
លោកប្រធានាធិបតី ស៊ី ជីនភីង (មុខ) ថ្លែងក្នុងអំឡុងពេលបិទសម័យប្រជុំសភាប្រជាជនជាតិ (NPC) កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ AFP
ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង (Xi Jinping) កំពុងរៀបចំគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយសមភាគីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) នៅសប្តាហ៍ក្រោយនេះ។ ប៉ុន្តែមនុស្សមួយចំនួនដែលបានដឹងនិងតាមដានពីបញ្ហានេះបានលើកឡើងថា ដំណើរទស្សនកិច្ចនេះអាចប្រព្រឹត្តទៅលឿនជាងការរំពឹងទុក។
ផែនការដំណើរទស្សនកិច្ចនេះ បានកើតឡើងនៅពេលដែលប្រទេសចិន បាននិងកំពុងត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលព្យាយាមប្រកាន់ជំហរអព្យាក្រឹតជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ យ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ចិន តែងត្រូវបានប្រឈមមុខជាមួយនឹងការដាក់ការសង្ស័យពីសំណាក់បណ្ដាប្រទេសលោកខាងលិចដោយចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានផ្តល់ការគាំទ្រផ្នែកការទូតដល់ប្រទេសរុស្ស៊ី។
សូមរំឭកថា កាលពីខែមុន លោក ពូទីន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី មកកាន់ប្រទេសរុស្ស៊ីត្រូវបានព្រមព្រៀងគ្នារួចស្រេចហើយបើទោះបីប្រមុខដឹកនាំវិមានក្រឹមឡាំងមួយនេះមិនបានបញ្ជាក់ប្រាប់ពីកាលបរិ ច្ឆេទនៃដំណើរទស្សនកិច្ចនេះជាក់លាក់ក៏ដោយ។ កាលពីខែមុនកាសែត The Wall Street Journal បានរាយការណ៍ថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូអាចនឹងប្រព្រឹត្តទៅនៅខែមេសា ឬដើមខែឧសភា ខាងមុខនេះ។
យ៉ាងណាមិញ ក្រសួងការបរទេសចិនមិនបានផ្ដល់ការឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីលទ្ធភាពដែលលោក ស៊ីនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូនៅពេលណានោះទេ។បន្ថែមលើនេះ នៅពេលដែលមានការសាកសួរពីការរាយការណ៍របស់សារព័ត៌មាន Reutersវិមានក្រឹមឡាំងបានឱ្យដឹងថា ខ្លួនមិនមានអ្វីត្រូវនិយាយនោះទេជុំវិញបញ្ហានេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ូស្គូថា៖ «បើតាមក្បួនច្បាប់កន្លងមក ការប្រកាសអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រទេសនីមួយៗតែងតែត្រូវបានសម្របសម្រួលគ្នាដោយកិច្ចព្រមព្រៀងរវាងគ្នាទៅវិញទៅមករបស់គូភាគីទាំង ២ ជាមុនសិន»។
លោកបន្តថា៖ «នៅពេលដែលមានការត្រៀមខ្លួនរួចរាល់ យើងនឹងប្រកាសប្រាប់អ្នកទាំងអស់គ្នា»។ រហូតមកទល់ពេលនេះ គេមិនទាន់ទទួលបានព័ត៌មានលម្អិតផ្សេងទៀតនោះទេ។ប្រភពមួយដែលបានរាយការណ៍ប្រាប់អំពីបញ្ហានេះ បានបដិសេធមិនបញ្ចេញអត្តសញ្ញាណជាសាធារណៈ ដោយសារតែបញ្ហានេះជាបញ្ហាដែលមានភាពរសើបខ្លាំង។
គួររម្លឹកថា កាលពីខែមុន លោកពូទីនធ្លាប់បានរៀបចំទទួលភ្ញៀវការទូតកំពូលរបស់ប្រទេសចិនរួចម្ដងមកហើយ គឺលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋចិនក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងម៉ូស្គូ។ ប្រភពមួយបានឱ្យដឹងថា ការធ្វើដំណើររបស់លោក វ៉ាងទៅកាន់ទីក្រុងម៉ូស្គូនាពេលនោះ គឺធ្វើឡើងដើម្បីជួយរៀបចំជាមុនសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ស៊ី នាពេលក្រោយនេះ។
សូមកត់សម្គាល់ផងដែរថាទំនាក់ទំនងរវាងប្រទេសចិន និងរុស្ស៊ី បានឈានដល់ដំណាក់កាលភាពជាដៃគូមួយដែលគ្មានដែនកំណត់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ពោលគឺនៅពេលដែលលោក ពូទីន បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ ភាគីទាំង ២ តែងតែបន្តអះអាងជាច្រើនលើកច្រើនសា អំពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ។
ចាប់តាំងពីបានឡើងកាន់តំណែងជាប្រធានាធិបតីចិន លោក ស៊ី បានមានកិច្ចជំនួបជាមួយលោក ពូទីន ដោយផ្ទាល់ចំនួន ៣៩ ដងឯណោះ ដែលជំនួបថ្មីៗបំផុតគឺត្រូវបានធ្វើឡើងកាលពីខែកញ្ញា អំឡុងពេលកិច្ចប្រជុំកំពូលមួយបានប្រព្រឹត្តទៅនៅតំបន់អាស៊ីកណ្តាល។ កាលពីថ្ងៃចន្ទ លោក ស៊ី បានបិទបញ្ចប់សម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជា ជនចិនដ៏ធំមួយដោយលោកបានទទួលការគាំទ្រជាឯកច្ឆន្ទនៅក្នុងការដឹកនាំក្នុងអាណត្តិទី៣ដែលនេះគឺជាព្រឹត្តិ ការណ៍មួយមិនធ្លាប់មានពីមុនមកនោះឡើយក្នុងនាមជាប្រធានាធិបតីចិន៕
វីដេអូ៖