​នៅក្នុង​កិច្ចប្រជុំ G20 នៅក្នុង​ទីក្រុង​ញូ​វ​ដេលី កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រី​បរទេស​ឥណ្ឌា និង​ចិន​បានលើកឡើង​ពី​ការរួបរួម​គ្នា​បញ្ឈប់​ទំ​នាក់​ទំនង​ដែលមាន​ភាព​តានតឹង​នៅតាម​ព្រំដែន​ចាប់តាំងពី​ឆ្នាំ ២០២០ ​មក​។

​តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​សម​ភាគី​ចិន លោក Qin Gang និង​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar បាន​សង្កត់ធ្ងន់​ទៅលើ​ដំណោះស្រាយ​បញ្ហា​ដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈមមុខ​នាពេល​បច្ចុប្បន្ន ដែល​ទាក់ទង​ទៅនឹង​សន្តិភាព និង​ភាពស្ងប់ស្ងាត់​នៅតាម​តំបន់​ព្រំដែន​ជាដើម​។ មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Jaishankar ក៏បាន​និយាយ​បន្ថែម​នៅក្នុង​សារព័ត៌មាន​មួយ​ផងដែរ​ថា ៖«​មាន​បញ្ហា​ពិតប្រាកដ​ណាស់​នៅក្នុង​ទំនាក់ទំនង​យើង​ដែល​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ ហើយ​ត្រូវ​ពិភាក្សា​ដោយ​បើកចំហ និង​ស្មោះត្រង់​រវាង​ពួកយើង នោះ​ហើយ​ជា​អ្វីដែល​យើង​ព្យាយាម​ធ្វើ​នៅថ្ងៃនេះ​»​។

​កិច្ចពិភាក្សា​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​អ្នកស្រី Mao Ning បាន​និយាយថា ប្រទេស​ចិន​នឹង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ឥណ្ឌា​។ លោកស្រី​ក៏បាន​បន្តទៀតថា​៖«​ការរក្សា​ចំណងមិត្តភាព​ល្អ​រវាង​ប្រទេសជិតខាង​ទាំងពីរ​គឺជា​មូលដ្ឋាន​សម្រាប់​ផលប្រយោជន៍​របស់​ពួកគេ​»​។

​គួរបញ្ជាក់​ផងដែរ​ថា ឥណ្ឌា​និង​ចិន​បានធ្វើ​សង្គ្រាម​តាម​ច្រកព្រំដែន​កាលពី​ឆ្នាំ ១៩៦២ មក ហើយ​ត្រូវបាន​រលុប​វិញ​ក្រោយ​ការ​គូសបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​ថ្មីៗ​នេះ ទំនាក់ទំនង​រវាង​ទីក្រុង​ញូ​វ​ដេលី និង​ទីក្រុង​ប៉េកាំង​បាន​ធ្លាក់ចុះ នៅពេលដែល​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពី​ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ​រវាង​ទាហាន​ឥណ្ឌា និង​ចិន​នៅតាម​ព្រំដែន​ដីគោក​របស់​ពួកគេ​នៅក្នុង​តំបន់ Ladakh​។ ជា​លទ្ធផល ទាហាន​ឥណ្ឌា ២០ នាក់ និង​ចិន ៤ នាក់​ត្រូវបាន​បាត់បង់​ជីវិត​នៅក្នុង​ការប៉ះទង្គិច​គ្នា​នេះ​។

​លើសពីនេះទៅទៀត ភាគី​ទាំងសងខាង​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ក្រោម​មូលហេតុ​ឈ្លានពាន​ឆ្លងកាត់​ព្រំដែន ដែល​ជាក់ស្តែង​តំបន់​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បន្ទាត់​នៃ​ការគ្រប់គ្រង​រវាង​ប្រទេស​ទាំងពីរ​។ ក្នុងនោះ​ផងដែរ​បឹង Pangong ដែល​ស្ថិតនៅ​កម្ពស់ ៤២៧០ ម៉ែត្រ ពីលើ​នីវ៉ូ​ទឹកសមុទ្រ​នៅ Ladakh គឺជា​ចំណុច​មួយ​ដ៏​សំខាន់​ក្នុងការ​បំភ្លឺ​រវាង​ព្រំដែន​ប្រទេស​ទាំងពីរ​នេះ​។ មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចាប់តាំងពី​ពេល​នោះមក បើទោះបី​ជាមាន​ការចរចា​ចំនួន ១៧ លើក​រវាង​មេបញ្ជាការ​យោធា​ឥណ្ឌា និង​ចិន​ក៏ដោយ​។​

​ចាប់​តាំង​ពេល​នោះមក​ប្រទេស​ចិន​បាន​សាងសង់​រចនាសម្ព័ន្ធ​ការពារ​អាកាសធាតុ​ដ៏​ធំ នៅតាម​ខ្សែបន្ទាត់​គ្រប់គ្រង​ព្រំដែន នៅ​ភាគ​ខាងកើត Ladakh ដែលជា​បន្ទាយ​សម្រាប់​ក​ង​ទ័ព​របស់​ពួកគេ​ស្នាក់​នៅក្នុង​រដូវរងា​។ ក្នុងនោះ​រួមមាន ឧទ្ធម្ភាគចក្រ​ថ្មី ការពង្រីក​ផ្លូវអាកាស ទីតាំង​មី​ស៊ី​លពី​ដី​ទៅ​អាកាស​ថ្មី និង​ទីតាំង​រ៉ា​ដា​។

​កាលពី​ខែកុម្ភៈ​ឆ្នាំមុន ឥណ្ឌា និង​ចិន​បាន​ដកទ័ព​ចេញពី​ទីតាំង​មួយចំនួន​នៅលើ​ច្រាំង​ខាងជើង និង​ខាងត្បូង​នៃ​បឹង Pangong នៅ Gogra និង​ជ្រលង Galwan ក្នុង Ladakh​។ ទោះជា​យ៉ាងណាក៏ដោយ ភាគី​ទាំងពីរ​ក៏​នៅតែ​បន្ត​រក្សា​កម្លាំង​របស់ខ្លួន​នៅក្នុង​តំបន់​ដដែល​ផងដែរ​។ ហើយ សព្វថ្ងៃនេះ ប្រទេស​ចិន​កំពុង​កាន់កាប់ ទឹកដី​ជាង ៣៨០០០ គីឡូម៉ែត្រ​ការ៉េ នៃ​តំបន់​ខ្ពង់រាប Aksai Chin ដែល​ឥណ្ឌា​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ Ladakh៕​