
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng ពេលឆ្លើយនៅក្នុងរដ្ឋសភាតៃវ៉ាន់។ AFP
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានព្រមានកាលពីថ្ងៃចន្ទ ទី ៦ ខែមីនាថា នៅឆ្នាំនេះតៃវ៉ាន់ ត្រូវតែប្រុងប្រយ័ត្ន ចំពោះ «ការចូលលុកលុយភ្លាមៗ» ដោយយោធាចិន ទៅក្នុងតំបន់ជិតនឹងទឹកដីរបស់ខ្លួន ចំពេលមានភាពតានតឹងផ្នែកយោធាកើនឡើង។
ប្រទេសចិន បានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការលុកលុយរបស់កងទ័ពអាកាសចិន ចូលកៀកៗដែនអាកាសកោះតៃវ៉ាន់។
តៃវ៉ាន់ធ្លាប់បានបាញ់ទម្លាក់ដ្រូនស៊ីវិល ដែលបានចូលដែនអាកាសរបស់ខ្លួននៅជិតកោះមួយកាលពីឆ្នាំមុន។
ឆ្លើយសំណួររបស់សមាជិកសភាក្នុងសភា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu បាននិយាយថា កងទ័ពរំដោះប្រជាជនចិន (PLA) អាចនឹងរកលេសដើម្បីចូលទៅកាន់តំបន់ជិតដែនអាកាស និងដែនសមុទ្ររបស់កោះតៃវ៉ាន់ នៅពេលដែលកោះនេះបង្កើនទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក។
លោកបាននិយាយថា កងទ័ពចិន អាចនឹង "ការចូលភ្លាមៗ" ចូលទៅក្នុងតំបន់កៀកនឹងតៃវ៉ាន់ និងចូលទៅជិតដែនទឹកតៃវ៉ាន់ ដែលកោះនេះកំណត់ថាមានចម្ងាយ 22.2 គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
ប្រទេសចិនកាលពីឆ្នាំមុនបានធ្វើសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនមកនៅជុំវិញកោះតៃវ៉ាន់ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់តៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng ប្រទេសចិនកំពុងស្វែងរក ៖«បង្កើតបញ្ហានៅក្រោមលេសជាក់លាក់មួយ»។
ពេលដែលសមាជិកសភាសួរថា តើសហរដ្ឋអាមេរិកមានគម្រោងរក្សាទុកយុទ្ធោបករណ៍មួយចំនួនរបស់ខ្លួននៅតៃវ៉ាន់ឬអត់នោះ លោក Chiu បាននិយាយថា ការពិភាក្សាបែបនេះកំពុងបន្ត ប៉ុន្តែលោកបានបដិសេធដោយមិនបញ្ជាក់លម្អិតនោះទេ។
សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់។ការណ៍ដែលសហរដ្ឋអាមេរិកបង្កើនការគាំទ្រចំពោះកោះប្រជាធិបតេយ្យមួយនេះ ជាការបន្ថែមភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនឱ្យកាន់តែខ្លាំងថែមទៀត។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា ចាប់តាំងពីប្រទេសចិន បានបោះបង់ចោលកិច្ចព្រមព្រៀងស្តីពីការចល័តយោធានៅច្រកសមុទ្ររូចមកនោះ យោធា តៃវ៉ាន់បានត្រៀមលក្ខណៈបាញ់ទម្លាក់ ប្រសិនបើមានករណីយន្តហោះគ្មានមនុស្សបើក ឬប៉េងប៉ោងរបស់ចិន ហោះចូលក្នុងដែនដីរបស់ខ្លួននោះ៕
វីដេអូ៖