
លោកឧត្តមសេនីយ៍ Chakthip Chaijinda។ Twitter
សារព័ត៌មានThaipbs ផ្សាយគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ថៃ បានសម្រេចចោទប្រកាន់អតីតអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ Chakthip Chaijinda និងមនុស្សចំនួន ៤៥ នាក់ផ្សេងទៀតពីបទពុករលួយ។ សំណុំរឿងពុករលួយនោះកើតចេញពីគម្រោងទិញរថយន្តល្បាតរបស់ប៉ូលិស (រថយន្ដនោះប្រើបច្ចេកវិទ្យាឆ្លាតវៃ) ចំនួន ២៦០ គ្រឿង ក្នុងអំឡុងឆ្នាំសារពើពន្ធ ២០១៩ សរុបមានតម្លៃ ប្រហែល ៩០០ លានបាត ឬប្រហែលនឹង ៣០ លានដុល្លារអាមេរិក។
អគ្គលេខាធិការ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) លោក Niwatchai Kasemongkol បាននិយាយកាលពីថ្ងៃទី១៤ ខែមីនា ថា មនុស្សចំនួន ៤៦ រាប់តាំងពីអតីតអគ្គស្នងការនគរបាលជាតិផង មានពេល១៥ថ្ងៃដើម្បីបញ្ជូនសេចក្តីថ្លែងការណ៍បកស្រាយ ទៅកាន់ NACC បន្ទាប់ពីពួកគេបានទទួលការជូនដំណឹងអំពីការចោទប្រកាន់ក្នុងករណីនេះ។
លោកបានបន្ថែមថា ប្រសិនបើពួកគេមិនអាចធ្វើដូច្នេះបាន (បញ្ជូនរបាយការណ៍បំភ្លឺ) ក្នុងរយៈពេលកំណត់នោះ ពួកគេអាចស្នើសុំជាលាយលក្ខណ៍អក្សរដើម្បីពន្យារពេលនៃការបញ្ជូនសេចក្តីថ្លែងការណ៍របស់ពួកគេបាន។
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ NACC បានលើកឡើងពីករណីមេប៉ូលិស ផ្នែកអន្តោប្រវេសន៍ម្នាក់ដែលធ្លាប់ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់ប្រហារលើរថយន្តរបស់គាត់កាលពីខែមករា ឆ្នាំ២០១៩បន្ទាប់ពីនាយប៉ូលិសរូបនោះ បញ្ជាឱ្យមន្ត្រីក្រោមបង្គាប់ស៊ើបអង្កេតសំណុំរឿងទាក់ទងនឹងគម្រោងធ្វើទំនើបកម្មរបស់នគរបាលថៃ ដែលគម្រោងនោះមានទំហំទឹកប្រាក់សរុបរហូតដល់ជាង ២ ពាន់លានបាត។
គម្រោងធ្វើទំនើបកម្មរបស់ប៉ូលិសថៃផ្ដើមដោយការបំពាក់បច្ចេកវិទ្យាទំនើបក្នុងជួរប៉ូលិ ស។ ដូច្នេះការបញ្ជាទិញរថយន្ដបំពាក់ដោយឧបករណ៍ ឆ្លាតវៃ ជាផ្នែកមួយនៃគម្រោងនេះ។
ការស៊ើបអង្កេតរបស់ NACC ថៃបង្ហាញថា ប៉ូលិសភូមិន្ទថៃ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ Chakthip បានផ្តល់កិច្ចសន្យាក្នុងការផ្គត់ផ្គង់រថយន្តល្បាតចំនួន ២៦០ គ្រឿង ដោយមិនមានការដេញថ្លៃជាសាធារណៈឡើយ ដោយប៉ូលិ សបានជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ជំនួសវិញ។ មិនតែប៉ុណ្ណោះ អាជ្ញាធរប៉ូលិស មិនបានផាកពិន័យណាមួយនោះទេ ចំពោះក្រុមហ៊ុនដែលមានកិច្ចសន្យាផ្គត់ផ្គង់រថយន្ដប៉ូលិស បើទោះជាក្រុមហ៊ុនមិនបានប្រគល់រថយន្ដតាមថេរវេលាដែលបានសន្យាក្ដី។
យ៉ាងណាក្ដី កាសែតថៃ មិនទាន់បានសុំការបំភ្លឺពីភាគជាប់ចោទដែលជាអតីតអគ្គស្នងការប៉ូលិសជាតិនេះនៅឡើយទេគិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣៕