តៃវ៉ាន់​នៅ​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២៣ បានធ្វើការ​បង្ហាញ​យន្ត​ហោះ​គ្មាន​មនុស្សបើក ឬ​ហៅ​ថា ដ្រូន​សម្រាប់​ការ​វាយ​​ប្រហារ​ចល័ត​ជា​លើកដំបូង​របស់ខ្លួន​ដែល​ជ្រា​ដូន​មាន​ភាព​ស្រដៀង​ទៅនឹង​គំរូ​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ប្រើ​ក្នុង​សមរ​ភូមិ​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន​ប្រឆាំងនឹង​រុស្ស៊ី ខណៈដែល​ចិន​កំពុង​ដំឡើង​សម្ពាធ​យោធា​ទៅលើ​កោះ​មួយ​នេះ​កាន់តែខ្លាំង​ឡើង​។​

​តៃវ៉ាន់​មាន​ប្រជាជន​សរុប​ ២៣,៥ លាន​នាក់ ហើយ​ពួកគេ​ទាំងអស់​កំពុង​រស់នៅ​ក្រោម​ការគំរាមកំហែង​ដោយ​ឥតឈប់ឈរ​ពី​សំណាក់​ចិនដីគោក​ដែល​អាច​នឹងធ្វើ​ការឈ្លានពាន​កោះ​តៃវ៉ាន់ ហើយ​ចិន​ក៏​តែងតែ​អះអាងថា ដែន​​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចិន​បាន​ប្ដេជ្ញា​ថា នៅ​ថ្ងៃ​ណាមួយ​ខ្លួន​នឹង​រឹបអូស​យក​កោះ​នេះ​ដោយ​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​កាលៈទេសៈ​ចាំបាច់​។​

​ក្រោម​ការដឹកនាំ​របស់​លោក​ប្រ​ធានា​ធិបតី ស៊ី ជីន​ភីង ការឈ្លានពាន​ពី​សំណាក់​ទីក្រុង​ប៉េកាំង​ ជាពិសេស​ទៅលើ​ដែន​អា​កាស​របស់​តៃវ៉ាន់ បាន​កើតមាន​ឡើងជា​ញឹកញាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​ហើយ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន ក៏បាន​បំភ័យ​ដល់​តៃវ៉ាន់​កាន់តែខ្លាំង​ដែលថា ប្រទេស​ចិន អាច​នឹងធ្វើ​សកម្មភាព​ឈ្លានពាន​ស្រដៀង​នឹង​រុស្ស៊ី​។​

​កាលពី​ថ្ងៃ​អង្គារ វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាតិ​ជុង​សាន ​(Chung-Shan)​ ដែល​គ្រប់គ្រង​ដោយ​យោធា ឬ​ហៅ​កាត់​ថា NCSIST​ បានធ្វើការ​បង្ហាញ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​អាច​ផ្ទុក​គ្រាប់បែក​ជាមួយ​ខ្លួន​របស់​វា​បាន និង​ដែល​ស្រដៀង​ទៅនឹង ដ្រូន​ប្រភេទ ​Switchblade 300 ដែល​ផលិត​ដោយ​សហរដ្ឋ​​អាមេរិក ហើយ​បច្ចុប្បន្ននេះ​វា​ត្រូវបាន​កំពុង​នឹង​ប្រើប្រាស់​ដោយ​ទាហាន​អ៊ុយ​ក្រែ​ន​។​

​យោងតាម​វិទ្យាស្ថាន​ NCSIST បានឱ្យដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​អាច​ប្រើ​បានតែ​ម្ដង​ប៉ុណ្ណោះ ពោលគឺ​ត្រូវបាន​រចនា​ឡើង​ក្នុង​ទំហំ​តូច​ល្មម​អាចដាក់​ចូលក្នុង​កាបូប​ស្ពាយ​បាន ហើយ​អាច​ហោះ​នៅលើ​អាកាស​បាន​រយៈពេល​ ១៥ ​នាទី​។​លោក ជី លី​ពី​ន (Chi Lipin)​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រព័ន្ធ​អាកាស​ចរណ៍​របស់​វិទ្យាស្ថាន​ NCSIST បាន​លើកឡើងថា «​ដោយសារតែ​វា​មាន​ទម្ងន់​ស្រាល និង​អាច​ចល័ត​បាន ដូច្នេះ​វា​ប្រៀបបាន​ទៅនឹង​គ្រាប់បែកដៃ​ដ៏​ធំ​មួយ​ដែល​អាច​ហោះហើរ​បាន​»​។​

