
ទឹកភ្លៀងលិចទីក្រុងមួយចំនួននៅខេត្តភាគខាងត្បូងម៉ាឡេស៊ី។ AFP
ស្ថានភាពជំនន់ទឹកភ្លៀងនៅម៉ាឡេស៊ីកាន់តែអាក្រក់ទៅៗ ខណៈ រដ្ឋ Johor នៅភាគខាងត្បូងបំផុតនៃប្រទេសនេះ មាន កំណត់ត្រាភ្លៀងធ្លាក់ច្រើនបំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី ៥ ខែមីនា។
របាយការណ៍ពីអាជ្ញាធរម៉ាឡេស៊ីនៅកាលពីថ្ងៃអាទិត្យ ៥ មីនា បង្ហាញថា ដោយទីក្រុង Johor បានរងគ្រោះខ្លាំងជាងគេក្នុងចំណោមរដ្ឋទាំងអស់នៅម៉ាឡេស៊ី ដោយអាជ្ញាធរបានជម្លៀសមនុស្សជាង៤៤ ៨០០ នាក់ទៅកាន់ទីកន្លែងមានសុវត្ថិភាព។
បរិមាណទឹកភ្លៀងដែលបានកត់ត្រានៅស្ថានីយឧតុនិយម Air Panas ក្នុងទីក្រុង Segamat សម្រាប់រយៈពេលចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា មានកម្រិត ៧៣១ មិលី្លម៉ែត្រ ដែលចំនួននេះខ្ពស់បំផុតបើប្រៀបធៀបទៅនឹងកំណត់ត្រាទឹកភ្លៀងប្រចាំខែខ្ពស់បំផុតក្នុងខែធ្នូ១៩៩១ និងខែធ្នូ ២០០៦ ។កំណត់ត្រាទឹកភ្លៀងនៅខែធ្នូ ឆ្នាំ១៩៩១ មានកម្ពស់៦២១ មិលី្លម៉ែត្រក្នុង១ខែខណៈដែលភ្លៀងធ្លាក់នៅខែធ្នូ ឆ្នាំ២០០៦ មានកម្ពស់ ៥៩៩មិលី្លម៉ែត្រក្នុង១ខែ។
លោកMd Nasir Md Noh អគ្គនាយកនៃនាយកដ្ឋានធារាសាស្ត្រនៃប្រទេសម៉ាឡេស៊ី បាននិយាយថា ៖«ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យស្រុកទាំង១០៥នៅក្នុងទីក្រុង Johor ត្រូវជន់លិច ដែលជម្រៅទឹកជំនន់សម្រាប់តំបន់រងផលប៉ះពាល់មានកម្ពស់ចាប់ពី ១ ទៅ ៣ ម៉ែត្រ។
ប៉ូលិសម៉ាឡេស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ចាប់តាំងពីថ្ងៃពុធ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងតាមដានករណីជំងឺឆ្លងតាមទឹកបន្ទាប់ពីទឹកជំនន់ ជាពិសេសជំងឺអាសន្នរោគ និងការពុលអាហារ។
លោកស្រីវេជ្ជបណ្ឌិតZaliha Mustafa រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ៖«យើងក៏នឹងប្រមូលផ្តុំក្រុមផ្សេងទៀតសម្រាប់ការងារសម្អាត ជាពិសេសនៅតាមគ្រឹះស្ថានសុខាភិបាលដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ»។
អ្នកស្រីបន្ថែមថា សកម្មភាពទាំងនេះរួមមានការបាញ់ថ្នាំសម្លាប់មេរោគ និងការបង្កើតគ្លីនិកចល័តដើម្បីផ្តល់ការសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះដោយទឹកជំនន់។
លោកស្រីបន្ថែមថា បុគ្គលិកសុខាភិបាលក៏នឹងពិនិត្យជំងឺកូវីដ១៩ លើពលរដ្ឋដែលត្រូវបានជម្លៀសដោយទឹកជំនន់មករស់នៅក្នុងមណ្ឌលសុវត្ថិភាព៕