
ឡូហ្គោរបស់ក្រុមហ៊ុន Samsung ត្រូវបានថតនៅឯកិច្ចប្រជុំទូរស័ព្ទពិភពលោក (MWC) ជាការជួបជុំប្រចាំឆ្នាំដ៏ធំបំផុតរបស់ឧស្សាហកម្មទូរគមនាគមន៍ នៅទីក្រុងបាសេឡូណា កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣។ AFP
នាថ្ងៃទី១៥ ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយូល (Yoon Suk Yeol) បានប្រកាសថា កូរ៉េខាងត្បូងនឹងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះសៀគ្វីកុំព្យូទ័រដ៏ធំមួយ នៅក្នុងទីក្រុងសេអ៊ូល ជាមួយនឹងការវិនិយោគជាទឹកប្រាក់ប្រមាណជា ២៣០ ប៊ីលានដុល្លារអាមេរិក ពីក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនៅលើពិភពលោក គឺក្រុមហ៊ុនសាំស៊ុង (Samsung) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ល្បីល្បាញ។
យោងតាមសារព័ត៌មាន CNN ប្រធានាធិបតីរូបនេះបានមានប្រសាសន៍ថា៖ «យើងនឹងសាងសង់ចង្កោមនៃវត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជាបន្ទះឈីប ដែលមានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ដ៏ធំបំផុតនៅលើពិភពលោក នៅក្នុងទីក្រុងសេអ៊ូលដោយផ្អែកលើការវិនិយោគពីឯកជនទ្រង់ទ្រាយធំដែលមានទឹកប្រាក់ជិត ៣០០ ទ្រីលានវ៉ុនរបស់កូរ៉េខាងត្បូង»។
លោកបានបន្តថា៖ «លើសពីនេះទៀត យើងនឹងពង្រីកចង្កោមបន្ទះឈីបខ្នាតយក្ស (Mega Semiconductor) ឱ្យកាន់តែធំជាងគេនៅលើពិភពលោកដោយភ្ជាប់ទំនាក់ទំនងជាមួយនឹងរោងចក្រផលិតអង្គចងចាំដែលមានស្រាប់នាពេលបច្ចុប្បន្ន»។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថាចង្កោមបន្ទះឈីបនេះនឹងមានទីតាំងនៅក្នុងខេត្តយ៉ុងហ្គី (Gyeonggi) ដែលជាផ្នែកមួយនៃទីក្រុងសេអ៊ូល ហើយរយៈពេលនៃការវិនិយោគសរុបអាចនឹងត្រូវចំណាយពេលរហូតដល់ទៅ ២០ឆ្នាំឯណោះ។
ដើម្បីការពារកម្មសិទ្ធិបញ្ញា កូរ៉េខាងត្បូងនឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីការការពារបច្ចេកវិទ្យាឧស្សាហកម្មឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។ ប៉ុន្តែវាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។កាលពីខែឧសភាឆ្នាំមុន ក្រុមហ៊ុន Samsung (SSNLF) បានគូសបញ្ជាក់អំពីផែនការវិនិយោគមួយដែលមានទឹកប្រាក់ច្រើនជាង ៣៥០ ប៊ីលានដុល្លារទៅក្នុងអាជីវកម្មរបស់ខ្លួន និងអាចបង្កើតការងារថ្មីសម្រាប់មនុស្សរាប់ម៉ឺននាក់ គិតត្រឹមឆ្នាំ២០២៦។ ក្រុមហ៊ុននេះក៏បានឱ្យដឹងថា ខ្លួននឹងវិនិយោគទៅក្នុងអាជីវកម្មស្នូលដូចជាការផលិតបន្ទះឈីប និងជីវឱសថជាដើម។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នោះទេថាតើការវិនិយោគដែលបានប្រកាសកាលពីឆ្នាំមុន ជាន់គ្នាជាមួយនឹងគម្រោងដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃពុធដែរឬក៏យ៉ាងណានោះទេ។
