
មនុស្សម្នាដើរកាត់តាមកញ្ចក់ទូរទស្សន៍ដែលបង្ហាញពីការផ្សាយព័ត៌មាន ជាមួយនឹងឯកសារនៃការសាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង នៅស្ថានីយ៍រថភ្លើងធំក្នុងទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី ៩ ខែមីនា។ រូបថត AFP
យោធាកូរ៉េខាងត្បូង នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ បានលើកឡើងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយ ដែលវាគឺជាការបាញ់លើកចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង ពោលគឺប៉ុន្មានថ្ងៃមុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នា។ ទំនាក់ទំនងរវាងកូរ៉េទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីល និងបានបង្ហាញពីចរិតបង្កហេតុរបស់ខ្លួនជាបន្តបន្ទាប់។ ជាការឆ្លើយតប ទីក្រុងសេអ៊ូលបាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែខ្លាំងបន្ថែមទៀត។
កាលពីឆ្នាំមុន រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងគឺជាមហាអំណាចនុយក្លេអ៊ែរមួយនៅលើពិភពលោក ហើយបានប្តេជ្ញាថានឹងបង្កើនការផលិតទ្វេដងនូវគ្រឿងសព្វាវុធ រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៀតផង។សហរដ្ឋអាមេរិកឯណោះវិញ បានសម្លឹងឃើញពីការគំរាមកំហែងនេះ ហើយក៏បានចល័តជំនួយយោធាទៅកាន់តំបន់នេះដើម្បីការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បានលើកឡើងថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចេញពីកំពង់ផែនាទីក្រុងណាមប៉ូ (Nampo) ភាគខាងលិចកូរ៉េខាងជើង នៅវេលាម៉ោង ៦ និង ២០ នាទីល្ងាច។ លោកបានបន្ថែមថា «យោធារបស់យើងបានរក្សាជំហរត្រៀមខ្លួនយ៉ាងពេញលេញរួចជាស្រេច រួមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការឃ្លាំមើល និងបង្កើនការប្រុងប្រយ័ត្នខ្លាំងបំផុត»។
គួរដឹងដែរថា កូរ៉េខាងជើងបានអះអាងជាយូរមកហើយថា កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនគឺធ្វើឡើងសម្រាប់តែការពារខ្លួនប៉ុណ្ណោះ។ ហើយកូរ៉េខាងជើងក៏បានលើកឡើងផងដែរ អំពីសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង ដោយបានពណ៌នាថា វាគឺជាការហាត់សមយោធាសម្រាប់ធ្វើការឈ្លានពាន។
កាលពីដើមសប្តាហ៍នេះ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថាបាននិងកំពុងមានចេតនាបង្កភាពតានតឹងកាន់តែខ្លាំង ហើយប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ក៏បានព្រមានដែរថា «ប្រសិនបើសហរដ្ឋអាមេរិកបាញ់ស្ទាក់ទម្លាក់មីស៊ីលសាកល្បងណាមួយរបស់ទីក្រុងព្យុងយ៉ាង នោះកូរ៉េខាងជើងនឹងចាត់ទុកថាជាការប្រកាសសង្គ្រាម»។
គួររំឭកថា បន្ទាប់ពីកិច្ចពិភាក្សារវាងលោក គីម និងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានបរាជ័យក្នុងឆ្នាំ ២០១៩ ទំនាក់ទំនងការទូតរវាងភាគីទាំងពីរត្រូវបានជាប់គាំង ហើយកូរ៉េខាងជើងបានបង្កើនទ្វេដងនូវការអភិវឌ្ឍវិស័យយោធារបស់ខ្លួន។ ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សកយ៉ល (Yoon Suk-yeol) បានផ្លាស់ប្តូរទៅរកការរឹតចំណងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយរដ្ឋាភិបាលទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីជាការឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីទីក្រុងព្យុងយ៉ាង។
យោងតាមខុទ្ទកាល័យរបស់ប្រធានាធិបតីរូបនេះបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក យូន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី ២៦ ខែមេសា ខាងមុខនេះ ហើយមេដឹកនាំកូរ៉េខាងត្បូងក៏នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូនៅសប្តាហ៍ក្រោយផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺយោធាអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធរួមគ្នាក្នុងទ្រង់ទ្រាយដ៏ធំបំផុតមួយមិនធ្លាប់មានពីមុនក្នុងរយៈពេល ៥ ឆ្នាំមកនេះ។
សមយុទ្ធយោធានេះត្រូវបានគេឱ្យឈ្មោះថាជា «របាំងការពារសេរីភាព» និងបានកំណត់ពេលយ៉ាងហោចណាស់ រយៈពេល ១០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១៣ ខែមីនា។ មុនដល់ថ្ងៃធ្វើសមយុទ្ធ អាមេរិកបានធ្វើការបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ប្រភេទ B-52 របស់ខ្លួន ដែលមានសមត្ថភាពអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។
លោក Leif-Eric Easley សាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយឈ្មោះថា Ewha នាទីក្រុងសេអ៊ូលបានមានប្រសាសន៍ថា «នេះទំនងគ្រាន់តែជាការចាប់ផ្តើមនៃការបាញ់តេស្ដមីស៊ីលចង់បង្កហេតុមួយក្នុងចំណោមការធ្វើតេស្តជាបន្តបន្ទាប់ទៀតរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ»។
លោកបានបញ្ជាក់ថា «ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឆ្លើយតបចំពោះសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់ប្រធានាធិបតី យូន ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន»។ លោកបន្តថា «លោក គីម អាចនឹងបញ្ជាឱ្យបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មទៅលើអាកាស ឬក៏ម៉ាស៊ីនឥន្ធនៈរបស់ខ្លួន ព្រមទាំងអាចធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរទៀតផង»។
ជារួម កូរ៉េខាងជើងបានចាត់ទុកការបាញ់សាកល្បងមីស៊ីល និងការសមយុទ្ធយោធារបស់ខ្លួន ថាជាវិធានការឆ្លើយតបដ៏ត្រឹមត្រូវមួយទៅកាន់ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ កាលពីសប្តាហ៍មុន កូរ៉េខាងជើងក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិជំរុញបញ្ឈប់ការធ្វើសមយុទ្ធទាំងនេះ ហើយថាអាវុធនុយក្លេអ៊ែររបស់ខ្លួន អាចធានាបាននូវតុល្យភាពនៃអំណាចនៅក្នុងតំបន់ស្រាប់ហើយ៕