យោងតាមសារព័ត៌មាន The Associated Press មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកគ្រោងនឹងចូលរួមធ្វើបាតុកម្ម អ្នកខ្លះចូលរួមសន្និសីទ និងអ្នកខ្លះទៀតកំពុងរីករាយជាមួយព្រឹត្តិការណ៍សម្ដែងសិល្បៈ ដើម្បីប្រារព្ធទិវាអន្តរជាតិនារីក្នុងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ដែលជាទិវាប្រចាំឆ្នាំ បង្កើតឡើងដើម្បីទទួលស្គាល់តម្លៃរបស់ស្ត្រី និងទាមទារឱ្យមានភាពស្មើគ្នានៅទូទាំងពិភពលោក។

ខណៈដែលសកម្មជននៅក្នុងប្រទេសមួយចំនួន បានកត់សម្គាល់ពីភាពជឿនលឿនក្នុងប្រទេសរបស់ខ្លួន ខ្លះទៀតត្រូវរងការគាបសង្កត់ ដូចជានៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងអុីរ៉ង់ ជាពិសេសស្ត្រីនិងកុមារីមួយចំនួនធំដែលជួបប្រទះការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារនៅទូទាំងពិភពលោក។ ទាំងនេះបានគូសបញ្ជាក់ពីការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សដែលកំពុងបន្តធ្វើសកម្មភាពផ្សេងៗដើម្បីធានាសិទ្ធិស្ត្រី។

ក្នុងសប្តាហ៍នេះផងដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានធ្វើការកត់សម្គាល់ថា ៖ «សិទ្ធិស្ត្រីត្រូវបានរំលោភបំពាន គំរាមកំហែង និងកេងប្រវ័ញ្ចនៅជុំវិញពិភពលោកហើយសមភាពយេនឌ័រ នឹងមិនអាចទទួលបានសម្រេចជោគជ័យឡើយក្នុងរយៈពេល ៣០០ ឆ្នាំ ទៅខាងមុខ ប្រសិនបើយើងសង្កេតមើលទៅលើដំណើរផ្លាស់ប្តូរនាពេលបច្ចុប្បន្ន»។ លោកបន្ថែមថា៖ «វឌ្ឍនភាពវិជ្ជមានអស់ជាច្រើនទស្សវត្សរ៍មកនេះកំពុងរលាយបាត់ទៅ ដោយសារតែប្រព័ន្ធបុរសនិយមកំពុងលេចរូបរាងឡើងវិញ»។

សូមបញ្ជាក់ដែរថា អង្គការសហប្រជាជាតិ បានទទួលស្គាល់ទិវានារីអន្តរជាតិនៅឆ្នាំ១៩៧៧ ប៉ុន្តែទិវានេះ មានឫសគល់មកពីចលនាតស៊ូតាំងពីដើមសតវត្សរ៍ទី២០ មកម៉្លេះ។ ទិវានេះត្រូវបានប្រារព្ធឡើងតាមបែបផ្សេងៗគ្នា និងមានកម្រិតខុសៗគ្នាទៅតាមប្រទេសផ្សេងៗ។

ជាក់ស្ដែងក្រុមស្ត្រីជាច្រើនបានប្រមូលផ្តុំគ្នាក្នុងទីក្រុងធំៗនៅប្រទេសប៉ាគីស្ថាន ដើម្បីដើរដង្ហែក្បួនក្នុងពេលដែលមានសន្តិសុខជាច្រើនកំពុងដើរល្បាតរឹងបន្ថឹងសណ្ដាប់ធ្នាប់។ អ្នករៀបចំក្បួនដង្ហែនេះបានលើកឡើងថា បាតុកម្មនេះមានគោលបំណងស្វែងរកការទាមទារសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ។ ដោយឡែក កាលពីឆ្នាំមុន ក្រុមអភិរក្សមួយចំនួនបានធ្វើការគំរាមបញ្ឈប់ការហែក្បួនស្រដៀងគ្នានេះដោយបានប្រើប្រាស់កម្លាំងយោធាទៀតផង។

បើក្រឡេកទៅមើលសកម្មជនសិទ្ធិស្ត្រី ក្នុងប្រទេសជប៉ុន វិញ ពួកគេបានធ្វើការជួបប្រជុំក្រុមតូចមួយដើម្បីបន្តការទាមទាររបស់ពួកគេពីរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យគូស្វាមីភរិយាបន្តប្រើនាមត្រកូលផ្សេងគ្នា។ គួរបញ្ជាក់ថា នៅក្រោមក្រមរដ្ឋប្បវេណីជប៉ុនឆ្នាំ១៨៩៨ ប្តីប្រពន្ធត្រូវជ្រើសរើសយកនាមត្រកូលរបស់ប្តីឬប្រពន្ធនៅពេលរៀបការជាមួយគ្នាហើយ។

សកម្មជនទាំងនោះបានលើកឡើងថា ច្បាប់នេះជាកត្តារួមចំណែកដល់វិសមភាពយេនឌ័រ ដោយសារស្ត្រីរងសម្ពាធខ្លាំងដែលត្រូវតែជ្រើសរើសយកឈ្មោះប្ដីរបស់ពួកគេ។

ការស្ទង់មតិមួយបានបង្ហាញពីការគាំទ្រភាគច្រើនឱ្យមានការរក្សាឈ្មោះរបស់ពួកគេរៀងៗខ្លួន ទាំងបុរស និងស្រ្តី។

