តុលាការ​ប្រទេសប៉ាគីស្ថាន ​បាន​ចេញបញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​អតីត​នាយក​រដ្ឋមន្រ្តី​លោក ​Imran Khan​ កាលពី​ថ្ងៃអង្គារ​កន្លង​ទៅនេះ ​ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​បន្ទាប់ពី​ក្រុមបាតុករ​គាំទ្រ​លោក​បាន​បង្ក​អំពើ​ហិង្សា​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​សមត្ថ​កិច្ច។

យោង​តាម​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ​លោក Amir Mir ​បាន​ប្រាប់ទៅកាន់​សារព័ត៌មាន​រ៉យទ័​រថា​ កិច្ចខិតខំ​ប្រឹ​ង​ប្រែង​របស់ប៉ូលិ ស​ត្រូវ​បាន​ពន្យារ​ពេល​កាល​ពីថ្ងៃ​ពុធ ​បន្ទាប់ពី​ផ្ទុះ​កា​រប៉ះទង្គិច​ជា​មួយ​នឹង​ក្រុម​អ្នក​គាំទ្រ​នៅជុំវិញ​លំនៅឋាន​របស់​លោក Khan ​នៅពេល​ដែល​លោក​ បាន​សុំឱ្យ​ពួកគេជួយ​ការពារ​គាត់​ពី​ប្រតិបត្តិការ​ចាប់​ខ្លួននេះ។

លោក Khan ត្រូវបាន​គេចោទ​ប្រកាន់ថា​ជា​អ្នកលក់​អំណោយ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់ខ្លួន ​ក្នុង​ចន្លោះ​ឆ្នាំ២០១៨​ ដល់​២០២២​ប៉ុន្តែត្រូវ​បាន​បដិសេធ​ ដោយ​លោក​អះអាងថា​ លោ​​​ក​មិន​ធ្វើនោះ​ទេ​។

ការ​ប៉ះទ​ង្គិចគ្នានេះ​បាន​បណ្តាល​ឱ្យ​ប៉ូលិស​ជាង​ ៦០ នាក់​ និង​បាតុករ​៨នាក់ ​រងរបួស ​ចំណែក​បាតុករ​១៥នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន។ ​ក្រុមប៉ូលិស​បាន​ចោទ​ប្រកាន់​ពួក​អ្នកគាំទ្រលោក ​Khan​ដោយ​ប្រើប្រាស់​គ្រា​ប់​បែក​សាំង​ ម៉ាស៊ីន​បំប្លែង​ និង​ដុត​រថយន្ត​ ដើម្បី​ប្រឆាំង​ទៅនឹង​ពួកគេ។​ជា​មួយគ្នានោះ​ដែរ​ លោក​ Khan បា​ន​ពណ៌នា​សកម្មភាព​នេះថា​ជា​ភាព​អនាធិបតេយ្យ ​ដោយ​លើក​ឡើង​ថា​ ខ្លួនមិន​មាន​ការ​គ្រប់គ្រង​ទៅលើ​ពួក​បាតុករ​ទេ។​

លោក​បាន​និយាយថា៖«ពួកនៅខាង​ក្រៅមិន​ស្តាប់​ខ្ញុំ​ទេ​ នៅពេល​ដែល​ភាព​អនាធិបតេយ្យ​និង​ការ​បាញ់​ផ្លោង​នេះ​កើត​ឡើង ​ពួកគេ​លែង​ស្តាប់ខ្ញុំហើយ ​ខ្ញុំ​អត់​មាន​ការ​គ្រប់គ្រង​ទៅលើ​ពួកគេ​នោះទេ»។​ ក្រៅពីនេះ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៍មាន ​លោក ​Fawad Chaudhry​ ដែលជា​ជំនួយការ​ជិតស្និទ្ធ​លោក​ Khan​ក៏​បាន​និយាយ​គាំទ្រ​លោក​ផងដែរថា​ពួក គេ​មិន​អាច​គ្រប់គ្រង​អ្នកគាំទ្រ​របស់ខ្លួន​បាន​នោះទេ ​ហើយលោក​បាន​ប​ន្ត​ទៀតថា​ លោក​មាន​ការ​ព្រួយបារម្ភ​ដល់​លោក Khan ​ដោយសារ​កន្លង​មក​លោកត្រូវ​បាន​គេប៉ុនប៉ង​ធ្វើ​ឃាត ស្រប​ពេល​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កំពុង​ធ្វើការ​គំរាមកំហែង​ទៅលើ​រូបលោក​។

​​លោក Muneeb Farooq ​អ្នកវិភាគ​នយោបាយ​១​រូប ​បាន​និយាយថា​ ប្រសិន​បើលោក​ Khan ​ត្រូវ​បាន​ចា​ប់​ខ្លួននោះ​រដ្ឋាភិបាល​ត្រូវ​ការពារ​សុវត្ថិភាព​របស់គាត់ ​ហើយ​រដ្ឋាភិបាល​មិន​អាច​ប៉ះពាល់​រូបលោក​បាន​នោះ​ទេ ពីព្រោះ​គាត់មិន មែន​ជា​មនុស្ស​ធម្មតា​ឡើយ ​ហើយ​លោក​ Khan​ ក៏​ដើរតួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​អំណាច​ប្រជាធិប​តេយ្យ​របស់​ប្រទេស​ផងដែរ​។

គួរបញ្ជាក់ឱ្យ​ដឹងផង​ដែរថា ​ការ​ប្រឆាំងគ្នា​ផ្នែក​នយោបាយ​ជា​រឿង​ធម្មតាទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថា​ន​ ដែល​មិនមាន​នាយក​រដ្ឋមន្រ្តី​ណាមួយ​បាន​ដឹកនាំ​អណត្តិ​របស់ខ្លួន​ពេញលេញទេ។​​ក្នុងនោះ​ផងដែរ​ លោ​ក Khan ​បន្ទាប់​ពីត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំមុន ​លោក​បាន​បង្ក​ភាពច​លា​ចល ​ដោយ​ដឹកនាំ​អ្នកគាំទ្រ​របស់​លោក​ធ្វើបាតុកម្ម​ឱ្យ​ទាមទារ​ការ​បោះឆ្នោត​ម្តងទៀត​ គ្រា​នោះ​ផងដែរ លោក​ត្រូវបាន​គេ​បាញ់​ប្រហារ ​និង​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ពី​ជន​មិន​ស្គាល់មុខ​៕