
សមាជិកព្រឹទ្ធសភាចូលរួមសម័យប្រជុំស្តីពីកំណែទម្រង់សោធននិវត្តន៍របស់រដ្ឋាភិបាល នៅព្រឹទ្ធសភាបារាំង ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២៣។ AFP
សមាជិកព្រឹទ្ធសភាបារាំងកាលពីល្ងាចថ្ងៃសៅរ៍ បាននាំគ្នាបោះឆ្នោតអនុម័តលើកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតីអេម៉ានុអែលម៉ាក្រុង (Emmanuel Macron) ខណៈដែលបាតុកររាប់សែននាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានាទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការសម្រេចមួយនេះ។ គួរដឹងដែរថា កំណែទម្រង់នោះរួមមានការពន្យារអាយុចូលនិវត្តន៍ស្របច្បាប់ពី ៦២ទៅ ៦៤ឆ្នាំ។
តាមរយៈការបោះឆ្នោតនោះ គេទទួលបានសំឡេងគាំទ្រចំនួន ១៩៥ សំឡេងទល់នឹងសំឡេងប្រឆាំងចំនួន ១១២ សំឡេង។ ការណ៍នេះ បានធ្វើឱ្យផែនការប្រាក់សោធននិវត្តន៍របស់លោក ម៉ាក្រុង ជិតក្លាយទៅជាច្បាប់ពេញលេញហើយ។
នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានសរសេរសារបង្ហោះនៅលើបណ្ដាញ Twitter ថា៖ «បន្ទាប់ពីកិច្ចពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេលរាប់រយម៉ោងទីបំផុត ព្រឹទ្ធសភាបានអនុម័តលើផែនការកំណែទម្រង់ប្រាក់សោធននិវត្តន៍ហើយ។វាគឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យកំណែទម្រង់មួយនេះកើតឡើង ដើម្បីធានាដល់អនា គតនៃប្រព័ន្ធសោធននិវត្តន៍របស់យើងទាំងអស់គ្នា»។
លោកស្រីបន្ថែមថា៖ «ខ្ញុំបានប្ដេជ្ញាចិត្តហើយក្នុងការធានាថាសេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានអនុម័តចូលជាធរ មាននៅថ្ងៃខាងមុខនេះ»។ បច្ចុប្បន្ននេះ ព្រឹទ្ធសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះរួចជាស្រេច ហើយប្រហែលជានៅថ្ងៃពុធខាងមុខនេះវានឹងត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការរួមគ្នាមកពីសភាជាន់ទាបនិងសភាជាន់ខ្ពស់។
ប្រសិនបើគណៈកម្មាធិការយល់ព្រមទៅលើសេចក្ដីព្រាងមួយនេះការបោះឆ្នោតជាលើកចុងក្រោយនៅក្នុងសភាទាំង២ ទំនងជានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ប៉ុន្តែលទ្ធផលនៅតែមិនប្រាកដប្រជានៅក្នុងសភាជាន់ទាបនៅឡើយ ពោលគឺរដ្ឋសភា ដោយសារតែគណបក្សរបស់លោកម៉ាក្រុង ត្រូវការសំឡេងគាំទ្រពីសម្ព័ន្ធមិត្ត ដើម្បីទទួលបានសំឡេងភាគច្រើន។
ប្រសិនបើរដ្ឋាភិបាលបារម្ភថាខ្លួននឹងមិនមានសំឡេងគ្រប់គ្រាន់នៅក្នុងសភាជាន់ទាបនោះទេ រដ្ឋាភិបាលក៏នៅតែអាចរុញសេចក្ដីព្រាងនេះបន្តទៅមុខដោយមិនមានការបោះឆ្នោតសភាតាមរយៈយន្តការដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលកម្រប្រើមួយនិងមានភាពចម្រូងចម្រាសខ្លាំងដែលគេស្គាល់ថា ជាមាត្រា ៤៩ កថាខណ្ឌទី៣ ដែលបានចែងថា «នាយករដ្ឋមន្ត្រីអាចស្នើឱ្យព្រឹទ្ធសភាអនុម័តសេចក្តីថ្លែងការណ៍អំពីគោលនយោបាយសាធារណៈបាន»។
