​ប្រទេស​អង់គ្លេស នៅ​ថ្ងៃទី​​ ១៦ ខែមីនា ឆ្នាំ​ ២០២៣ បានប្រកាស​អំពី​វិធានការ​ហាមឃាត់​មិនឱ្យ​មានការ​ប្រើប្រាស់​កម្ម​វិធី​តិកតុក (TikTok) នៅលើ​គ្រប់​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​របស់​រដ្ឋាភិបាល មិន​ថា​នៅលើ​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ ដោយ​អះអាងថា វា​ជា​កម្មវិធី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន និង​ដែល​អាច​ទាញយក​ទិន្នន័យ​សម្ងាត់​របស់​រដ្ឋា​ភិ​បាល​អង់គ្លេស​បាន​។

​យោងតាម​សារព័ត៌មាន CNBC រដ្ឋមន្ត្រី​ខុទ្ទកាល័យ​លោក Oliver Dowden បានឱ្យដឹងថា បន្ទាប់ពី​ការត្រួត​ពិនិត្យឡើងវិញ​ដោយ​អ្នកជំនាញ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អង់គ្លេស ពួកគេ​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា​កម្មវិធី​នេះ​អាច​នឹងមាន​ហានិភ័យ ដោយសារ​ទិន្នន័យ​សំខាន់ៗ​របស់​រដ្ឋាភិបាល​អាច​នឹងត្រូវ​បាន​ចូល​ប្រើប្រាស់​តាមរយៈ​កម្មវិធី​វីដេអូ​មួយ​នេះ​នៅលើ​ឧបករណ៍​អេឡិចត្រូនិក​បាន​។

​លោក Dowden បាន​បន្ថែមថា​៖«​កម្មវិធី​ភាគច្រើន​នៅលើ​ទូរស័ព្ទដៃ អាច​ប្រមូល​ទិន្នន័យ​បាន​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់ ក្នុងនោះ​រួមមាន​លេខ​ទំនាក់ទំនង និង​ទីតាំង​ផងដែរ​»​។ រដ្ឋមន្ត្រី​ខុទ្ទកាល័យ​រូបនេះ​បាន​បញ្ជាក់ថា​៖«​នៅលើ​ឧបករណ៍​ដែល​ប្រើប្រាស់​សម្រាប់​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​រដ្ឋាភិបាល​អាច​នឹងមាន​ទិន្នន័យ​ខ្លះ​ដែលមាន​លក្ខណៈ​រសើប​ខ្លាំង​»​។

​រដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា «​សុវត្ថិភាព​នៃ​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល​ត្រូវ​ទុកជា​រឿង​អាទិភាព ដូច្នេះ​ថ្ងៃនេះ​យើង​កំពុង​ហាមឃាត់​មិនឱ្យ​ប្រើប្រាស់​កម្មវិធី​នេះ​នៅលើ​រាល់​ឧបករណ៍​របស់​រដ្ឋាភិបាល​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការប្រើប្រាស់​កម្មវិធី​ផ្សេងទៀត​ដែល​អាចធ្វើ​ការទាញយក​ទិន្នន័យ​ពី​អ្នកប្រើប្រាស់​បាន នឹង​ត្រូវបាន​ដាក់ចូល​ទៅក្នុង​ប្រភេទ​កម្មវិធី​ដែល​ត្រូវ​ត្រួតពិនិត្យ​នៅ​ថ្ងៃក្រោយ​»​។

​គួរ​ដឹង​ដែរ​ថា វិធានការ​ហាមឃាត់​មិនឱ្យ​ប្រើប្រាស់​កម្មវិធី TikTok នេះ​ត្រូវបាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ភ្លាមៗ នេះ​បើ​យោងតាម​លោក Dowden ហើយ​លោក​ក៏បាន​ធ្វើការ​កត់សម្គាល់​ថា «​វិធានការ​ហាមឃាត់​នេះ​គឺធ្វើឡើង​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​ទុកជាមុន​»​។ យ៉ាងណាក៏ដោយ វិធាន​នេះ​នឹងមិន​អនុវត្ត​គ្របដណ្ដប់​ទៅលើ​ឧបករណ៍​ទាំងអស់ ដូចជា​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​របស់​បុគ្គលិក​រដ្ឋាភិបាល​នោះទេ ពោល​គឺជា​វិធានការ​មួយ​ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ផ្អែកលើ​ហានិភ័យ​ជាក់ស្ដែង​ដែល​អាច​កើតមានឡើង​ដោយ​ឧបករណ៍​អេឡិចត្រូនិក​របស់​រដ្ឋាភិបាល​។

