
ក្រុមប៉ូលីសតាលីបង់ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣ បានលើកឡើងថា ការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅក្នុងខេត្តបាលក៍ (Balkh) ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដែលហេតុការណ៍នោះបានបណ្ដាលឱ្យមនុស្សបីនាក់បានស្លាប់ ក្នុងនោះក៏មានអភិបាលខេត្តរបស់រដ្ឋាភិបាលតាលីបង់ម្នាក់ផងដែរ។
អ្នកនាំពាក្យប៉ូលិសលោក Asif Waziri បានថ្លែងថា «មានមនុស្សពីរនាក់ ក្នុងនោះមានលោក Mohammad Dawood Muzammil ដែលជាអភិបាលខេត្តបាលក៍ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយនៅព្រឹកនេះ»។ លោក Waziri បានបន្ថែមថា ការបំផ្ទុះនេះបានកើតឡើងនៅជាន់ទីពីរនៃការិយាល័យរបស់លោកអភិបាលខេត្តក្នុងក្រុង Mazar-i-Sharif។
អ្នកនាំពាក្យរូបនេះបានបន្តថា «វាគឺជាការវាយប្រហារប៉ុនប៉ងធ្វើអត្តឃាត។ យើងមិនមានព័ត៌មាននោះទេថាតើវិធីសាស្ត្របែបណាដែលអ្នកបំផ្ទុះគ្រាប់បែកអាចចូលទៅដល់ខាងក្នុងការិយាល័យរបស់លោកអភិបាលនោះទេ»។ លោកបានបន្ថែមថា មនុស្សពីរនាក់ផ្សេងទៀតក៏បានទទួលរងរបួសផងដែរ។ ក្រោយហេតុការណ៍នេះកើតឡើង មិនទាន់មាននរណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែគេកត់សម្គាល់ថា នៅក្នុងតំបន់នោះមានក្រុម ISIL ដែលជាក្រុមប្រឆាំងរដ្ឋាភិបាលតាលីបង់ដ៏មានសក្ដានុពលមួយ។
ការបំផ្ទុះគ្រាប់បែកសម្លាប់អភិបាលខេត្តលោក Muzammil ដែលតែងតែមានគំនិតប្រឆាំងក្រុម ISIL បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានទៅជួបប្រជុំជាមួយក្រុមមន្ត្រីរដ្ឋាភិបាលកំពូលៗនៅរដ្ឋធានីកាប៊ុល។ ការសម្លាប់នេះបានធ្វើឱ្យលោក Muzammil ក្លាយជាឥស្សរជនដែលមានឋានៈខ្ពស់បំផុតម្នាក់ដែលត្រូវបានសម្លាប់ ចាប់តាំងពីក្រុមតាលីបង់បានចូលកាន់អំណាចក្នុងឆ្នាំ២០២១។
គួរដឹងដែរថា ចាប់តាំងពីក្រុមតាលីបង់ដណ្តើមអំណាចគ្រប់គ្រងបានសម្រេចមក អំពើហិង្សានៅទូទាំងប្រទេសអាហ្វហ្គានីស្ថានត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ប៉ុន្តែស្ថានការណ៍សន្តិសុខហាក់កាន់តែយ៉ាប់យ៉ឺនម្តងទៀតដោយសារក្រុម ISIL តែងតែបានធ្វើការវាយប្រហារនៅតាមតំបន់ជាច្រើននៅក្នុងប្រទេស។
អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា អាជ្ញាធរបានដាក់ពង្រាយកងសន្តិសុខបន្ថែមនៅតំបន់ការិយាល័យអភិបាលខេត្ត និងបានហាមមិនឱ្យអ្នកសារព័ត៌ធ្វើការថតរូបនោះទេ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលតាលីបង់លោក Zabihullah Mujahid បានបង្ហោះសារនៅលើបណ្ដាញ Twitter ថា «លោក Muzammil ត្រូវបានធ្វើទុក្ករកម្មនៅក្នុងការផ្ទុះដោយសត្រូវរបស់សាសនាអ៊ិស្លាម»។ គួររំឭកដែរថា ដំបូងឡើយលោក Muzammil ត្រូវបានតែងតាំងជាអភិបាលខេត្ត Nangarhar ដែលស្ថិតនៅភាគខាងកើត ជាកន្លែងដែលលោកបានដឹកនាំការប្រយុទ្ធជាមួយក្រុម ISIL មុនពេលដែលលោកត្រូវបានប្ដូរទៅកាន់ខេត្តបាលក៍ កាលពីឆ្នាំមុន។
