
យ៉ាងហោចណាស់មនុស្ស ៧ នាក់បានបាត់ជីវិត និង ២៥ នាក់ រងរបួសក្នុងការបាញ់ប្រហារនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ AFP
យ៉ាងហោចណាស់ មនុស្ស ៧ នាក់ បានបាត់បង់ជីវិត និងមនុស្ស ២៥ នាក់ ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលព្រះយ៉េហូវ៉ា ដែលជាកន្លែងប្រារព្ធពិធីសាសនានៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៩ យប់ នៅសង្កាត់ GrossBorstel ក្នុងអគារសាសនាមួយដែលមានកម្ពស់បីជាន់។ អ្នកនាំពាក្យប៉ូលិសទីក្រុងលោក Holger Vehren បានប្រាប់សារព័ត៌មាន NTV ថា លោកបានសង្កេតឃើញមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ហើយក្នុងនោះគេសង្ស័យថា ខ្មាន់កាំភ្លើងក៏បានបាត់បង់ជីវិតនៅកន្លែងកើតហេតុផងដែរ។ ប៉ុន្តែប៉ូលិស នៅមិនទាន់ផ្តល់ចម្លើយនោះទេ ដោយសារតែការស៊ើបអង្កេតកំពុងបន្ត។
ក្នុងចំណោមអ្នករងរបួសចំនួន ២៥ នាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែក្នុងនោះមនុស្ស ៨ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។ បន្ទាប់ពីការបាញ់ប្រហារត្រូវបានបញ្ចប់ ផ្លូវនៅក្នុងទីក្រុងត្រូវបានបិទ និងតម្រូវឱ្យប្រជាជននៅក្នុងផ្ទះ ដើម្បីចៀសវាងតំបន់នោះ។
អ្នកយកព័ត៌មាន NDR លោក Heiko Sander បានរាយការណ៍ថា ក្រុមប៉ូលិសនៅជិតកន្លែងកើតហេតុបានធ្វើសម្មភាពភ្លាមៗ បន្ទាប់ពីឮសូរសំឡេងកាំភ្លើង និងបានសម្រុកចូលទៅក្នុងអគារដើម្បីជម្លៀសមនុស្ស កុមារ និងស្ត្រីមានផ្ទៃពោះចេញ។
សាក្សីមិនបញ្ចេញឈ្មោះ បានប្រាប់ដល់សារព័ត៌មានរ៉យទ័រថា ពួកគេបានឮសូរសំឡេងគ្រាប់កាំភ្លើងបាញ់ចេញពីអគារជាច្រើនគ្រាប់ បន្ទាប់ប្រទះឃើញថង់ខ្មៅៗ ទំនងជាដាក់សាកសពមនុស្សលើកចេញពីអគារនោះម្តងមួយៗ។
សាក្សីអាយុ ២៣ ឆ្នាំឈ្មោះ Laura Bauch បាននិយាយថា នាងបានឮសូរគ្រាប់កាំភ្លើងផ្ទួនៗគ្នាចំនួនបួនដង ក្នុងចន្លោះពី ២០ វិនាទីទៅ ១ នាទី រួចនាងក៏បានប្រទះឃើញមនុស្សម្នាក់រត់ពីជាន់ក្រោមដីទៅកាន់ជាន់ទីមួយនៃអគារព្រះយេហូវ៉ា។ នាងបានបន្តទៀតថា មជ្ឈមណ្ឌលនេះគឺជាកន្លែងដែលប្រារព្ធពិធីសាសនា ដោយមានអ្នកចូលរួមភាគច្រើនជាមនុស្សចាស់ ក្រុមគ្រួសារ និងកូនក្មេងជាដើម។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញព័ត៌មានណាមួយគួរឱ្យទុកចិត្តនៅឡើយទេ អំពីមូលហេតុនៃការបាញ់ប្រហារនេះ ហើយអ្នកនាំពាក្យប៉ូលិស ក៏បានស្នើសុំទៅដល់សារព័ត៌មាននីមួយៗ កុំឱ្យបំផុសពាក្យចចាមអារ៉ាម ដរាបណាការស៊ើបអង្កេតកំពុងបន្ត។
គួររំឭកផងដែរ នេះមិនមែនជាការបាញ់ប្រហារលើកដំបូងនៅប្រទេសអាល្លឺម៉ង់នោះទេ កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅក្រុមចលនាជ្រុលនិយមខាងស្តាំ បានបាញ់សម្លាប់មនុស្ស ១០ នាក់ និងរបួស ៥ នាក់នៅកណ្តាលទីក្រុង Hanau ហើយក្នុងឆ្នាំ ២០១៩ មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីពួកណាហ្សីនិយមព្យាយាមសម្រុកចូលសាលប្រជុំនៅទីក្រុង Halle ក្នុងថ្ងៃឈប់សម្រាក Yom kippur របស់ជនជាតិយូដា៕