
កូរ៉េខាងជើងបាញ់តេស្តមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) "Hwasong-15" នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ AFP
ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣ ភ្នាក់ងារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើង បានរាយការណ៍ថាប្រទេសកូរ៉េខាងជើង បានលើកឡើងថា ប្រសិនបើមានការបាញ់ទម្លាក់មីស៊ីលសាកល្បងរបស់ខ្លួន នោះនឹងត្រូវបានចាត់ទុកថាជាការប្រកាសសង្គ្រាម។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើងក៏បានស្តីបន្ទោសចំពោះការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈភាពតានតឹង កំពុងកើនឡើងកាន់តែខ្លាំង។
លោកស្រី គីម យូចុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានថាទីក្រុងព្យុងយ៉ាងនឹងចាត់ទុកថា ជាការប្រកាសសង្គ្រាមប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធាប្រឆាំងនឹងការធ្វើតេស្តអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។
លោកស្រី ក៏បានបញ្ជាក់ប្រាប់ផងដែរថា កូរ៉េខាងជើង អាចនឹងបាញ់មីស៊ីលបន្ថែមទៀតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កន្លងមក សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនមិនធ្លាប់បានបាញ់ទម្លាក់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងនោះទេ ក៏ព្រោះតែត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែការហាមឃាត់នេះ អាចនឹងត្រូវបានពិចារណាសាជាថ្មី ដោយសារតែកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងបាញ់មីស៊ីលហោះរំលងប្រទេសជប៉ុនបន្ថែមទៀត។
លោកស្រីគីម បានលើកឡើងថា៖«មហាសមុទ្រប៉ាស៊ីហ្វិកមិនមែនជាកម្មសិទ្ធិរបស់អាមេរិកឬជប៉ុននោះទេ»។ បន្ថែមលើនេះ ក្រុមអ្នកវិភាគបានយល់ឃើញថា ប្រសិនបើកូរ៉េខាងជើងធ្វើដូចតាមអ្វីដែលប្រទេសនេះ បានគំរាមកំហែងកន្លងដូចជាការប្រែក្លាយមហាសមុទ្រប៉ាស៊ីហ្វិកទៅជាតំបន់ប្រយុទ្ធនោះវានឹងអនុញ្ញាតឱ្យរដ្ឋមួយនេះកាន់តែមានភាពជឿនលឿនផ្នែកបច្ចេកទេសបន្ថែមពីលើកម្លាំងយោធារបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយប្រធានផ្នែកព័ត៌មានបរទេសនៅក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរដោយធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 កាលពីថ្ងៃចន្ទ និងបានរៀបចំផែនការធ្វើសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូង។
ជាការឆ្លើយតប ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងដែលធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងទំនាក់ទំនងជាមួយកូរ៉េខាងជើងបានលើកឡើងថា៖«ការអភិវឌ្ឍនុយក្លេអ៊ែរនិងមីស៊ីលតាមចិត្តចង់របស់ទីក្រុងព្យុងយ៉ាងនេះហើយគឺជាការណ៍ដែលធ្វើឱ្យភាពតានតឹងកាន់តែយ៉ាប់យ៉ឺន»។
គួរដឹងដែរថា សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52 សម្រាប់ធ្វើសមយុទ្ធរួមគ្នាជាមួយយន្តហោះចម្បាំងកូរ៉េខាងត្បូង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានលើកឡើងផងដែរថាវាគឺជាការបង្ហាញពីកម្លាំងប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។
នៅសប្តាហ៍ក្រោយនេះ ប្រទេសទាំង ២ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយដែលត្រូវប្រើប្រាស់រយៈពេលជាង ១០ ថ្ងៃ និងដែលត្រូវបានគេស្គាល់ថាជា «សមយុទ្ធខែលការពារសេរីភាព»។
កាលពីថ្ងៃអង្គារទីភ្នាក់ងារ ព័ត៌មានយ៉ុនហាប់ (Yonhap News) បានរាយការណ៍ថា យន្តហោះចម្បាំងអាមេរិកនិងកូរ៉េខាងត្បូងបានហោះយ៉ាងលឿននៅក្នុងសមយុទ្ធមួយដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងដែលបានប្រកាសថា នឹងបាញ់កម្ទេចអាកាសយានដ្ឋាន ១ របស់ពួកគេ។
កងទ័ពកូរ៉េខាងជើងបានលើកឡើងថាសត្រូវរបស់ខ្លួនបានបាញ់កាំភ្លើងធំចំនួន ៣០ គ្រាប់នៅជិតព្រំដែនកាលពីថ្ងៃអង្គារហើយកូរ៉េខាងជើងបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវអ្វីដែលប្រទេសនេះហៅថាជា «សកម្មភាពបង្កហេតុ»។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងបានបដិសេធទាំងស្រុង ហើយបានឆ្លើយតបថា ការអះអាងនេះគឺគ្មានមូលដ្ឋានជាក់លាក់នោះទេ។
គួរកត់សម្គាល់ថា ទាហានអាមេរិកប្រមាណជា ២៨ ៥០០ នាក់កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីនៃកេរដំណែលពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ដែលកាលនោះសង្គ្រាមត្រូវបានបញ្ចប់ដោយបទឈប់បាញ់ជាជាងបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពមួយ។ ព្រឹត្តិការណ៍នោះបានធ្វើឱ្យប្រទេសកូរ៉េទាំង២ មិនអាចជាសះស្បើយពីភ្លើងសង្រ្គាមពេញលេញនោះទេ៕
វីដេអូ៖