
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី លោក Matteo Piantedosi។ AFP
អាជ្ញាធរអ៊ីតាលីឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៥៩ នាក់ស្លាប់ក្នុងហេតុការណ៍លិចនាវាដឹកជនអន្តោប្រវេសន៍ឆ្លងដែនចូលអឺរ៉ុប។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ គេរកឃើញមានកុមារ ១២ នាក់។
ប៉ូលិសអ៊ីតាលី អះអាងថា ទូកក្ដោងឈើដឹកជនចំណាកស្រុកឆ្លងចូលទ្វីបអឺរ៉ុបនេះ បានបើកបុកនឹងថ្ម នៅជិតឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ីតាលី កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ កុម្ភៈ ម៉ោងនៅប្រទេសអ៊ីតាលី។
ទូកក្ដោងដែលជួបហេតុការណ៍ដ៏អាក្រក់នេះ បានធ្វើដំណើរពីប្រទេសតួកគី និងដឹកមនុស្សមកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀត។
ឧបទ្ទវហេតុនេះនាំឱ្យមានការជជែកពិភាក្សាឡើងវិញស្តីពីចរន្តនៃការធ្វើចំណាកស្រុកទៅអឺរ៉ុបនេះ។
អាជ្ញាធរតំបន់នៅប្រទេសអ៊ីតាលី លោក Manuela Curra បានប្រាប់អ្នកកាសែតថាមនុស្ស ៨១នាក់ បានរួចរស់ជីវិតពីការលិចទូកលើកនេះ។ក្នុងនោះមានមនុស្ស ២០នាក់ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យដែលម្នាក់ក្នុងចំណោមពួកគេកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី លោកMatteo Piantedosi ដែលបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ បាននិយាយថា មនុស្សពី ២០ទៅ ៣០នាក់ នៅតែបាត់ខ្លួននៅឡើយ។ លោកថា ទូកនេះ បានដឹកជនចំណាកស្រុកចន្លោះពី ១៥០ទៅ ២០០នាក់។
ប៉ូលិសអ៊ីតាលី បាននិយាយថា នាវានេះ បានធ្វើដំណើរចេញពីកំពង់ផែ Izmir ភាគខាងលិចនៃប្រទេសតួកគីកាលពី ៤ ថ្ងៃមុន និងត្រូវបានគេប្រទះឃើញនៅចម្ងាយ ៧៤គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីតាលី កាលពីល្ងាចថ្ងៃសៅរ៍។
ប៉ូលិស បាននិយាយថា អាជ្ញាធរ បានបញ្ចេញទូកល្បាតដើម្បីស្ទាក់ចាប់នាវានេះ ប៉ុន្តែអាកាសធាតុអាក្រក់រារាំងប្រតិបត្តិការនេះ។
មន្ត្រីគយរបស់អ៊ីតាលី លោកGuardia di Finanza និយាយថា អ្នកនៅរស់រានមានជីវិតម្នាក់ ត្រូវបានចាប់ខ្លួនពីបទជួញដូរមនុស្ស។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់នេះ និងបានស្តីបន្ទោសអ្នកជួញដូរមនុស្សដែលរកស៊ីរបរនេះ ដែលតែងតែសន្យាជាមួយអ្នកចង់ឆ្លងដែនថាជីវិតនឹងរុងរឿងពេលឆ្លងចូលអ៊ឺរ៉ុប ប៉ុន្តែ«ការរំពឹងទុកនេះ មិនពិតឡើយ មិនមានសុវត្ថិភាពនោះទេ»។
លោកស្រីបាននិយាយថា ៖«រដ្ឋាភិបាលប្តេជ្ញាទប់ស្កាត់ការចំណាកស្រុកព្រមទាំងបន្តអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាអតិបរមាពីប្រទេសសាម៉ី(របស់ជនអន្តោប្រវេសន្ដ) ដើម្បីដោះស្រាយបញ្ហានេះ»។
រដ្ឋបាលរបស់លោក ស្រីMeloni ធ្លាប់លើកឡើងថា អង្គការសប្បុរសធម៌ដែលធ្វើការងារលើកិច្ចការជួយសង្គ្រោះជនចំណាកស្រុកជាអ្នកលើកទឹកចិត្តជនចំណាកស្រុកឱ្យធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់ប្រទេសអ៊ីតាលី និង ពេលខ្លះធ្វើការជាមួយអ្នកជួញដូរមនុស្សទៀតផង។
ទោះជាយ៉ាងណា អង្គការសប្បុរសធម៌បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងអស់នេះ។ អង្គការសប្បុរសធម៌សង្គ្រោះជនចំណាកស្រុកអេស្ប៉ាញ Open Arms បានសរសេរក្នុង Twitter ថា ការបញ្ឈប់ទប់ស្កាត់ និង រារាំងការងាររបស់អង្គការក្រៅរដ្ឋាភិបាល (អង្គការមិនមែនរដ្ឋាភិបាល) នឹងមានឥទ្ធិពលតែ ១គត់ គឺនាំឱ្យជនងាយរងគ្រោះស្លាប់ និងត្រូវបានគេទុកចោលដោយគ្មានជំនួយ។
អ្នកនាំពាក្យអង្គការអន្តរជាតិ IOMបានអំពាវនាវតាម Twitter ឱ្យពង្រឹងប្រតិបត្តិការជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ។
ប្រទេសអ៊ីតាលីគឺជាទីកន្លែងឡើងគោកដ៏សំខាន់មួយ ដែលជនចំណាកស្រុកជាច្រើនឡើងគោកដើម្បីឆ្លងចូលទឹកដីអ៊ឺរ៉ុប ប៉ុន្តែជារឿយៗមានករណីគ្រោះថ្នាក់ជាច្រើនលើកច្រើនសាលើនាវាដឹកជនចំណាកស្រុកទាំងនោះ។
អង្គការសហប្រជាជាតិ បានចុះបញ្ជីនូវករណីមរណភាព និងបាត់ខ្លួនមនុស្សប្រមាណជាង ២០ ០០០នាក់ នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីឆ្នាំ ២០១៤មកដល់សព្វថ្ងៃ ។
ប្រភពដដែលរកឃើញថា នៅដើមឆ្នាំ២០២៣នេះ គេរកឃើញមនុស្សយ៉ាងតិចណាស់២២០នាក់ បានស្លាប់ ឬបាត់ខ្លួនរួចទៅហើយក្នុងករណីចំណាកស្រុកឆ្លងចូលអ៊ឺរ៉ុបតាមសមុទ្រនេះ៕