យ៉ាងណាក៏ដោយ បណ្ដាសហជីពបាននាំគ្នាធ្វើបាតុកម្មប្រឆាំងយ៉ាងខ្លាំងចំពោះកំណែទម្រង់នេះ ហើយកាលពីថ្ងៃសៅរ៍ ពួកគេបានសង្ឃឹមថានឹងអាចបង្ខំឱ្យលោកម៉ាក្រុងព្រមលុបចោលផែនការរបស់លោក បើទោះបីជាការតវ៉ាប្រឆាំងនៅថ្ងៃនោះមានចំនួនតិចតួចជាងថ្ងៃមុនៗក៏ដោយ។
យោងតាមតួលេខពីក្រសួងមហាផ្ទៃកាលពីថ្ងៃសៅរ៍បាតុករចំនួន ៣៦៨ ០០០ នាក់ បានដើរដង្ហែក្បួននៅតាមដងផ្លូវនាទីក្រុងផ្សេងៗក្នុងប្រទេស ខណៈអាជ្ញាធរបានរំពឹងថាមនុស្សទាំងអស់អាចនឹងឈានដល់ ១ លាននាក់ដោយសារតែមានមនុស្សរហូតដល់ទៅ ១,២៨ លាននាក់ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវកាលពីដើមសប្តាហ៍។
ការផ្ទុះឡើងនូវបាតុកម្មកាលពីល្ងាចថ្ងៃសៅរ៍បានធ្វើឱ្យក្រុមប៉ូលិសទីក្រុងប៉ារីស ចាប់ខ្លួនបាតុករហិង្សាចំនួន ៣២ នាក់ បន្ទាប់ពីក្រុមពួកគេមួយចំនួន បានគប់វត្ថុទៅកាន់កងកម្លាំងសន្តិសុខដោយធុងសំរាម បានឆាបឆេះនិងបង្អួចមានការបាក់បែកខ្ទេចខ្ទី។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបណ្ដាសហជីពនៅប្រទេសបារាំង បានបង្ហាញការបង្រួបបង្រួមចាប់តាំងពីចលនាតវ៉ា ត្រូវបានចាប់ផ្តើមកាលពីចុងខែមករាហើយបានអំពាវនាវឱ្យរដ្ឋាភិបាលរៀបចំឱ្យមានការពិគ្រោះយោបល់ពីប្រជាពលរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្រុមសហជីពទាំងនោះ បាននិយាយថាពួកគេមានគម្រោងដាក់សម្ពាធលើរដ្ឋាភិបាលជាមួយនឹងការបន្តធ្វើកូដកម្មទូទាំងផ្ទៃប្រទេសនិងការតវ៉ាប្រឆាំងមួយទៀតដែលគ្រោងនឹងធ្វើនៅថ្ងៃពុធ ខាងមុខនេះ។ លោកស្រីMarylise Leon អនុប្រធានសហជីពការងារប្រជាធិបតេយ្យបារាំង ឬ ហៅកាត់ថា CFDT បានប្រាប់ទូរទស្សន៍ Franceinfo ថា៖«នេះគឺជាការបាតុកម្មលើកចុងក្រោយហើយ។ រឿងជាច្រើននឹងអាចកើតឡើងនៅសប្តាហ៍ក្រោយ។តើសេចក្ដីព្រាងនោះ នឹងត្រូវបោះឆ្នោតនៅក្នុងរដ្ឋសភាដែរឬទេ? យើងត្រូវប្រមូលផ្តុំគ្នាពោលគឺយើងត្រូវធ្វើឥឡូវនេះ បើមិនដូច្នោះទេ វានឹងហួសពេល»។
គួរបញ្ជាក់ថា មានការស្ទង់មតិមួយបានបង្ហាញថា ពលរដ្ឋភាគច្រើនបានមិនយល់ស្របជាមួយនឹងផែនការរបស់លោកម៉ាក្រុង ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះដែលគាំទ្រការធ្វើកូដកម្ម។ យ៉ាងណាមិញ មនុស្សភាគច្រើនបានលើកឡើងថាពួកគេជឿជាក់ថាលោកប្រធានាធិបតីនឹងធ្វើឱ្យកំណែទម្រង់របស់ខ្លួនត្រូវបានអនុម័តនាពេលខាងមុខជាក់ជាមិនខាន។
បន្ថែមលើនេះ រដ្ឋាភិបាលតែងតែទទូចថាផែនការកំណែទម្រង់នេះពិតជាមានសារៈសំខាន់ណាស់ដើម្បីធានាឱ្យប្រព័ន្ធសោធននិវត្តន៍របស់បារាំងរួចផុតពីបញ្ហាកង្វះថវិកាប៉ុន្តែមនុស្សជាច្រើនបានមើលឃើញថា ការផ្លាស់ប្តូរដូចជាការបង្កើនអាយុចូលនិវត្តន៍ គឺជារឿងអយុត្តិធម៌ចំពោះអ្នកដែលបានចាប់ផ្តើមធ្វើការតាំងពីខ្លួននៅវ័យក្មេង។
លោក Claude Jeanvoine អាយុ៦៣ ឆ្នាំដែលជាអ្នកបើកបររថភ្លើងចូលនិវត្តន៍ម្នាក់ បានចូលរួមធ្វើបាតុកម្មនៅទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង។ លោកបាននិយាយថា៖«ខ្ញុំមកទីនេះ តស៊ូដើម្បីមិត្តរួមការងារ និងយុវជនជំនាន់ក្រោយរបស់យើង»។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ប្រជាជនមិនគួរទុកឲ្យរដ្ឋាភិបាលបន្តធ្វើរឿងនេះបានជោគជ័យនោះទេ។ នេះជារឿងអនាគតរបស់កូនៗ និងចៅៗរបស់ពួកគេ»។
