យោងតាម​ពាក្យបណ្ដឹង​មួយ​ទៅកាន់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​ ​១២ ខែមីនា ឆ្នាំ​ ២០២៣ ​បានឱ្យដឹងថា រដ្ឋាភិបាល​ឥណ្ឌា បានបង្ហាញ​ជំហរ​ប្រឆាំង​ដាច់ខាត​ជុំវិញ​ការទទួលស្គាល់​អា​ពា​ហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូចគ្នា​ដោយ​ជំរុញ​ឱ្យ​តុលាការ​បដិសេធ​រាល់​សំណុំរឿង​បច្ចុប្បន្ន​ដែល​បានដាក់​ពាក្យបណ្ដឹង​ដោយ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ​និង​អ្នកផ្សេងៗ​ទៀត​ដែល​ហៅ​កាត់​ថា ជា​ក្រុម LGBT​។​

​ក្រសួង​នីតិ និង​យុត្តិធម៌​ឥណ្ឌា ជឿជាក់ថា ​«​បើទោះបី​ជាមាន​ទម្រង់​ផ្សេងៗ​គ្នា​នៃ​ទំនាក់ទំនង​នៅក្នុង​សង្គម​ក៏ដោយ​ការទទួល ស្គាល់​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​គឺ​ផ្ដល់ជូន​សម្រាប់ ដៃគូ​ដែលមាន​ភេទ​ផ្ទុយគ្នា​តែប៉ុណ្ណោះ​ហើយ​រដ្ឋ​ក៏មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​រក្សា​ទំនៀម​ទម្លាប់​នេះ​បន្ត​ទៅមុខទៀត​»​ នេះ​បើ​យោងតាម​ឯកសារ​មួយ​ដែល​បាន​ពិនិត្យឃើញ​ដោយ​ក្រុម​សារព័ត៌​មាន​Reuters ប៉ុន្តែ​វា​មិនត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​ទេ​។​

​ក្រសួង​ដដែល​បាន​លើកឡើងថា ​«​ការរស់នៅ​ជាមួយគ្នា​ជា​ដៃ​គូ​ស្វាមីភរិយា និង​ការ​មាន​ទំនាក់​ទំនង​ផ្លូវភេទ​រវាង​បុគ្គល​ភេទ​ដូចគ្នា គឺ​មិន​ដូច​ទៅនឹង​អត្ថន័យ​នៃ​ពាក្យ​ថា​ «​គ្រួសារ​» នៅក្នុង​ប្រទេស​ឥណ្ឌា​នោះទេ ពោលគឺ​គ្រួសារ​មួយ​ត្រូវមាន​ប្តី ប្រពន្ធ និង​កូនៗ​»​។

ក្រសួង​បាន​បន្តថា​៖ «​តុលាការ​មិនអាច​ត្រូវបាន​ស្នើឱ្យ​ផ្លាស់ប្តូរ​គោ​លន​យោ​​បាយ​នីតិប្បញ្ញត្តិ​ទាំងមូល​របស់​ប្រទេស​ដែល​បាន​បង្កប់​ទៅក្នុង​បទដ្ឋាន​សាសនា និង​សង្គម​ឥណ្ឌា​យ៉ាង​ស៊ីជម្រៅ​នេះ​ទេ​»​។​

​នៅក្នុង​សាលក្រម​ជា​ប្រវត្តិ​សាស្ត្រ​មួយ​កាលពី​ឆ្នាំ​ ២០១៨ ​តុលាការ​កំពូល​របស់​ប្រទេស​ឥណ្ឌា​ធ្លាប់បាន​ចាត់ទុកថា​ការ​​ស្រឡាញ់​ភេទ​ដូចគ្នា​ជា​រឿង​ដែល​មិន​ខុសច្បាប់​ទេ​ដោយបាន​លុបចោល​បម្រាម​លើ​ការរួម​ភេទ​រវាង​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ទៀតផង​។ ហើយ​ករណី​បច្ចុប្បន្ននេះ​ត្រូវបាន​គេ​មើលឃើញថា វា​ជា​ការវិវឌ្ឍ​ទៅ​ដ៏​សំខាន់​មួយទៀត​អំពី​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​គួរ​ដឹង​ដែរ​ថា យ៉ាងហោចណាស់​មាន​ពាក្យស្នើសុំ​ចំនួន​ ១៥ ដែល​ករណីខ្លះ​ធ្វើឡើង​ដោយ​ដៃគូ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​។ ពាក្យ​ស្នើ​សុំ​ទាំងនោះ បានស្នើ​ឱ្យ​តុលាការ​ទទួលស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​របស់​ពួកគេ​។

​បញ្ហា​ប្រឈមមុខ​ជាមួយ​ផ្លូវ​ច្បាប់​នេះ ក៏​ជា​បញ្ហា​មួយ​ដែល​រដ្ឋា​​ភិ​បាល​របស់​នាយករដ្ឋមន្ត្រី​ណារិន ដ្រា ម៉ូ​ឌី​ ​(Narendra Modi) មិន​ទទួលស្គាល់​ដែរ​។​

​នៅ​តំបន់​អាស៊ី​ប្រទេស​ភាគច្រើន​មានការ​យឺតយ៉ាវ​ក្នុង​ការទទួល​ស្គាល់​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ យ៉ាងណា​មិញ តៃវ៉ាន់​គឺជា​ដែន​កោះ​ដំបូង​គេ​នៅក្នុង​តំបន់​ដែល​ទទួលស្គាល់​សហជីព LGBT​ ខណៈដែល​ប្រទេស​មួយចំនួន​នៅតែ​ចាត់ទុកថា​វា​ជា​រឿង​ខុសច្បាប់​ដូចជា​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។ កាលពី​ឆ្នាំមុន​ប្រទេស​សិង្ហ​បុរី​បាន​បញ្ឈប់​ការ​ហាមប្រាម​ចំពោះ​ការរួម​ភេទ​រវាង​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្តែ​បាន​ចាត់វិធានការ​រារាំង​មិនឱ្យ​មានការ​រៀប​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ​។​