​លោក​បាន​បន្ថែមថា​៖ «​វា​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​វាយប្រហារ​គោល​ដៅ​នៅ​ជិត​ឆ្នេរសមុទ្រ​របស់​ពួកយើង​»​។ លោក​ក៏បាន​ធ្វើការ​កត់សម្គាល់​ផងដែរ​ថា ចម្ងាយ​ដែ​ល្រ​ដូន​នេះ អាច​ហោះ​បានជា​អតិបរមា​គឺ​រហូតដល់​ទៅ ១០ ​គីឡូម៉ែត្រ​។ ប្រធាន​ផ្នែក​ស្រាវជ្រាវ​រូបនេះ​បាន​បញ្ជាក់ថា តៃវ៉ាន់​កំពុង​អភិវឌ្ឍ​យន្តហោះ​គ្មាន​មនុស្ស​បើក​សម្រាប់​វាយប្រហារ​ធ្វើអត្តឃាត ជំនាន់​ក្រោយ​របស់ខ្លួន រួមទាំង​មាន​បច្ចេកវិទ្យា​ល្អប្រសើរ​ជាង​មុន ដែល​អាច​ប្រើប្រាស់​បាន​ក្នុងការ​វាយប្រហារ​ទៅកាន់​គោល​ដៅ​ស្ថិតនៅ​រយៈ​ចម្ងាយ​ឆ្ងាយ​។​

​គួរបញ្ជាក់​ផងដែរ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​សម្រាប់​វាយប្រហារ​នេះ អាច​ហោះ​នៅលើ​អាកា​សបាន ខណៈដែល​ខ្លួន​របស់​វា​អាច​ផ្ទុក​គ្រឿងផ្ទុះ ផ្សេងៗ​មុនពេល​ធ្លាក់​ចូលទៅ​បំផ្ទុះ​គោលដៅ​ទៅតាម​ការចង់បាន​រប​ស់​អ្នកបញ្ជា​។

​ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង​កាល​ពី​ឆ្នាំមុន បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បាន​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​យោធា​ដើម្បី​ជាការ​​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​លោកស្រី ណាន​ស៊ី ប៉េ​ឡូ​ស៊ី ​(Nancy Pelosi)​ ទៅកាន់​ទីក្រុង​តៃប៉ិ​។ កាលនោះ វា​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​អ្នកជំនាញ​មួយចំនួន​បាន​មើលឃើញថា​ជាការ​ធ្វើ​សមយុទ្ធ​មួយ​ក្នុង​គោលបំណង​ហាត់​សម​មុន​ឈ្លានពាន​ទៅលើ​កោះ​តៃវ៉ាន់​។​

​ដោយឡែក ក្រុម​សម្ព័ន្ធមិត្ត​ជិតខាង​បាន​ជំរុញ​ឱ្យ​កោះ​តៃវ៉ាន់​ប្រកាន់យក​នូវ​យុទ្ធសាស្ត្រ​មួយ​ដែល​អាចធ្វើឱ្យ​មានការ​លំបាក​សម្រាប់​យោធា​របស់​ចិន​ក្នុងការ​ឈ្លានពាន ហើយ​វា​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ត្រូវធ្វើ​ការពង្រឹង​ការការពារ​ឱ្យបាន​រឹងមាំ ដូច​ទៅនឹង​យុទ្ធសាស្ត្រ​របស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ដែល​ធ្លាប់បាន​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​រុស្ស៊ី​។​យុទ្ធសាស្ត្រ​នោះ​សង្កត់ធ្ងន់​ទៅលើ​ការ​ទិញ​ប្រព័ន្ធ​អាវុធ​ចល័ត និង​អាវុធ​ដែលមាន​តម្លៃ​ធូរ​ថ្លៃ ហើយ​ត្រូវ​បណ្តុះ​បណ្តាល​ជន​ស៊ីវិល​ឱ្យ​ចេះ​ប្រយុទ្ធ​ក្នុង​សមរភូមិ​សង្គ្រាម​៕