ប្រទេស​ម៉ូសំប៊ិក​ និង​ម៉ាឡាវី​កំពុង​ទទួល​រងគ្រោះ​ដោយព្យុះ​ត្រូពិក Freddy​ ជាលើកទី២​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ១០០​ នាក់​បាន​បាត់​បង់ជីវិត​ និង​រាប់រយនាក់​ផ្សេងទៀត​រងរបួស ​កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅនេះ​ ចាប់តាំងពី​ចុង​សប្តាហ៏​មុនមក​។

ព្យុះត្រូពិក ​Freddy ​ត្រូវបាន​គេស្គាល់ថា ​ជា​ព្យុះ​ដ៏ធំ​មួយក្នុង​ចំណោម​ព្យុះធំៗ​ទាំងអស់​ដែល​មិនធ្លាប់​មាន​ នៅ​អឌ្ឍ​គោល​ខាងត្បូង ​ហើយវា​ក៏​អាច​ក្លាយទៅ​ជាព្យុះ​ស៊ីក្លូន​ត្រូពិច​ផងដែរ។ ​នេះ​បើយោង​ទៅ​តាម​អង្គការ​ឧតុនិយម​ពិភព​លោក​។​

ព្យុះ Freddy​ បាន​វាយលុក​ប្រទេស ​Mozambique​ កាល​ពីថ្ងៃសៅរ៏​ដោយ​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​បង្កជា​ទឹកជំនន់​ជន​លិចយ៉ាង​សន្ឋោ​សន្ឋៅ​នៅ​ជុំវិញ​កំពង់​ផែ ​Quelimane​ និងបាន​សម្លាប់​មនុស្ស​អស់​១០នាក់​មុន​និង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡាវី ​អមជា​មួយ​នឹង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​។

លោក​ Charies Kalemba ​នាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា ព្យុះនេះ​បាន​សម្លាប់​មនុស្ស​អស់ ៩៩ ​នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី​ ដែល​ក្នុង​នោះ ​៨៥​ នាក់​ស្ថិត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​នៅទីក្រុង ​Blantyre ​អំឡុង​ពេល​ដែលព្យុះ​កំពុង​បក់​បោក​។​​

ទន្ទឹមនឹង​នោះ​ដែរ​លោក​ស្រី ​Marion Pechayre​ នាយក​ប្រចាំ​ប្រទេស​នៃ​គ្រូ​ពេទ្យ​គ្មាន​ព្រំដែន​បាន​ប្រាប់​សារព័ត៌មាន​រ៉យទ័រ​តាម​ទូរស័ព្ទថា ​សាកសព​យ៉ាង​ហោច​ណាស់​ ៦០ ​នាក់​និង​អ្នក​រងរបួស​ ២០០ នាក់​ទៀត​បាន​ដឹក​មក​កាន់មន្ទីរ​ពេទ្យ​កណ្តាល​ទីក្រុង ​Blantyre​នា​ពេល​រសៀល។ ​អ្នក​ស្រី​បាន​បន្ថែមទៀត​ថា​ អ្នក​រងរបួស​ទាំងអស់​គ្រោះថ្នាក់​បណ្តាល​មកពី​ការ​បាក់​ដើមឈើ ​បាក់ដី​ និង​ទឹកជំនន់​ និង​រលំផ្ទះ។

លោក Peter Kalaya អ្នក​នាំពាក្យ​ប៉ូលិស​ក៏​បាន​ប្រាប់រ៉យទ័រ​ផងដែរថា ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ស្វះស្វែង​រក មនុស្ស​នៅ​ក្នុង​ទីក្រុង​២ ទៀត ​គឺ​ទីក្រុង​Chilobwe​និង​Ndirande​ នៃ​ប្រទេស​ម៉ាឡាវី​ដោយ​សារ​ទីក្រុងនេះ​បាន​ទទួល​រង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង​ជាង​គេ​កាលពី​ថ្ងៃចន្ទ​នេះ។

លោក​បាន​បន្តថា​មិនតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​អគ្គិសនី​របស់​ប្រទេស​ម៉ាឡាវី​Egenco​ត្រូវបាន​ផ្អាកការ​ផ្តល់​ថាមពល​ផង​ដែរ​ដើម្បី​ការពារ​វារី​អគ្គីសនី​សំខាន់ៗ​របស់​ខ្លួនពី​ខ្យល់ព្យុះ​។

ចំណែក​លោក​ Guy Taylor​ប្រធាន​ផ្នែក​តស៊ូមតិ​ទំនាក់ទំនង​និង​ភាពជា​ដៃគូជា​សម្រាប់​អង្គការ Unicef បាន​ប្រាប់​សារព័ត៌​មាន​រ៉យទ័រថា៖«យើង​បាន​សង្កេត​ឃើញ​អគារ​និង​គ្លីនិក​ជាច្រើន​ត្រូវ​បាន​បំផ្លាញ​ ផ្ទះ​ប្រជាជន​ដួលរលំ​ដោយសារ​ខ្យល់​កន្ត្រាក់​ទឹកជំនន់​ជន​លិច​មុន​និង​ខ្យល់ព្យុះ​បាន​មក​ដល់​ ហើយវា​បាន​បង្កើត​ហានិភ័យ​ជាច្រើន​ដល់​ដំណាំ​និង​បង្កើត​ជំងឺ​ឆ្លង​តាមទឹក»។

សូម​បញ្ជាក់​ផងដែរ​ថា ប្រទេស​ម៉ូ​សំប៊ិក ​ប្រទះឃើញ​បរិមាណ​ទឹកភ្លៀង​ច្រើនជាង​ឆ្នាំមុនៗ​ ក្នុង​រយៈពេល​ ៤​សប្តាហ៏​កន្លង​មកនេះ ​ស្របពេល​ដែល​ប្រទេស​ម៉ាឡាវី​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អាសន្ន​រោគ​(Chorela)ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លួន​ដោយ​ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមានថា​ ស្ថានភាព​នេះ​នឹង​អាក្រក់ៗ​ទៅ៕​