នៅឯប្រទេសហ្វីលីពីនវិញ បាតុកររាប់រយនាក់មកពីក្រុមស្ត្រីផ្សេងៗគ្នា បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ានីល ដើម្បីទាមទារឱ្យមានការទទួលបានប្រាក់ឈ្នួលខ្ពស់ និងការងារសមរម្យជាងមុន។ មេដឹកនាំបាតុកម្មលោកស្រី Joms Salvador បានថ្លែងថា៖ «យើងកំពុងមើលឃើញគម្លាតគ្នាខ្លាំងរវាងប្រាក់ឈ្នួលដែលទទួលបានដោយបុរស និងស្ត្រី ហើយយើងកំពុងមើលឃើញការកើនឡើងដែលមិនធ្លាប់មានពីមុន នោះគឺចំនួនកម្មករស្ត្រីដែលកំពុងធ្វើការក្រៅប្រព័ន្ធពុំទទួលបានប្រព័ន្ធការពារហានិភ័យការងារឡើយ»។

ជាការកត់សម្គាល់ អង្គការសហប្រជាជាតិបានកំណត់ប្រទេសអាហ្វហ្គានីស្ថានថា ជាប្រទេសដែលមានការគាបសង្កត់ លើស្ត្រីនិងកុមារីធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់ប្រទេសកាលពីឆ្នាំ ២០២១។

បេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសនេះបានឱ្យដឹងថា មេដឹកនាំថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននឹងកំពុងចេញវិធានការដាក់សម្ពាធទៅលើស្ត្រីនិងក្មេងស្រីភាគច្រើនឱ្យជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ពោលគឺមិនអាចចេញក្រៅផ្ទះបាននោះទេ។

បន្ថែមលើនេះ ពួកគេបានហាមឃាត់មិនឱ្យក្មេងស្រីអាចរៀនលើសពីថ្នាក់ទី៦ និងបានហាមស្ត្រីមិនឱ្យចូលទៅកន្លែងសាធារណៈដូចជាសួនច្បារ និងកន្លែងហាត់ប្រាណជាដើម។ ស្ត្រីត្រូវស្លៀកសំលៀកបំពាក់បិទបាំងខ្លួនពីក្បាលដល់ចុងជើង ហើយត្រូវហាមឃាត់មិនឱ្យធ្វើការនៅអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិទៀតផង។

នៅក្នុងប្រទេសអេស្ប៉ាញឯណោះវិញ មនុស្សប្រមាណជាជាង ១ លាននាក់បានចូលរួមបាតុកម្មនៅពេលល្ងាចក្នុងទីក្រុងម៉ាឌ្រីដ ទីក្រុងបាសេឡូណា និងទីក្រុងផ្សេងៗទៀត។

ការប្រមូលផ្តុំបាតុកម្មទ្រង់ទ្រាយធំបែបនេះក៏ត្រូវបានរៀបចំធ្វើឡើងផងដែរនៅក្នុងទីក្រុងជាច្រើនផ្សេងទៀតជុំវិញពិភពលោក ខណៈដែលប្រទេសខ្លះមានតែការប្រមូលផ្ដុំ ឬព្រឹត្តិការណ៍តូចៗប៉ុណ្ណោះ។

សូមរំឭកថា កាលពីថ្ងៃអង្គារ ប្រទេសអេស្ប៉ាញបានអនុម័តច្បាប់សមភាពថ្មី ដែលតម្រូវឱ្យស្ត្រីមានចំនួនយ៉ាងហោចណាស់ ៤០% នៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនដែលបានចុះបញ្ជីនិងក្រុមហ៊ុនឯកជនធំៗ។ ដូចគ្នានេះដែរ ច្បាប់ស្ដីពីចំនួនរបស់ស្ត្រីនេះក៏នឹងអនុវត្តចំពោះគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអេស្ប៉ាញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សនយោបាយក៏ត្រូវតែមានសមភាពយេនឌ័រនៅក្នុងបញ្ជីបោះឆ្នោតរបស់ខ្លួនដូចគ្នាពោលគឺត្រូវដាក់ឈ្មោះបេក្ខជនជាបុរស និងស្ត្រីចម្រុះគ្នា។

ម៉្យាងវិញទៀត អស់រយៈពេល២ទសវត្សរ៍កន្លងមកនេះ ក្រុមសកម្មជន និងរដ្ឋាភិបាលឆ្វេងនិយមក្នុងប្រទេសអេស្ប៉ាញ បានជំរុញសិទ្ធិស្ត្រីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនៅក្នុងវិស័យនានា ដូចជាសិទ្ធិរំលូតកូន ការឈប់ សម្រាកពេលមានរដូវ និងការឈប់សម្រាកមើលថែកូនៗជាដើម។

រីឯបណ្ដាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបជាច្រើនទៀតក៏បានបោះជំហានឆ្ពោះទៅរកភាពល្អប្រសើរនៃសមភាពយេន ឌ័រដូចគ្នាផងដែរ។

គួរដឹងដែរថា ថ្ងៃទី៨ ខែមីនា ឆ្នាំនេះគឺជាទិវានារីអន្តរជាតិលើកដំបូងហើយ ចាប់តាំងពីតុលាការកំពូល សហរដ្ឋអាមេរិក បានបិទសិទ្ធិរំលូតកូនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកាលពីឆ្នាំមុន ហើយរដ្ឋជាច្រើនក៏បានអនុម័តច្បាប់រឹតត្បិតបន្ថែមលើការរំលូតកូនទៀតផង៕