កាលពីថ្ងៃពុធ លោកបានចូលជួបឧបនាយករដ្ឋមន្ត្រីពីររូប និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ក្នុងការធ្វើទស្សនកិច្ចទៅកាន់ខេត្តបាល៍ ដើម្បីពិនិត្យមើលគម្រោងធារាសាស្ត្រនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។ ដោយឡែក ក្រុម ISIL វិញ ជាក្រុមដែលលេចរូបរាងឡើងកាលពីឆ្នាំមុន ហើយបានបង្កជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំចំពោះរដ្ឋាភិបាលតាលីបង់។ ក្រុមនេះបានធ្វើការវាយប្រហារទៅលើជនស៊ីវិលអាហ្វហ្គានីស្ថាន ក៏ដូចជាជនបរទេសទៀតផង។
យ៉ាងណាក៏ដោយ ក្រុម ISIL ធ្លាប់បានលើកឡើងថា ខ្លួនកំពុងប្រយុទ្ធដើម្បីបង្កើតរដ្ឋអ៊ិស្លាមជាសកលមួយ មិនមែនវាយប្រហារពួកតាលីបង់ដើម្បីគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននោះទេ។ កន្លងមក ការវាយប្រហារជាច្រើនបានកើតឡើង ធ្វើឱ្យកក្រើកខេត្តបាល់ក៍ រួមទាំងនៅតំបន់ Mazar-i-Sharif កាលពីឆ្នាំមុន ដែលការវាយប្រហារខ្លះត្រូវបានចេញមុខមកទទួលខុសត្រូវដោយក្រុមប្រដាប់អាវុធ ISIL។
ជាក់ស្ដែង កាលពីខែមករា ឧក្រិដ្ឋជនម្នាក់បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង និងសម្លាប់មនុស្សនៅជុំវិញយ៉ាងហោចណាស់ ១០ នាក់នៅជិតក្រសួងការបរទេសក្នុងទីក្រុងកាប៊ុល។ ការបំផ្ទុះនេះក៏ត្រូវបានចេញមកអះអាងទទួលខុសត្រូវដោយក្រុម ISIL នេះដែរ។ បន្ថែមលើនេះ យ៉ាងហោចណាស់មានជនជាតិចិន ៥ នាក់បានរងរបួសដោយខ្មាន់កាំភ្លើងបានបាញ់នៅសណ្ឋាគារដែលពេញនិយមបំផុតក្នុងចំណោមអ្នករកស៊ី ឬ ពាណិជ្ជករនៅឯទីក្រុងកាប៊ុលកាលពីខែធ្នូកន្លងទៅ។ ហេតុការណ៍នេះ ក៏ត្រូវបានក្រុម ISIL បានចេញមកអះអាងទទួលខុសត្រូវដូចគ្នា។
មិនត្រឹមតែប៉ុណ្ណោះ ការវាយប្រហារស្ថានទូតប៉ាគីស្ថានក្នុងទីក្រុងកាប៊ុលកាលពីខែធ្នូ ដែលកាលនោះ ទីក្រុងអ៊ីស្លាម៉ាបាដបានបរិហារថាជាការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងឯកអគ្គរដ្ឋទូតរបស់ខ្លួន ក៏ត្រូវបានក្រុម ISIL នេះចេញមុខទទួលខុសត្រូវផងដែរ។ សូម្បីតែបុគ្គលិកស្ថានទូតរុស្ស៊ីពីរនាក់ដែលបានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅស្ថានបេសកកម្មរបស់ពួកគេកាលពីខែកញ្ញា ក៏ត្រូវបានអះអាងទទួលខុសត្រូវដោយក្រុម ISIL ទៀត៕