រដ្ឋាភិបាល​របស់​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កែប្រែ​កំណែទម្រង់​សោធន​និវត្តន៍​ដោយ​ស្ងៀមស្ងាត់​តាមរយៈ​សភា​ដោយ​មិនមាន​ការបោះឆ្នោត ដែល​កំណែ​ទ្រ​មង់​នេះ បាន​បង្ក​ឱ្យ​ប្រជាជន​ធ្វើការ​តវ៉ា​នៅក្នុង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ផ្សេងៗ​ទៀត រួមជាមួយ​ភាពចលាចល​ក្នុង​សភា​ផងដែរ​។

​កុបកម្ម​ដ៏​ធំ​បាន​កើតឡើង​បន្ទាប់ពី​ប្រើប្រាស់​អំណាច​រដ្ឋធម្មនុញ្ញ​មក​អនុម័ត​ច្បាប់​ដោយ​មិនមាន​ការបោះឆ្នោត​ច្បាស់លាស់ ដោយសារតែ​រដ្ឋាភិបាល​ខ្វះខាត​សំឡេងឆ្នោត​ក្នុងការ​ដំឡើង​អាយុ​ទទួល​ប្រាក់​ចូលនិវត្តន៍​ពី ៦២ ឆ្នាំទៅ ៦៤​ឆ្នាំ​។​

​ការអនុម័ត​ដោយ​ចាក​ពី​ច្បាប់​ត្រឹមត្រូវ​នេះ បាន​បណ្តាលឱ្យ​ហ្វូងមនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​សភា​ក្នុង​ទីកន្លែង​ប្រវត្តិសាស្ត្រ​មួយ​ឈ្មោះ Place de la Concorde កណ្តាល​ទីក្រុង​ប៉ារីស​។​

​ក្នុងនោះ​អ្នក​តវ៉ា​ម្នាក់ Laure Cartelier ដែលជា​គ្រូបង្រៀន​អាយុ ៥៥ ឆ្នាំ បាន​ប្រាប់​ទៅដល់​សារព័ត៌មាន​ថា​៖«​ខ្ញុំ​ខឹងសម្បារ​នឹង​អ្វីដែល​កំពុង​កើតឡើង​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវបាន​គេ​បោកប្រាស់​ក្នុងនាម​ជា​ប្រជាជន​ម្នាក់​ហើយ​នៅក្នុង​លទ្ធិប្រជាធិបតេយ្យ ច្បាប់​ទាំងអស់​ត្រូវ​កើតឡើង​ពី​ការបោះឆ្នោត​»​។ កុបកម្ម​នេះ​ត្រូវបាន​ក្លាយទៅជា​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ នា​វេលា​ម៉ោង ៨​យប់ ខណៈពេលដែល​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បណ្តេញ​ក្រុមបាតុករ​ចេញទៅ​ឱ្យ​ឆ្ងាយ បន្ទាប់ពី​អ្នក​តវ៉ា​បាន​ដុត​ភ្លើង​នៅ​កន្លែង​កណ្តាល​ទីប្រជុំជន​ជិត​រូបសំណាក់ Obelisk អេ​ហ្ស៊ី​ប ដែល​បាន​ឈរ​នៅ​ទីនោះ​អស់​ជាង​រយៈពេល ២០០​ឆ្នាំ​មកហើយ​។​

​ក្នុងនោះ​ផងដែរ​មនុស្ស​ជាង ១២០ នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បង្ក​ការខូចខាត​ដល់​ហាង និង​ហេដ្ឋារចនាសម្ព័ន្ធ​។ យោងតាម​អ្នកយក​សារព័ត៌មានរ​បស់ AFP បានឱ្យដឹងថា កុបកម្ម​នេះ​បានក្លាយ​ទៅជា​ឱកាស​ក្នុងការ​ប្រព្រឹត្ត​ចោរកម្ម ដូចជា​នៅក្នុង​ទីក្រុង Marseille ហាង​មួយចំនួន​ត្រូវបាន​លួច​ខណៈពេលដែល​កំពុង​ប៉ះទង្គិច​គ្នា រវាង​បាតុករ និង​ក្រុម​កម្លាំង​សន្តិសុខ​។ ក្រៅពីនេះ​ទីក្រុង​ដទៃទៀត​ដូចជា Nantes Rennes និង​ទីក្រុង Lyon ក៏​កំពុង​ទទួលរង​ការខូចខាត​ដូចគ្នា​ផងដែរ​។​

