រដ្ឋបាល​របស់​ប្រធានា​ធិបតី​លោក ​ចូ បៃដិន​ (Joe Biden)​ កាល​ពី​ថ្ងៃចន្ទ​ បាន​និយាយថា ខ្លួននឹង​ចាត់វិធាន​ការ​បង្រ្កាប​បទល្មើស​កេង​ប្រវ័ញ្ជ​កម្លាំង​ពលកម្ម​ខុសច្បាប់​ទៅលើ​កុមារ​ចំណាកស្រុក ​នៅក្នុង​សហ​រដ្ឋអាមេរិក​។​

ក្នុង​រយៈពេល​៥ ឆ្នាំ​ក្រោយនេះ​គេ​សង្កេត​ឃើញថា កុ​មារ​ចំណាក​ស្រុកជាង ​៤​ ០០០​នាក់ បាន​ទទួល​រងការ​រំលោភ​បំពានច្បាប់​ការងារ​នៅ​ក្រោម​ក្រុមហ៊ុន​រាប់រយ​កន្លែង។​​បញ្ហានេះ ​បានធ្វើឱ្យ​រដ្ឋ​លេខាធិការ​នៃ​សេវាថែទាំ​សុខាភិបាល និង​មនុស្ស​ គឺ​លោក ​Xavier Becerra​ មាន​ការ​ព្រួយបារម្ភ​កាន់​តែខ្លាំង​ឡើងចំពោះ​ កុមារ​ចំណាក​ស្រុក ​ដែល​ត្រូវ​បាន​បណ្តេញចេញ ​ពី​ជម្រក​របស់​សហព័ន្ធ​លឿនពេក​ និង​បណ្តាល​ឱ្យពួកគេ​ធ្លាក់ចូលទៅ​ក្នុងស្ថា​នភាពងាយ​រងគ្រោះ ​ដែល​ទំនងជា​ក្លាយជា​ជន​រងគ្រោះ​នៃ​ពលកម្ម​កុមារ​ផងដែរ​។

យោង​តាម​វីដេអូថ្មី​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ ​និង​រាយការណ៍​ដំបូងដោយ​សារព័ត៌មាន ​The New York Times បាន​បង្ហាញថា​ ក្រុម​លេខាធិការ​បាន​ជំរុញ​ឱ្យ​បុគ្គលិក​របស់​គាត់នាំ​កុមារ​ចេញពី​ជម្រក​ ខូចខាច​មួយ​ចំនួន​របស់​រដ្ឋាភិ បាល​សហព័ន្ធឱ្យ​បាន​ឆាប់រហ័ស។ ​មិន​តែប៉ុណ្ណោះ ​តាម​ការស៊ើបអង្កេត​របស់​កាសែត​ដដែលនេះ ​បាន​កំណត់​អត្តសញ្ញាណ​កុមារ​ចំណាក​ស្រុកជាង​ ១០០ ​នាក់​ដោយ​ក្នុងនោះ​រួមមាន​ ក្មេងអាយុ​ ១២​ឆ្នាំ​ ដែល​បាន​រាយការណ៏​ប្រាប់​ដល់​កាសែតថា ​ពួកគេ​កំពុង​ធ្វើ​ការវេនយប់ ​និង​ការងារ​គ្រោះថ្នាក់​ខ្លះ​សម្រាប់​ក្រុមហ៊ុន​ទាំងធំ​ និងតូច​នៅ​ក្នុង​សហ​រដ្ឋអាមេរិក​។

គួរ​បញ្ជាក់​ផងដែរថា​ ចាត់តាំង​ពីលោក ​Joe Biden ឡើង​តំណែង​ជា​ប្រធានាធិ​បតីមក ​អាត្រា​ជន​ចំណាក​ស្រុក រួម​ទាំងកុមារ​ធ្វើ​ដំណើរម្នាក់​ឯងមកកាន់​សហ​រដ្ឋអាមេរិក ​កើន​ឡើង ​៣៧%​ ឬ២ ដង​នៃ​កម្រិត​ខ្ពស់​បំផុត​បើ​ធៀប​ទៅនិង​អាណ្ណត្តិ ​Donald Trump ​ឆ្នាំ​២០១៩​។

កាលពីថ្ងៃ​ចន្ទ​ផងដែរ ​HHS និង​នាយកដ្ឋាន​ការងារ​ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ថ្មី​ក្នុង​ការងារ​ រួមទាំង​សន្យាថា​នឹង​បង្កើន​ការ​តាម​ដានឱ្យ​ កាន់​តែខ្លាំង​ទៅលើ​កុមារ​ដែល​បាន​ផ្លាស់ប្តូរ​ទី​ជម្រក​ទៅ​រស់នៅ​ជា​មួយ​អ្នក​ឧបត្ថម្ភ​នៅ​សហ​រដ្ឋអាមេរិក​ ដោយ​ទីភ្នាក់ងារ​ទាំងអស់នោះ​និង​ជួយ​កុមារ​ចំណាកស្រុក​ឱ្យចុះឈ្មោះ​ចូលរៀន​ និង​តម្រូវឱ្យ​បុគ្គលិក​តាម​មជ្ឈ​មណ្ឌល​នីមួយៗ​តាមដាន​កុមារ​និង​រាយការណ៏​ពី​សុវត្ថិភាព​របស់​ពួកគេ​។

ក្រៅពីនេះ ​ក្រសួង​ការងារ​ក៏​បាន​គំរាម​បញ្ឈប់​ការ​ដឹកជញ្ជូន​ផលិតផល​ដែល​ផលិត​ដោយ​កម្លាំង​ពលកម្ម​កុមារ​ផងដែរ៕