ប្រទេស​ស្រីលង្កា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចុះហត្ថលេខា​ទទួល​គម្រោង​ថវិកា​សង្គ្រោះបន្ទាន់ ផ្ដល់ជូន​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​ហៅ​កាត់​ថា IMF​ ​ចំនួន ២,៩ ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ថ្ងៃទី​ ២០ ខែមីនា ខាងមុខនេះ​។

​វា​គឺជា គម្រោង​មួយ​ដែល​ត្រូវបាន​ចំណាយពេល​ចរចា​អស់​រយៈពេល ៤ ​ឆ្នាំ​មកហើយ ពោលគឺ​ចាប់ផ្ដើម​ចរចា បន្ទាប់ពី​ប្រទេសមួយ​នេះ​រងគ្រោះ​ដោយ​វិបត្តិ​នយោបាយ និង​សេដ្ឋ​កិច្ច​ធ្ងន់ធ្ងរ និង​បន្ទាប់ពី​ប្រទេស​នេះ​ទទួលបាន​ជំនួយ​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​ផងដែរ​។​

IMF ​និង​ប្រទេស​ដែន​កោះ​មួយ​នេះ​បានបញ្ជាក់​កាលពី​ថ្ងៃ​​អង្គា​រថា ស្រីលង្កា បានទទួល​ការ​ធានា​ពី​ម្ចាស់បំណុល​ទ្វេភាគី​ធំៗ​ជាច្រើន​របស់ខ្លួន ដែល​នេះ​គឺជា​ជំហាន​សំខាន់​មួយ​ក្នុងការ​បើកផ្លូវ​ឱ្យ​ប្រទេស​នេះ អាច​ចំណាយ​ថវិកា​អភិវឌ្ឍន៍​ប្រទេស​បាន​។ ហើយ​វា​ក៏​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ប្រទេស​នេះ​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​ ១៩៤៨​។​

​ប្រធានាធិបតី​ស្រីលង្កា លោក​ Ranil Wickremesinghe បាន​ថ្លែង​នៅក្នុង​សភា​ថា​៖ «​យើង​មើលឃើញ​សញ្ញា​ថា សេដ្ឋកិច្ច​កំពុងមាន​ភាពប្រសើរឡើង ប៉ុន្តែ​នៅតែមាន​រូបិយប័ណ្ណ​បរទេស​មិន​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​ទៅលើ​ទំនិញ​នាំចូល ដូច្នេះ​ធ្វើឱ្យ​កិច្ចព្រមព្រៀង​ជាមួយ IMF កាន់​តែមាន​សារៈសំខាន់​ដើម្បី​ជាការ​បើកផ្លូវ​ឱ្យ​ម្ចាស់បំណុល​ផ្សេងទៀត​អាច​ចាប់ផ្តើម​ផ្ដល់​មូលនិធិ​ជា​បន្តបន្ទាប់​ទៀត​»​។​

​ប្រធានាធិបតី​រូបនេះ​បានបញ្ជាក់ ថា​៖ «​ប្រទេស​ស្រីលង្កា​បាន​ធ្វើតាម​លក្ខខណ្ឌ​ទាំងអស់​ដែល​បានទាមទារ​ដោយ IMF» ហើយ​ថា​លោក និង​ទេសាភិបាល​ធនាគារ​កណ្តាល​ក៏បាន​ផ្ញើលិខិត​ថ្លែង​អំពី​បំណង​ទៅកាន់ IMF ផងដែរ​។​

​លោកស្រី​ Kristalina Georgieva ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បានលើកឡើង​នៅលើ​បណ្ដាញ​សង្គម ​Twitter ថា​៖ «​ខ្ញុំ​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​ដែល​ក្រុម​អាជ្ញាធរ​ស្រីលង្កា​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ក្នុងការ​ដាក់ចេញ​គោលនយោបាយ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទទួលបាន​ហិរញ្ញប្បទាន​ពី​ម្ចាស់បំណុល​ធំៗ​ទាំងអស់​រួមមាន​ប្រទេស​ចិន​ឥណ្ឌា និង​អង្គភាព​ក្លិប​ប៉ារីស​»​។

​ប្រធាន ​IMF ​រូប​នេះ​បាន​បន្ថែមថា លោកស្រី​នឹងធ្វើ​បទ​បង្ហាញ​កម្មវិធី​ដែល​គាំទ្រ​ដោយ​មូលនិធិ​នេះ ទៅកាន់​ក្រុម​​ប្រឹក្សា​ប្រតិបត្តិ​នៅ​ថ្ងៃទី ​២០ ខែមីនា ខាងមុខនេះ​។​

​គួរ​ដឹង​ដែរ​ថា បំណុល​អន្តរជាតិ​និង​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​នេះ​បាន​កើនឡើង​បន្តិច​ម្ដងៗ​ដោយ​តម្លៃ​មូល​ប​ត្រ​បំណុល​បាន​កើន​ឡើង​ប្រហែល​៣​សេន​គិត​ជា​ប្រាក់​ដុល្លារ ខណៈដែល​ប្រាក់​រូពី​របស់​ស្រីលង្កា​បាន​កើន​ឡើងដល់​ ៧,៨% ដែល​នេះ​ជាការ​កើនឡើង​កម្រិត​ខ្ពស់​មួយ បើ​គិត​ត្រឹម​រយៈពេល​ ១០ ខែ​ចុង​ក្រោយនេះ​។

