កាសែត​ដឹណេសិន​ថៃ​ផ្សាយថា​ មនុស្ស​ជិត​ ៣ ពាន់​នាក់​ស្នើ​សុំ​ទិដ្ឋាការ​រយៈពេល​វែង​ បន្ទាប់ពី​ថៃដាក់​ដំណើរ​ការ​ទិដ្ឋាការ​ប្រភេទនេះ​បាន​រយៈពេល ៤ ខែ។ ​នេះបើ​តាម​ប្រសាសន៍​របស់​អ្នកស្រី Traisulee Taisaranakul​អ្នកនាំ​ពាក្យ​រដ្ឋាភិបាលថៃ​។

អ្នកស្រី​ Traisulee Taisaranakul​ មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែតថា ​គិត​ត្រឹមខែ​មិនា ​ឆ្នាំ ២០​២៣ ​មាន​ជន​បរទេស​ជា​អ្នកមាន​ទ្រព្យសម្បត្តិ ​និង​ជា​អ្នក​ជំនាញ​ជិត​ ៣ ០០០​ នាក់ បាន​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ស្នាក់​នៅរយៈ​ពេលវែង​ (LTR)​ ថ្មី​របស់​ប្រទេស​ថៃ​ក្នុង​រយៈពេល ​៤​ ខែដំបូង​។

ទិដ្ឋាការ​ប្រភេទ​វែងមា​នរយៈពេល​១០​ឆ្នាំ​ត្រូវ​បាន​ថៃ​ប្រកាស​កាលពី​ថ្ងៃទី​ ១ ខែ​វិច្ឆិកាឆ្នាំ​ ២០២២ ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន ​ឬ​មនុស្ស​មាន​ទេពកោសល្យ​ និង​ពហុជាតិ​សាសន៍​បរទេស​មក​កាន់​ប្រទេសថៃ​។

អ្នកស្រីTraisulee ​លើកឡើងថា​ជន​បរទេស​សរុប​ចំនួន ​២​៩២០​នាក់​បាន​ដាក់​ពាក្យសុំ​ទិដ្ឋាការ LTR ​ពី​ក្រុម​ប្រឹក្សា​វិនិយោគ ​(BOI) ចន្លោះ​ពីថ្ងៃទី១ ​ខែវិច្ឆិកា​ដល់ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំនេះ​។

អ្នក​ស្រី​បញ្ជាក់​ថា ក្នុង​ចំណោមអ្នក​ដែលបាន​ដាក់ពាក្យ​មាន​ ១៩៥​នាក់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្កុកស្ដម ​មនុស្ស ចំនួន ​១០១១​នាក់ ​ជា​និវត្តន៍ជន​ មនុស្ស​ចំនួន​៧៧១​នាក់​ជា​អ្នក​ចង់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​មនុស្ស​ចំនួន​៣៩០នាក់​ ជា​បុគ្គល​ដែលមាន​ជំនាញ ​និង​ ៥៥៣​នាក់​ ជា​អ្នករស់​នៅ​ក្នុងបន្ទុក។​

អ្នក​ស្រី​បន្ថែមថា​ អ្នក​សុំទិដ្ឋាការ​ច្រើន​ជាង​គេអ្នក​មក​ពីអឺរ៉ុប​ចំនួន​៩៤០​នាក់​ តាមពី​ក្រោយ​ដោយ​អ្នក​មក​សហរដ្ឋ​អាមេរិក​៥១៧​នាក់ ​និ​ងអ្នក​មក​ពី​ប្រទេស​ចិន៣២៥​នាក់​ ក្រៅពីនេះ​មាន​មនុស្ស​មកពី​ប្រទេស​ផ្សេង​ៗទៀត​។

អ្នក​ស្រី​បញ្ជាក់ថា៖«​ ការ​ផ្តល់​ទិដ្ឋាការ​ ប្រភេទនេះ​ ដើម្បី​ទាក់ទាញ​បុគ្គល​បរទេស​ដែលមាន​ជំនាញ ​និង​ពហុជាតិ​សាសន៍ ​មក​ប្រទេស​ថៃ ​គឺជា​ការ​ជំរុញ​សក្តានុពល​នៃ​កម្លាំង​ពលកម្មថៃ​។ អ្នកទាំងនោះ​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ប្រទេសថៃ។​ជន​បរទេស​ដែល​មាន​ទេព​កោសល្យ ​និង​ក្រុមហ៊ុន​ពហុជាតិ​សាសន៍​អាច​ផ្តល់​ចំណេះ​ដឹង​ និង​ការច្នៃ​ប្រឌិត​សម្រាប់​ជនជាតិថៃ​ដែលធ្វើ​ការ​ជា​មួយ​ពួកគេ​»។

លោកស្រីបាន​បន្ថែមថា​ ប្រទេស​ជាច្រើន​បាន​ឃើញស​ក្តានុពល​របស់​ប្រទេស​ថៃ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅទី​ក្រុងបាងកក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន​។

អ្នកស្រីTraisulee បាន​និយាយថា ​ក្រុមប្រឹក្សា​វិនិយោគថៃ ​បាន​ប្រគល់​សិទ្ធិ​ទៅឱ្យ​ក្រុមហ៊ុនពហុ​ជាតិ​ ជាង ​៥០០​ដើម្បី​បង្កើត​ទីតាំងស្នាក់​ការ​តំបន់​របស់​ពួកគេ​ ក្នុង​ប្រទេសថៃ​។

លោក​ស្រី​បន្ត​ថា ​ក្រុមហ៊ុន​ចម្រុះ​ជាតិ​សាសន៍ទាំង​៥​ ដែល​បង្កើត​ទីស្នាក់ការ​កណ្តាល​ក្នុង​ប្រទេស​ថៃ​ រួមមាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជប៉ុន ​សហរដ្ឋ​អាមេរិក ​សិង្ហបុរី​ ហុងកុង ​និង​ប្រទេស​បារាំង។​ក្នុងនោះ​មាន​ក្រុមហ៊ុនល្បីៗ​ដូចជា ​Agoda, Huawei Technologies, Arcelik Hitachi, Ajinomoto, Nissin Foods, Alstom, Toyota Motor និង ​Nippon Steel​៕