នៅព្រឹក​ថ្ងៃចន្ទ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ KCNA ​បាន​ផ្សាយ​ថា ​ប្រទេស​កូរ៉េខាងជើង ​សាកល្បង​កាំជ្រួចបាញ់​ចេញពី​នាវាមុជ​ទឹក​ចំនួន​ ២ គ្រាប់ ​កាល​ពីថ្ងៃទី ១២ ​ខែមីនា​ ដើម្បី​បង្ហាញ​ការ​ឆ្លើយតប​ចំពោះ​សមយុទ្ធ​យោធា​រវាង​សហ​រដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​។

ក្រុម​អ្នក​ឃ្លាំមើល​កត់​សម្គាល់​ពាក្យ«យុទ្ធសាស្ត្រ»​ ដែល​សារព័ត៌​មាន​រដ្ឋកុម្មុយនីស្ត​មួយនេះ​ប្រើជា​ធម្មតា​ដើម្បី​ពិពណ៌នា​អំពី​អាវុធ​ពាក់ព័ន្ធនឹង​ថាមពល​នុយក្លេអ៊ែរ។ ​សារព័ត៌មាន​ KCNA បាន​និយាយថា ​ការ​បាញ់​សាកល្បង​កាំជ្រូចនេះ​ជោគជ័យ​ដូចការ​រំពឹងទុក​។

អគ្គសេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង ​បាន​និយាយថា ​យោធាខ្លួន​ប្រុង​ប្រយ័ត្នខ្ពស់​ ហើយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេសនេះ ​កំពុង​ធ្វើការ​ជា​មួយ​សមភាគី​អាមេរិក​ ដើម្បី​វិភាគ​ពីភាព​ជាក់លាក់​នៃ​ការ​បាញ់កាំជ្រូច​របស់​កូរ៉េខាង​ជើង​លើកនេះ​។

កងទ័ព​កូរ៉េខាងត្បូង ​និង​អាមេរិក​នៅថ្ងៃចន្ទទី១៣​ មីនា​ នឹង​ចាប់ផ្តើម​សមយុទ្ធ​រួមគ្នា​រយៈពេល​ ១១​ថ្ងៃ ​ដែល​មាន​ឈ្មោះ​ហៅថា ​Freedom ​Shield 23​។

KCNA ​បាន​និយាយថា ​ការ​បាញ់​កាំជ្រូច​ពីនាវា​មុជទឹកនេះ​ ធ្វើឡើង​ ក្នុង​គោល​បំណង​បង្ហាញពី​ការ​ប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ក្នុងកា​រគ្រប់គ្រង​ស្ថានការណ៍​មួយ ​ដែល​ KCNA​ បាន​និយាយថា ​«ចក្រពត្តិ​និយម​អាមេរិក​ និង​កង​កម្លាំង​អាយ៉ង​កូរ៉េខាងត្បូង​កំពុងធ្វើ​សមយុទ្ធ​ត្រៀម​ឈ្លាន​ពាន​កូរ៉េ​ខាងជើង​»។

KCNA ​បាន​និយាយថា ​កាំជ្រួចនេះ​ បាន​បាញ់​ចេញ​ពី​នាវាមុ​ជទឹក ​"8.24 Yongung"​ នៅក្នុង​ទឹកនៅ​ឆ្នេរ​សមុទ្រ​ភាគខាងកើត​នៃ​ឧបទ្វីបកូរ៉េ​នៅ​ព្រឹកព្រលឹម​ថ្ងៃអាទិត្យ។​ របាយការណ៍​របស់​ KCNA ​បាន​និយាយថា​ កាំជ្រួច​បានធ្វើ​ដំណើរ​ចម្ងាយ​ប្រហែល ​១​ ៥​០០ ​គីឡូ​ម៉ែត្រ មុន​ពេល​វាយ​ប្រហារ​គោលដៅ​មួយ​នៅក្នុង​សមុទ្រ​។

សារព័ត៌មាន​AP​រាយការណ៍ថា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​លោក ​គីម ជុងអ៊ុន​ បាន​អង្កេត​ដោយ​ផ្ទាល់​លើ​​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដែល​ក្លែង​ធ្វើ​ការ​វាយ​ប្រហារ​លើ​អាកាស​យានដ្ឋាន​កូរ៉េ​ខាង​ត្បូង។ ​លោកថែម​ទាំង បាន​បញ្ជាឱ្យ​យោធារបស់​គាត់​រក្សា​សមត្ថភាព​ «ឆ្លើយ​តប​យ៉ាង​លើសលប់»ចំពោះ​សកម្មភាព​របស់​សត្រូវ​ទៀតផង​៕

វីដេអូ៖