​យ៉ាងណាក៏ដោយ ករណី​លើកលែង​ក៏មាន​ផងដែរ ចំពោះ​ការប្រើប្រាស់​កម្មវិធី​នេះ​ក្នុងករណី​ចាំបាច់ ឬ​ក្នុង​គោលបំណង​ការងារ ប៉ុន្តែ​ក៏ត្រូវ​មានការ​អនុញ្ញាត​ដោយ​ក្រុម​សន្តិសុខ​ទៅតាម​ករណី​ជាក់ស្ដែង​នីមួយៗ​។ លើសពីនេះ ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ក៏ត្រូវ​ទទួល​ការយល់ព្រម​ពី​ក្រសួង ដើម្បី​ត្រៀម​វិធានការ​ការពារ​សុវត្ថិភាព​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ជាមុន នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​រដ្ឋាភិបាល​។

​រដ្ឋមន្ត្រី​ខាងលើ​ក៏បាន​រំលេច​ដែរ​ថា ឧបករណ៍​អេឡិចត្រូនិក​របស់​រដ្ឋាភិបាល​ទាំងអស់​នឹង​អាច​ចូល​ប្រើប្រាស់​បានតែ​កម្មវិធី​ណា​ដែលមាន​នៅក្នុង​បញ្ជី​អនុញ្ញាត​ជាមុន​តែប៉ុណ្ណោះ​។ យ៉ាងណាមិញ អ្នកនាំពាក្យ​ក្រុមហ៊ុន TikTok បាន​ថ្លែងថា «​ក្រុមហ៊ុន​មានការ​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​អង់គ្លេស​»​។

​អ្នកនាំពាក្យ​រូបនេះ​បាន​សរសេរ​នៅក្នុង​សារ​អ៊ីមែល​ថា «​យើង​ជឿថា ការហាមឃាត់​ទាំងនេះ​គឺធ្វើឡើង​ដោយ​ផ្អែកលើ​ការយល់​ខុស​ជា​មូលដ្ឋាន និង​ត្រូវបាន​ជំរុញ​ដោយ​កត្តា​ភូមិសាស្ត្រ​នយោបាយ ដែល​ក្រុមហ៊ុន TikTok និង​អ្នកប្រើប្រាស់​រាប់លាន​នាក់​របស់​យើង​នៅក្នុង​ប្រទេស​អង់គ្លេស មិនបាន​ចូលរួម​សម្រេចចិត្ត​ជាមួយ​នោះទេ​។ យើង​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​រាល់​កង្វល់​ទាំងអស់ ប៉ុន្តែ​ការសម្រេចចិត្ត​បែបណា​មួយ គួរតែ​ត្រូវបាន​វិនិច្ឆ័យ​ដោយ​ផ្អែកលើ​អង្គហេតុ និង​ត្រូវអនុវត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​ដៃគូ​ប្រជែង​របស់​យើង​»​។

​លោក​បន្តថា​៖«​ពួកយើង​បានចាប់ផ្តើម​អនុវត្ត​ផែនការ​ដ៏​សំខាន់​មួយ នោះ​គឺ​ការការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅ​ទ្វីបអឺរ៉ុប​ទាំងមូល តាមរយៈ​ការរក្សា​ទុក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ រួមទាំង​ពលរដ្ឋ​អង់គ្លេស​ផង​នោះ នៅក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​ដែលមាន​ទីតាំងនៅ​ទ្វីបអឺរ៉ុប​ផ្ទាល់ និង​ការ​រឹតបន្តឹង​ការគ្រប់គ្រង​ការចូល​ប្រើប្រាស់​ទិន្នន័យ ក៏ដូចជា​ការត្រួតពិនិត្យ​ទៅលើ​ឯករាជ្យភាព​ពី​ភាគី​ទី​៣​ផងដែរ​»​។