​លើសពីនេះទៅទៀត​សហជីព​បាន​អំពាវនាវ​ឱ្យមាន​កូដកម្ម​និង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ ដើម្បី​ប្រឆាំងនឹង​ការអនុម័ត​ខុសច្បាប់​នេះ​។

​លោក Marine Le Pen មេដឹកនាំ​ស្តាំនិយម​ជ្រុល បាន​សម្តែង​ការរិះគន់​ប្រាប់​ដល់​សារព័ត៌មាន​ថា វា​ជាការ​បរាជ័យ​ទាំងស្រុង​សម្រាប់​រដ្ឋាភិបាល​។​

​ចំណែក​ប្រធាន​គណបក្ស​សង្គមនិយម​លោក Oliver Faure ក៏បាន​បន្ថែម​ទៀតផង​ដែរ​ថា ៖«​កាលណា​ប្រធាន​ធិបតី​មិន​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ទៅលើ​ច្បាប់​របស់គាត់​ទេ នោះ​គាត់​ត្រូវតែ​ដក​ច្បាប់​នោះ​ចេញ​ជាបន្ទាន់​»​។​

​ចំណែក លោក Antoine Bristielle អ្នកជំនាញ​ខាង​មតិ​សារ​ធា​រណៈ​នៅ Fondation Jean-Jaures think-tank បាន​ប្រាប់​ទៅដល់​សារព័ត៌មាន AFP ថា​ការអនុម័ត​ច្បាប់​ដ៏​សំខាន់​បែបនេះ​ដោយ​គ្មាន​ការបោះឆ្នោត​គឺជា​ប្រថុយប្រថាន​ធ្វើឱ្យ​ប្រទេស​កាន់តែ​មាន​ភាព​តានតឹង​ឡើង និង​ធ្វើឱ្យ​ការប្រឆាំង​ទៅនឹង​លោក Macron កាន់តែខ្លាំង​ឡើងៗ​ទៅទៀត ហើយ​ប្រជាពលរដ្ឋ​នឹង​ចាប់ផ្តើម​បាត់បង់​ជំនឿ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​បារាំង​។

​គួរ​រំឭក​ផងដែរ​ថា បន្ទាប់ពី​ធ្លាប់​បរាជ័យ​នៅក្នុង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​ក្នុង​អាណត្តិ​ដំបូង​របស់គាត់​បន្ទាប់​ពី​ឡើងកាន់តំណែង លោក Macron បាន​ត្រឡប់មកវិញ​ជាមួយនឹង​យុទ្ធនាការ​របោះ​ឆ្នោត​កាលពី​ខែមេសា​ឆ្នាំមុន​។ ប៉ុន្តែ​លោក​ត្រូវបាន​បាត់បង់​សំឡេង​ជាច្រើន​ក្នុង​សភា កាលពី​ខែមិថុនា​ក្នុងការ​បោះឆ្នោត​ជាមួយ​សភា​។

​គួរបញ្ជាក់​ផងដែរ ប្រទេស​បារាំង​កំពុងស្ថិត​នៅក្នុង​ការតវ៉ា និង​កុបកម្ម​ដ៏​ធំ​មួយ​ជា​បន្តបន្ទាប់​កាលពី​ខែ​មករាមក ដែល​បណ្តាលឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា សាលារៀន រថភ្លើង សេវាសាធារណៈ​និង​កំពុងផែ រង​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ សំរាម​ជាង ៧​ពាន់​តោន​នៅតាម​ដងផ្លូវ ដែល​បណ្តាលឱ្យ​ក្លាយទៅជា​កន្លែង​លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៀតហើយ​៕​