
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីងកែន (ឆ្វេង)និងរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោ Mukhtar Tleuberdi ចាប់ដៃគ្នាក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅក្រសួងការបរទេស ក្នុងទីក្រុងអាស្តាណា នៅថ្ងៃទី ២៨ខែកុម្ភៈ ឆ្នាំ ២០២៣។ AFP
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken អះអាងពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះការធា នាគាំទ្រឯករាជភាពរបស់កាហ្សាក់ស្ថាន។ ការអះអាងបែបនេះ ធ្វើឡើងក្នុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន នៅថ្ងៃអង្គារ ទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមគម្រោងលោកBlinken នឹងធ្វើទស្សនកិច្ចនៅអ៊ូសបេគីស្ថាន និងគ្រោងជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃអតីតសាធារណរដ្ឋសូវៀតទាំង៥ នៅអាស៊ីកណ្តាល ដែលជាប់នឹងដែនឥទ្ធិពលរបស់ចិនផងនោះ មុននឹងបន្តដំណើរទៅឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG20។
លោក Blinken បាននិយាយនៅក្នុងកិច្ចពិភាក្សានៅក្រសួងការបរទេសកាហ្សាក់ស្ថានថា៖«ដូចដែលអ្នកដឹងស្រាប់ហើយថា សហរដ្ឋអាមេរិកគាំទ្រយ៉ាងខ្លាំងចំពោះអធិបតេយ្យភាព ឯករាជភាព និងបូរណភាពទឹកដីរបស់ប្រទេសកាហ្សាក់ស្ថាន»។
Blinken បានធ្វើដំណើរទៅកាន់វិមានប្រធានាធិបតីកាហ្សាក់ស្ថានដើម្បីជួបជាមួយប្រធានាធិបតី Kassym-Jomart Tokayev ។មេដឹកនាំកាហ្សាក់ស្ថាន ថ្លែងកោតសរសើរចំពោះអាមេរិកដែលការគាំទ្រអធិបតេយ្យភាពរបស់កាហ្សាក់ស្ថាន។
មេដឹកនាំកាហ្សាក់ស្ថាន បាននិយាយថា៖«យើងបានកសាងភាពជាដៃគូរយៈពេលវែងដ៏ល្អ និងគួរឱ្យទុកចិត្តបាននៅក្នុងវិស័យសំខាន់ៗជាយុទ្ធសាស្រ្តជាច្រើន» ជាមួយសហរដ្ឋអាមេរិក។ លោកបន្ថែមថា លោក Blinken បានប្រាប់គាត់ ថា សហរដ្ឋអាមេរិកបានធ្វើការបោះជំហានដ៏សំខាន់សម្រាប់ទំនាក់ទំនងកាន់តែខ្លាំងជាមួយកាហ្សាក់ស្ថានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនឹងស្វែងរកមធ្យោបាយជាក់ស្តែង ដើម្បីធ្វើការងារបន្ថែមទៀតជាមួយប្រទេសអាស៊ីកណ្តាល ដែលរួមមាន កៀហ្ស៊ីគីស្ថាន តាហ្ស៊ីគីស្ថាន តួម៉េនីស្ថាន និងអ៊ូសបេគីស្ថាន។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើឡើងមិនដល់១ សប្ដាហ៍ផង ក្រោយខួប១ ឆ្នាំនៃការឈ្លានរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន។
ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក បានព្យាយាមទាញប្រទេសតំបន់អាស៊ីកណ្តាលពីឥទ្ធិពលរបស់រុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្ដីសម្រេចលើកលែងទណ្ឌកម្មសម្រាប់ក្រុមហ៊ុន Caspian Pipeline Consortium ដែលដឹកជញ្ជូនប្រេងកាហ្សាក់ស្ថានទៅកាន់លោកខាងលិច និងឆ្លងកាត់ប្រទេសរុស្ស៊ី។
កាលពីសប្តាហ៍មុនប្រជាជាតិអាស៊ីកណ្តាល បានបោះឆ្នោតអនុប្បវាទ ជុំវិញដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលទាមទារឱ្យក្រុងម៉ូស្គូដកទ័ពចេញពីអ៊ុយក្រែន។ អ្នកជំនាញលើកឡើងថា ប្រទេសទាំងនោះទំនងជាបារម្ភពីការគាប សង្កត់របស់រុស្ស៊ីនិងមិនចង់ឱ្យរុស្សីថ្នាំងថ្នាក់ទើបសម្រេចដូច្នេះ។
កាហ្សាក់ស្ថាន មានព្រំដែនប្រវែង៧ពាន់៦៤៤ គីឡូម៉ែត្រជាប់ជាមួយរុស្ស៊ី។ ប៉ុន្តែប្រទេសនេះ បានស្វាគមន៍ជនជាតិ រុស្សីដែលរត់ចេញពីការបម្រើយោធាទៅជ្រកកោនប្រទេសខ្លួន និង អំពាវនាវឱ្យមានដំណោះស្រាយការទូតព្រមទាំងអនុវត្តច្បាប់អន្តរជាតិ។
ថ្មីៗនេះប្រធានាធិបតីកាហ្សាក់ស្ថាន បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ខណៈដែលលោកបានទៅជួបលោក Putin កាលពីឆ្នាំមុន ដើម្បីបញ្ជាក់ទំនាក់ទំនងប្រទេសទាំង២៕
វីដេអូ៖