​គួរកត់សម្គាល់​ដែរ​ថា ចំណាត់ការ​របស់​អង់គ្លេស​នេះ ត្រូវបាន​ធ្វើឡើង​ស្រដៀង​គ្នា​ទៅនឹង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ ស្រដៀង​គ្នា​នោះ​គឺថា​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ សេត​វិមាន​បានប្រកាស​ទុក​រយៈពេល​ឱ្យចំ​នួន ៣០ ថ្ងៃ​ដើម្បី​ប្រាកដថា​កម្មវិធី TikTok មិនត្រូវ​បាន​មាន​វត្តមាន​នៅលើ​ឧបករណ៍​អេឡិចត្រូនិក​របស់​រដ្ឋាភិបាល​សហ​ព័ន្ធ​ទៀតឡើយ​។ រីឯ​គណៈកម្មការ​អឺរ៉ុប ដែលជា​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​វិញ ក៏បាន​ហាមឃាត់​បុគ្គលិក​មិន​ឱ្យធ្វើ​ការដំឡើង​កម្មវិធី TikTok នៅលើ​ទូរស័ព្ទដៃ​នៅ​កន្លែង​ការងារ និង​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន​ទៀតផង​។

​សមាជិកសភា​ជាច្រើន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​សម្តែង​ការព្រួយបារម្ភ​ម្តង​ហើយ​ម្តង​ទៀតថា ទិន្នន័យ​របស់​អ្នកប្រើប្រាស់​កម្មវិធី Tik Tok នៅ​អាមេរិក​អាច​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​ចិន ហើយ​ចូលទៅក្នុង​កណ្ដាប់ដៃ​រប​ស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​យ៉ាង​ងាយស្រួល​។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន TikTok បាន​ខិតខំ​ប្រឹងប្រែង​បង្ហាញថា​ពួកគេ​កំពុង​ធ្វើយ៉ាងណា​ដើម្បី​ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ទាំងអស់ ក្នុងនោះ​មានដូចជា​គម្រោង​រដ្ឋ​តិច​សាស (Project Texas) កាលពី​ឆ្នាំមុន ដែលជា​គម្រោង​ការពារ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ និង​ការពារ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​។

​ជាក់ស្ដែង ក្រុមហ៊ុន TikTok បានឱ្យដឹងថា ខ្លួន​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​មួយ​របស់​អាមេរិក​ដែលមាន​ឈ្មោះថា Oracle ដើម្បី​ស្វែងរក​វិធី​រក្សាទុក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅ​អាមេរិក​ទាំងអស់​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​ធានា​ចំពោះ​ការភ័យខ្លាច​របស់​ទីក្រុង​វ៉ាស៊ីនតោន​ដែល​តែងតែ​លើកឡើង​កន្លងមក​។

​មួយរយៈ​ពេលកន្លងមក​នេះ សម្ពាធ​កាន់តែច្រើន​កំពុង​ធ្លាក់​ទៅលើ​ក្រុមហ៊ុន TikTok​។ គណៈកម្មាធិការ​ស្តីពី​ការវិនិយោគ​បរទេស​នៅ​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់​ថា CFIUS បាន​ប្រាប់​ទៅកាន់​ក្រុមហ៊ុន ByteDance ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី Tik Tok នេះ​ឡើងមក ឱ្យ​លក់​ភាគហ៊ុន​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​អាច​ប្រឈម​នឹង​ការហាមឃាត់​មិនឱ្យ​ប្រើប្រាស់​ទាំងស្រុង​នៅ​សហរដ្ឋអាមេរិក​តែម្ដង​។ ប្រសិនបើ​មានការ​ហាមឃាត់​ណាមួយ​កើតឡើង​មែន​នោះ មានន័យថា​វា​ជាការ​រារាំង​កម្មវិធី​មួយ​នេះ​មិនឱ្យ​ឈានចូល​ទៅក្នុង​ទីផ្សារ​អាមេរិក​បាន​នោះទេ​៕