​ដោយឡែក​ក្នុងចំណោម​ប្រទេស​អ្នកមាន​ទាំង ​៧ ឬ G7 ប្រទេស​​ជប៉ុន គឺជា​ប្រទេស​តែ ​១ គត់​ដែល​មិនបាន​ទទួលស្គាល់​ដោយ​ស្រប​ច្បាប់​ចំពោះ​សហជីព​ភេទ​ដូចគ្នា​បើទោះបីជា​សាធារណជន​ទូទៅ​ក្នុងប្រទេស​បង្ហាញ​ការពេញចិត្ត​ក្នុងការ​ទទួលស្គាល់​សហ​ជីព​នេះ​យ៉ាង​ទូលំទូលាយ​ក៏ដោយ​។ នៅក្នុង​ប្រទេស​ឥណ្ឌា​វិញ​បញ្ហា​ចំណងអាពាហ៍ពិពាហ៍​រវាង​មនុស្ស​ស្រ​ឡាញ់​ភេទ​ដូចគ្នា គឺជា​បញ្ហា​ដ៏​រសើប​ខ្លាំង​។ ការលើក​ឡើងមក​និយាយ​ដោយ​បើកចំហ​អំពី​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​គឺជា​បម្រាម​មួយ​យ៉ាង​តឹង​រ៊ុឹង​ខ្លាំង​នៅក្នុង​ប្រទេស​អភិរក្សនិយម​ដែលមាន​ប្រជាជន​ជាង ១,៤​ ប៊ី​លាន​នាក់​មួយ​នេះ​។​

​ជាការ​កត់សម្គាល់​បញ្ហា​នេះ​ត្រូវបាន​លើកយក​មក​ពិភាក្សា​គ្នាច្រើន​នៅលើ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​នៅក្នុង​សភា​ឥណ្ឌា​ផ្ទាល់​តែម្ដង​ដោយ​កាលពី​ខែធ្នូ​មាន​សមាជិកសភា​ម្នាក់​មកពី​គណបក្ស​ជាតិនិយម​ហិណ្ឌូ​ដែលជា​បក្ស​កំពុងកាន់​អំណាច​របស់​លោក ម៉ូ​ឌី បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រឆាំង​ដាច់ខាត​ចំពោះ​ញត្តិ​ដែល​ដាក់​ទៅកាន់​តុលាការ​កំពូល​។ ប៉ុន្តែ​សកម្មជន​ស្រឡាញ់​ភេទ​ដូច​​គ្នា​បាន​លើកឡើងថា ខណៈដែល​សេចក្តីសម្រេច​មួយ​កាលពី​ឆ្នាំ​​ ២០១៨ ​បានបញ្ជាក់​ពី​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ហើយ​នោះ​វា​មិន​យុត្តិធម៌​ទេ​ដែល​ពួក​គេ​នៅតែ​ខ្វះ​ការគាំទ្រ​ផ្នែក​ច្បាប់ និង​ដែល​វា​គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​គូ​ស្វាមីភរិយា​ស្រឡាញ់​ភេទ​ដូចគ្នា​គួរតែ​ទទួលបាន​។​

​កាលពី​ខែធ្នូ អ្នកជំនួញ​ឥណ្ឌា ម្នាក់​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ឈ្មោះថា លោក Uday Raj Anand បាន​ប្រាប់​ទៅកាន់​សារ​ព័ត៌មាន Reuters ថា «​យើង​មិន​អាចធ្វើ​អ្វី​បាន​ច្រើន​ទេ ក្នុង​ដំណើរ​ការរស់នៅ​ប្រចាំថ្ងៃ និង​ការកសាង​ជីវិត​រស់នៅ​ជាមួយគ្នានេះ​»​។​

​រីឯ​នៅក្នុង​បណ្ដឹង​កាលពី​ថ្ងៃ​អាទិត្យ​វិញ រដ្ឋាភិបាល បានប្រកែក​ថា​៖ «​សេចក្តីសម្រេច​ឆ្នាំ ​២០១៨​ មិនអាច​មានន័យថា​ជាការ​ទទួលស្គាល់​សិទ្ធិ​ស្របច្បាប់​ជា​មូលដ្ឋាន​សម្រាប់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​នោះទេ​»​។​

​រដ្ឋាភិបាល​ឥណ្ឌា បាន​អះអាងថា​៖ «​ចេតនា​នៅ​ពីក្រោយ​ប្រព័ន្ធ​ច្បាប់​បច្ចុប្បន្ន​ស្តីពី​អាពាហ៍ពិពាហ៍​របស់​ឥណ្ឌា គឺ​ផ្ដោត ទៅលើ​តែ​ការ​ទទួលស្គាល់​ទំនាក់ទំនង​ផ្លូវច្បាប់​នៃ​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី​ដែលជា​ប្ដី និង​ប្រពន្ធ​តែប៉ុណ្ណោះ​។ ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ច្បាប់​ណាមួយ គួរតែ​ស្ថិតនៅក្រោម​ដែន​យុត្តាធិការ​របស់​សភា​ជាប់ឆ្នោត​មិនមែន​តុលាការ​នោះទេ​។ នៅ​ថ្ងៃ​ចន្ទ​នេះ​ផងដែរ​សវនាការ​នៅ​តុលាការ​កំពូល​នឹង​បើក​ដំណើរការ​លើ​សំណុំរឿង​មួយ​នេះ​៕