ក្រោមកំណែទម្រង់ថ្មីនេះក៏នឹងមានការបង្កើនចំនួនឆ្នាំ ដែលពលរដ្ឋបារាំងត្រូវធ្វើវិភាគទានដើម្បីទទួលបានប្រាក់សោធនពេញលេញផងដែរ។ក្រុមអ្នកតវ៉ាបានថ្លែងថា ស្ត្រីជាពិសេសស្ត្រីជាម្តាយក៏នឹងទទួលរងនូវផលប៉ះពាល់ពីគុណវិបត្តិនៃកំណែទម្រង់ថ្មីនេះដែរ។ លោកស្រី Sophie Merle អ្នកផ្តល់សេវាថែទាំកុមារម្នាក់ អាយុ ៥០ ឆ្នាំ រស់នៅទីក្រុង Marseille ភាគខាងត្បូងប្រទេសបានមានប្រសាសន៍ថា «ប្រសិនបើខ្ញុំដឹងថារឿងនេះនឹងមកដល់ខ្ញុំមិនឈប់ធ្វើការដើម្បីមកមើលថែកូនរបស់ខ្ញុំកាលពីនៅតូចនោះទេ»។
គួរដឹងដែរថា ការធ្វើកូដកម្មបានប៉ះពាល់ដល់វិស័យជាច្រើនក្នុងសេដ្ឋកិច្ចបារាំងទាំងមូលក្នុងនោះរួមមាន ការដឹកជញ្ជូនតាមផ្លូវដែកនិងផ្លូវអាកាស ស្ថានីយថាមពល ស្ថានីយឧស្ម័នធម្មជាតិ និងការប្រមូលសំរាមជាដើម។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TotalEnergies បានកត់សម្គាល់ថា កូដកម្មនៅតែបន្តមាននៅតាមរោងចក្រចម្រាញ់ប្រេងនិងដេប៉ូលក់ប្រេងខណៈដែលប្រតិបត្តិករផ្លូវដែកសាធារណៈបានឱ្យដឹងថា បណ្ដាសេវាកម្មថ្នាក់ជាតិ និងថ្នាក់តំបន់ទាំងអស់ទទួលរងផលប៉ះពាល់ខ្លាំងនៅចុងសប្តាហ៍នេះ។
រីឯនៅទីក្រុងប៉ារីសវិញសំរាមបានបន្តគរនៅលើដងផ្លូវហើយពលរដ្ឋខ្លះបានសង្កេតឃើញថាសត្វកណ្តុរកំពុងមានការកើនឡើងខ្លាំង។អ្នកនាំពាក្យសហជីពមួយឈ្មោះថា CGT បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ថា «ដោយសារតែការធ្វើកូដកម្មពីសំណាក់បុគ្គលិកជាច្រើនការផលិតថាមពល នៅប្រទេសបារាំងត្រូវបានកាត់បន្ថយចំនួន ៧,១ ជីហ្កាវ៉ាត់ឬស្មើនឹង ១៤ ភាគរយនៅតាមរោងចក្រថាមពលនុយក្លេអ៊ែរនិងកម្តៅ និងវារីអគ្គិសនីកាលពីថ្ងៃសៅរ៍»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖«ការជួសជុលម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៦ របស់បារាំងក៏ត្រូវបានផ្អាកដូចគ្នា»។ បើទោះបីជាមានការតវ៉ាបាតុកម្មនិងកូដកម្មបែបណាក៏ដោយក៏លោក ម៉ាក្រុង បានបដិសេធរាល់ការអំពាវនាវជាបន្តបន្ទាប់របស់សហជីពនិងបានបដិសេធចំពោះការសុំចូលជួបជាមួយលោកដើម្បីបញ្ចុះបញ្ចូលឱ្យលោកផ្លាស់ប្តូរផែនការនេះ។
លោក Philippe Martinez មេដឹកនាំសហជីពឆ្វេងនិយម CGT បានលើកឡើងថា៖«ការមិនខ្វាយខ្វល់របស់លោក ម៉ាក្រុង នេះបានធ្វើឲ្យសហជីពខឹងយ៉ាងខ្លាំង»។
លោកបន្តថា «នៅពេលដែលមានមនុស្សរាប់លាននាក់នៅតាមដងផ្លូវនិងនៅពេលដែលមានកូដកម្មពាសពេញផ្ទៃប្រទេសហើយអ្វីដែលយើងទទួលបានពីភាគីម្ខាងទៀតគឺភាពស្ងៀមស្ងាត់ មិនឆ្លើយតបនោះវាបានធ្វើឱ្យយើងឆ្ងល់ថាតើយើងត្រូវធ្វើអ្វីបន្តទៀតដើម្បីសំឡេងរបស់យើងអាចដឹងឮដល់ពួកគេ»។មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអំពាវនាវឱ្យមានការធ្វើប្រជាមតិលើកំណែទម្រង់ប្រាក់សោធននិវត្តន៍នេះទៀតផង៕