បាតុករ និងប៉ូលិសក្រិក ប៉ះទង្គិចគ្នានៅបាតុកម្មមួយទាក់ទងនឹងរឿងរថភ្លើងបុកគ្នា។ មនុស្សម្នារាប់ពាន់នាក់ បានចុះតវ៉ាតាមដងផ្លូវ​ កាលពីថ្ងៃអាទិត្យ ដោយ​អ្នក​ខ្លះ​បាន​គប់​ដបសាំង និង​ដុតធុង​សំរាម​ជាច្រើន​ដាក់ប៉ូលិស​ខណៈ​ដែល​ក្រុមប៉ូលិស​ក្រិក​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​គប់​គ្រាប់​បែក​បំផ្ទុះ​ឧស្ម័ន ដើម្បីបំបែកបាតុករ។

មនុស្សជាង ១២ ០០០ នាក់ បានប្រមូលផ្តុំគ្នាឈរតវ៉ានៅពីមុខសភាប្រទេសក្រិក ដើម្បី​ទាមទារ​រដ្ឋ​អំណាច​ទទួលខុស​ត្រូវចំពោះ ឧបទ្ទវហេតុរថភ្លើង២បានបុកគ្នា បណ្ដាលឱ្យមនុស្សជិត​ ៦០ នាក់ស្លាប់ កាលពីសប្ដាហ៍មុន។ ពួកគេទាំងនោះបាននាំគ្នាស្រែកព្រមៗគ្នាថា៖«ឧក្រិដ្ឋកម្មនេះមិនត្រូវបានគេបំភ្លេចឡើយ»។

ក្រុមអ្នកតវ៉ាអះអាងថា គ្រោះមហន្តរាយរថភ្លើងបុកគ្នា បណ្ដាលមកពីកង្វះស្លាកសញ្ញាត្រឹមត្រូវ សម្រាប់​បញ្ជា​ចរាចរណ៍ផ្លូវដែក និង ភាព​អន់ថយ​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បន្ទាប់​ពី​ឧបទ្ទវហេតុនេះ។

នាយករដ្ឋមន្ត្រីប្រទេសក្រិក លោក Kyriakos Mitsotakis បានបង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​កាលពីថ្ងៃអាទិត្យនេះ​ថា៖ «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំ​ជំពាក់​អ្នករាល់​គ្នា ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​ដែល​បាត់បង់​សាច់ញាតិ ខ្ញុំសុំទោស។ ការស៊ើប​អង្កេត​កំពុង​បន្ត​ដើម្បី​ស្វែងរក​យុត្តធម៌សម្រាប់​អ្នក​ទាំងអស់គ្នា»។

លោកបានបន្ថែមទៀតថា ប្រទេសក្រិកស្នើសុំជំនួយពីសហភាពអឺរ៉ុបក្នុងការកែលម្អស្ថានភាពផ្លូវដែកសារជាថ្មីក្នុងពេលឆាប់ៗនេះ​៕​