លោក សានជីវ រ៉ាណា (Sanjeev Rana) អ្នកវិភាគមកពីក្រុមហ៊ុនទីផ្សារមូលធនមួយឈ្មោះថា CLSA បាននិយាយទៅកាន់សារព័ត៌មាន CNN ថា ៖ «បើគិតជាមធ្យម ផែនការវិនិយោគរបស់ក្រុមហ៊ុន Samsung ក្នុងរយៈពេល២ ទសវត្សរ៍ខាងមុខ មានទំហំទឹកប្រាក់ប្រហែល ១៥ ទ្រីលានវ៉ុន ជារៀងរាល់ឆ្នាំ។ តួលេខនៃទឹកប្រាក់ដ៏ច្រើនសម្បើមនេះ ស្ទើរតែស្មើនឹងការចំណាយដើមទុនប្រចាំឆ្នាំរបស់ក្រុមហ៊ុនបាត់ទៅហើយ»។
អ្នកវិភាគទីផ្សារមូលធនរូបនេះ បានបន្តថា ផែនការនេះគឺធ្វើឡើងស្របទៅតាមការរំពឹងទុករបស់ទីផ្សារ។ ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនល្អបំផុតមួយខាងផ្នែកផលិតឧបករណ៍អេឡិចត្រូនិករបស់ខ្លួន ក្នុងនោះរួមមានដូចជាទូរស័ព្ទដៃនិងទូរទស្សន៍ជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានវិវឌ្ឍន៍ឈានទៅមុខជាបន្តបន្ទាប់ទៀតក្នុងតួនាទីជាអ្នកផលិតនិងផ្គត់ផ្គង់បន្ទះឈីប ខណៈដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកនៅជុំវិញពិភពលោកកំពុងកង្វះខាតផ្នែកដ៏សំខាន់មួយនេះ។
យោងតាមក្រុមហ៊ុនយក្សដដែលនេះបានឱ្យដឹងថា បន្ទះឈីបអង្គចងចាំ គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ក្រុមហ៊ុន Samsung ហើយក្រុមហ៊ុននឹងបន្តផ្ដោតលើគម្រោងវិនិយោគបន្ថែមទៀត។
គួរកត់សម្គាល់ថា នៅក្នុងវិស័យផលិតបន្ទះឈីបកុំព្យូទ័រស្តង់ដាខ្ពស់បែបនេះ ក្រុមហ៊ុន Samsung ក៏មានដៃគូប្រកួតប្រជែងដោយផ្ទាល់មួយចំនួនផងដែរថា ដូចជាក្រុមហ៊ុន Intel (INTC) និងក្រុមហ៊ុន TSMC របស់តៃវ៉ាន់។
បន្ទះមីក្រូឈីបទំនើបៗភាគច្រើនរបស់ពិភពលោកត្រូវបានផលិតចេញពីតំបន់ ២ កន្លែងប៉ុណ្ណោះ គឺកោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង។ ឧស្សាហកម្មផលិតបន្ទះឈីបរបស់តៃវ៉ាន់មានទ្រង់ទ្រាយធំនិងមានភាពលេចធ្លោខ្លាំងប៉ុន្តែវាជាអ្វីដែលកូរ៉េខាងត្បូងចង់ធ្វើការប្រកួតប្រជែងជាមួយផងដែរ។
ការដែលពិភពលោកត្រូវបានផ្គត់ផ្គង់បន្ទះឈីបចេញពីទីតាំងផលិតតែ ២ កន្លែងបែបនេះ បានបង្កឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់សកល ដោយសារតែកូរ៉េខាងត្បូង និងតៃវ៉ាន់បាននិងកំពុងត្រូវបានគំរាកំហែងផ្នែកយោធាដោយប្រទេសជិតខាង ពោលគឺប្រទេសកូរ៉េខាងជើង និងប្រទេសចិន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសសេដ្ឋកិច្ចធំៗ បានបង្ហាញពីការព្រួយបារម្ភអំពីការបាត់បង់លទ្ធភាពទទួលបានឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ ជាពិសេស ដោយសារភាពតានតឹងផ្នែកនយោបាយ និងសេដ្ឋកិច្ចបានកើនឡើងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ កន្លងមក រដ្ឋាភិបាលមួយចំនួន រួមទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីន តោន និងក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន Apple បានស្នើឱ្យក្រុមហ៊ុនផលិតបន្ទះឈីបទាំងអស់ធ្វើមូលដ្ឋានីយកម្មប្រតិបត្តិការរបស់ពួកគេទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់សកលនាថ្ងៃអនាគត៕