
ប៉ូលិសឈរនៅក្បែររូបថតរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន ដ្រាម៉ូឌី។ AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃពុធ ទី៨ ខែមីនា បានទម្លាយប្រាប់អ្នកកាសែតថា លោកនឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី Joe Biden បន្ទាប់ពីចប់ដំណើរទស្សនកិច្ចទៅប្រទេសឥណ្ឌានាសប្តាហ៍នេះ។
ទោះជាយ៉ាងណា លោក Albanese មិនបានបញ្ជាក់ពីកាលបរិច្ឆេទសម្រាប់ការធ្វើដំណើរនៅសហរដ្ឋអាមេរិក ឡើយ ដោយគ្រាន់តែបញ្ជាក់ថា៖ «ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ដធ្វើការងារជាមួយសហរដ្ឋអាមេរិក»។
សារព័ត៌មាន Sydney Morning Herald បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Albanese ទំនងជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលរង់ចាំជាយូរមក ហើយដើម្បីបង្កើតកងនាវាមុជទឹក ប្រើថាមពលនុយក្លេអ៊ែរក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករបស់គាត់នៅសប្តាហ៍ក្រោយ។
ប្រភពដដែលបន្តថា លោក Albanese គ្រោងនឹងធ្វើដំណើរទៅចូលរួមពិធីចុះហត្ថលេខា ដែលរំពឹងថា នឹងធ្វើឡើងនៅថ្ងៃចន្ទក្រោយនៅទីក្រុង San Diego ជាមួយលោក Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunakផង។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese មានប្រសាសន៍ថា ៖«យើងនឹងមានការប្រកាសបន្ថែមអំពីព័ត៌មានលម្អិតក្នុងពេលឆាប់ៗ»។ លោក Albanese នឹងទៅ ដល់ប្រទេសឥណ្ឌានៅថ្ងៃពុធ និងស្នាក់នៅទីនោះរហូតដល់ថ្ងៃសៅរ៍។ លោកនឹងចូលរួមជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំ អូស្ត្រាលី-ឥណ្ឌា ក្នុងទីក្រុង New Delhi ព្រមទាំងទៅ ទស្សនកិច្ចនៅ Ahmedabad និង Mumbai ផងដែរ។
អ្នកឃ្លាំមើលមើលឃើញថា ជាង ១ ឆ្នាំ ចុងក្រោយនេះ កិច្ចពិភាក្សាលម្អិតនៅពីក្រោយឆាកបានកើតឡើងរវាងអាមេរិក អូស្ត្រាលី និងអង់គ្លេស ជុំវិញប្រធានបទដ៏រសើបពាក់ព័ន្ធ នឹងបច្ចេកវិទ្យានុយក្លេអ៊ែរ។ ទោះជាយ៉ាងណា អូស្ត្រាលី បានច្រានចោលការចោទប្រកាន់ស្ដីពីកិច្ចព្រៀមព្រៀងទិញអាវុធនុយក្លេអ៊ែរ។
បើសិនជាប្រទេសអូស្ត្រាលីទទួលបានបច្ចេកវិទ្យានាវាមុជទឹកដើរដោយនុយក្លេអ៊ែរប្រាកដមែននោះ ករណីនេះ ជាករណីដំបូងហើយចាប់តាំងពីឆ្នាំ១៩៦០ ជាពេលដែលសហរដ្ឋអាមេរិក បានជួយអង់គ្លេសក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ អាចធ្វើដំណើរបានចម្ងាយឆ្ងាយក្នុងរយៈពេលយូរ ហើយត្រូវបានគេរំពឹងថានឹងបំពាក់ដោយកាំជ្រួច Cruise ដ៏ទំនើបផង។ យ៉ាងណាក្ដីប្រទេសសាមីត្រូវចំណាយប្រាក់រាប់សិបពាន់លានដុល្លារលើការងារនេះ។
អ្នកជំនាញនិយាយថា នាវាដ៏សំខាន់នេះនឹងក្លាយជាឆ្អឹងទទឹងករបស់បច្ចាមិត្តនៃប្រទេសអូស្ត្រាលី។ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះគម្រោង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបស់អូស្ត្រាលីនេះ។ ចិនយល់ថាជា «គ្រោះថ្នាក់» ហើយគម្រោងនេះធ្វើឡើងដើម្បីបង្គ្របប្រទេសចិន។
កិច្ចព្រមព្រៀងនេះ កំពុងធ្វើឡើងក្រោមការឧបត្ថម្ភរបស់ AUKUS ដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក្នុងគោលបំណងចែករំលែកផ្នែកបច្ចេកវិទ្យា និងទំនើបកម្មយោធា៕