​លើសពីនេះ​តម្លៃ​ភាគហ៊ុន​ក៏បាន​កើនឡើង​ដូចគ្នា ពោលគឺ​បាន​បិទ​ទីផ្សារ​ក្នុងតម្លៃ​ច្រើនជាង ២% ឯណោះ​។​

​កាលពី​ថ្ងៃ​ចន្ទ លិខិត​ថ្មី​មួយ​ពី​ធនាគារ​នាំចេញ នាំចូល​របស់​រដ្ឋ​​ចិន ឬ​ហៅ​កាត់​ថា EXIM បាន​ផ្ញើ​ទៅកាន់​ប្រទេស​ស្រីលង្កា ដើម្បី​បង្ហាញ​ពី​គោលបំណង​ចង់​ដោះ​​ស្រាយ​ការជាប់គាំង​រវាង​ទំនាក់​​ទំនង​របស់​ភាគី​ទាំង ​២​។ យោងតាម​ប្រភព​មួយ​បានឱ្យដឹងថា ធនាគារ EXIM បានផ្តល់​ការធានា​ផ្នែក​ហិរញ្ញប្បទាន​ដ៏​ជាក់លាក់ និង​អាច​ជឿជាក់​បាន​ដល់​ប្រទេស​ស្រីលង្កា​សម្រាប់​ការរៀបចំ​រចនា​សម្ព័ន្ធ​បំណុល​ឡើងវិញ ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក​ម្ម​វិធី​ជំនួយ​របស់ IMF និង​ការប្រើប្រាស់​ភាសា​យ៉ាងច្បាស់​លាស់​ស្តីពី​និរន្តរភាព​បំណុល​។​

​ប្រភព​ដដែល​បាន​បន្ថែមថា​៖ «​ថវិកា​មួយចំណែក​នៃ​មូលនិធិ​ជំនួយ​សរុប​នឹង​ត្រូវបាន​ផ្ដល់ឱ្យ​ប្រទេស​ស្រីលង្កា​បន្ទាប់ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​បញ្ចប់ទៅ​»​។​

នៅក្នុង​លិខិត ​១​ កាលពី​ខែមករា បានឱ្យដឹងថា ធនាគារ EXIM​ បានផ្តល់​ជូន​ស្រីលង្កា​នូវ​ការផ្អាក​ការ​សងបំណុល​រយៈពេល​ ២ ​ឆ្នាំ ប៉ុន្តែ​ប្រភព​ដដែល​បាន​បញ្ជាក់ថា ការ​ផ្អាក​ឱ្យ​សងបំណុល​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​បំពេញ​លក្ខ​ខណ្ឌ​របស់ IMF នៅឡើយ​ទេ​។​

​លោក ធី​អូ ម៉ារ៉េត​ (Theo Maret) អ្នកវិភាគ​ជាន់ខ្ពស់​នៅ​ស្ថាប័ន​មួយ​ឈ្មោះថា Global Sovereign Advisory នៅ​ទីក្រុង​​ប៉ារីស​បាន​

មានប្រសាសន៍ថា​៖ «​នេះ​គឺជា​ការអភិវឌ្ឍ​វិជ្ជមាន​មួយ​។ វា​អាចជា​លើកដំបូង​ដែល​ប្រទេស​ចិន​ផ្តល់​មេរៀន​ស្ដីពី​ការធានា​ហិរញ្ញប្បទាន​ដល់ ​IMF​ ក្រៅពី​ដំណើរការ​ក្របខ័ណ្ឌ​រួម​»​។​

​នៅ​ចុងឆ្នាំ​ ២០២០ ​ប្រទេស​ស្រីលង្កា​ជំពាក់​ធនាគារ EXIM របស់​ចិន​នេះ​ចំនួន​ប្រមាណ ​២,៨៣ ប៊ី​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​៣,៥% នៃ​បំណុល​ក្រៅប្រទេស​របស់ខ្លួន​។ នេះ​បើ​យោងតាម​ទិន្ន​​ន័យ​របស់ ​IMF​។ សរុប​ជារួម​ប្រ​ទេស​ស្រីលង្កា​ជំពាក់​ធនាគារ​ចិន​ផ្សេងៗ​ទៀត​ទាំងអស់​ចំនួន​ ៧,៤ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ឬ​ស្មើនឹង​ជិត​ ១​ ភាគ ​៥ នៃ​បំណុល​ក្រៅ​​ប្រទេស​គិត​ត្រឹម​ចុងឆ្នាំ ២០២២​។ នេះ​បើ​យោងតាម​ការ​គណនា​ដោយ​គម្រោង​មួយ​ហៅថា​ China Africa Research Initiative​។​

