ដើមរៀបចំបេក្ខជនតាមមណ្ឌលនានា ដើម្បីប្រជែងរកសំឡេង ឆ្នោត ប្រជែងយកតំណែងនាយករដ្ឋមន្ត្រី។
ក្រុមសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធនឹងប្រទេសថៃធ្លាប់ព្រមានពីឥទ្ធិពលនៃព័ត៌មានក្លែងក្លាយក្នុងការបោះឆ្នោតនៅប្រទេសថៃ និងព្រមានឱ្យពលរដ្ឋថៃប្រុងប្រយ័ត្នទៀតផង៕
វីដេអូ៖