​ជាថ្មី​ម្ដងទៀត ការផ្តល់​ហិរញ្ញ​ប្ប​ទាន​ពី​សំណាក់ ​IMF បាន​ក្លាយជា​គ្រឹះ​សំខាន់​សម្រាប់​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​នានា​ដើម្បី​អនុញ្ញាតឱ្យ​ប្រភព​មូលនិធិ​ផ្សេងៗ​ទៀត​ហ៊ាន​ផ្ដល់ជំនួយ​បន្ថែម​។ ប្រភព​ចំនួន​ ២​ បានឱ្យដឹងថា ប្រ​ទេស​ស្រីលង្កា​កំពុង​ចរចា​ជាមួយ​ប្រទេស​ឥណ្ឌា​ដែលជា​ម្ចាស់បំណុល​ធំជាងគេ​ទី​ ២ របស់ខ្លួន​ដើម្បី​ពន្យារ​ថ្ងៃ​ផុតកំណត់​សង​ឥណទាន​ចំនួន ១​ ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​នឹងត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃទី​ ១៧ ខែមីនា ខាងមុខនេះ​។​

​ប្រធានាធិបតី​ស្រីលង្កា បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​ស្រីលង្កា​ត្រូវ​សងបំណុល​ជា​មធ្យម​ប្រហែល ​៦​ ប៊ី​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ រហូតដល់​ឆ្នាំ​ ២០២៩ ​ហើយក៏​នឹងត្រូវ​ធ្វើការ​ជាមួយ​ IMF បន្តទៀត​ផងដែរ​»​។​

​គួរ​ដឹង​ដែរ​ថា ប្រទេស​ដែលមាន​វិបត្តិ​បំណុល​ដូចជា​ប្រទេស​ហ្សំ​ប៊ី​ (Zambia)​ និង​ប្រទេស​ស្រីលង្កា​ជាដើម​នេះ តែងតែ​ប្រឈមមុខ​នឹង​ការពន្យារពេល​ផ្ដល់​មូលនិធិ​សង្គ្រោះបន្ទាន់​របស់ ​IMF នៅពេលដែល​ម្ចាស់ជំនួយ​ចិន និង​លោក​ខាងលិច​បាន​ប៉ះទង្គិច​គ្នា​អំពី​របៀប​នៃ​ការផ្តល់ ជំនួយ​សង្គ្រោះ​បន្ទាន់​នោះ​។​

​ជាក់ស្ដែង​ប្រទេស​ស្រីលង្កា​បាន​រង់ចាំ​អស់​រយៈពេល ១៨៧​ថ្ ងៃ ដើម្បី​អាច​បញ្ចប់​កិច្ចពិភាក្សា​លើ​ការទទួលបាន​មូលនិធិ​សង្គ្រោះ​បន្ទាន់​បន្ទាប់ពី​បាន​ឈានដល់​កិច្ចព្រមព្រៀង​បឋម​មួយ​ជាមុន​។​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ជា​មធ្យម​គឺ ៥៥​ ថ្ងៃ​សម្រាប់​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម នេះ​បើ​យោងតាម​បទពិសោធន៍​អស់​រយៈពេល​ ១​ ទសវត្សរ៍​កន្លងមក​នេះ ពោលគឺ​គិតពី​ថ្ងៃ​ចាប់ផ្ដើម​ចុះ​កិច្ចព្រមព្រៀង​បឋម រហូតដល់​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងមូល​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​បាន​ចងក្រង​ដោយសារ​ព័ត៌មាន​ Reuters​។​

​សេដ្ឋវិទូ​ជាន់ខ្ពស់ លោក Patrick Curran បាន​និយាយថា​៖ «​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ទាំង​ក្នុង និង​ក្រៅ​ក្របខ័ណ្ឌ​ត្រូវការ​ចំណាយពេល​យូរ​ជាង​ធម្មតា​ដោយសារ​បញ្ហា​ជុំវិញ​ការចូលរួម​សហការ​ពី​សំណាក់​ម្ចាស់បំណុល​និង​ការអូសទាញ​ដោយ​ប្រទេស​ចិន​»​។

លោក​បន្ថែមថា​៖ «​ការរៀប​​ចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ​នៅក្នុង​ប្រទេស​ស្រីលង្កា និង​ប្រ​ទេស​ហ្សំ​ប៊ី​ទំនងជា​នឹង​ក្លាយជា​គំរូ​ដ៏​សំខាន់​សម្រាប់​ការរៀបចំ​រចនា​​សម្ព័ន្ធ​នាពេល​អនាគត​»​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក​ឈី​ន កាង (Qin Gang) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​ទីក្រុង​ប៉េកាំង​នឹង​បន្ត​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​បំណុល​អន្តរ​ជាតិ​ប្រកបដោយ​ការស្ថាបនា​»​។

ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ​នៅក្រៅ​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ​លោក​ឈី​ន បាន​លើកឡើងថា​៖ «​ប្រទេស​ចិន​គួរតែ​ជា​ប្រទេស​ចុង​ក្រោយ​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​ការបង្កើតឱ្យមាន​អន្ទាក់​បំណុល​ហើយ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ផ្សេងទៀត​ឱ្យចូល​រួមចំណែក​ដោះស្រាយ​បញ្ហា​នេះ​ទាំងអស់គ្នា​»៕