​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​​ ១៦ ខែមីនា ឆ្នាំ ២០២៣ បានចេញ​ផ្សាយ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​យន្តហោះ​របស់​រុស្ស៊ី​ដែល​បាន​ហោះ​រំខាន​ដល់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅថា​ដ្រូ​ន ដែល​វា​គឺជា​ដ្រូ​ន​ស៊ើបការណ៍​យោធា​របស់​អាមេរិក និង​ដែល​កំពុង​ចេញ​ប្រតិបត្តិការ​នៅលើ​លម្ហ​អាកាស​អន្តរជាតិ​នៅឯ​ដែនសមុទ្រ​ខ្មៅ​។ យោងតាម​វីដេអូ​មួយ​នោះ សេត​វិមាន​បាន​លើកឡើងថា វា​ជាការ​លាតត្រដាង​ថា​ទីក្រុង​ម៉ូស្គូ​កំពុងនិយាយ​កុហក​អំពី​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ហេតុការណ៍​នោះ​។

​គួរ​ដឹង​ដែរ​ថា ការចេញ​ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រភេទ MQ-9 របស់​អាមេរិក​កាលពី​ថ្ងៃ​អង្គារ គឺជា​ឧប្បត្តិ​ហេតុដែល​កើតឡើង​ដោយផ្ទាល់​ជា​លើកដំបូង​រវាង​ភាគី​អាមេរិក និង​រុស្ស៊ី រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​។ ការណ៍​នេះ​បានធ្វើឱ្យ​ទំនាក់ទំនង​ដ៏​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ូស្គូ​កាន់តែ​អាក្រក់​ឡើង ខណៈដែល​ប្រទេស​ទាំងពីរ​បានធ្វើការ​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ជា​សាធារណៈ​។

​នៅក្នុង​វីដេអូ​នោះ​ផងដែរ បានបង្ហាញ​ឱ្យឃើញថា​ព្រឹត្តិការណ៍​ទីមួយ​ គឺ​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ប្រភេទ Su-27 បាន​ហោះ​កៀក​ចូលមក​ក្បែរ​យន្តហោះ​ដ្រូ​ន​អាមេរិក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បញ្ចេញ​ចំហាយ​សាំង​ដាក់​មកលើ​យន្តហោះ​ដ្រូ​ន​នោះ​ទៀតផង​។ ទង្វើ​នេះ​ត្រូវបាន​ក្រុមមន្ត្រី​អាមេរិក​ក​ចោទប្រកាន់ថា វា​ជា​សកម្មភាព​ដោយ​ចេតនា​ចង់​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក នៅពេលដែល​វា​កំពុង​ហោះហើរ​នៅលើ​ដែនអាកាស​សមុទ្រ​អន្តរជាតិ​។

​បន្ថែម​លើ​នេះ វីដេអូ​បន្ទាប់​មួយទៀត​ក៏បាន​បង្ហាញ​ពី​ការបើក​យន្តហោះ​របស់​រុស្ស៊ី​ដែល​មន្ទីរ​បញ្ច​កោណ​បាន​ចោទប្រកាន់ថា «​រុស្ស៊ី​បាន​បើក​យន្តហោះ​បុក​ជាមួយ​ដ្រូ​ន​របស់ខ្លួន​»​។ ដោយ​ចុងបញ្ចប់​នៃ​វីដេអូ​នោះ បានបង្ហាញ​ឱ្យឃើញ​រូបភាព​យន្តហោះ​ដ្រូ​ន​ដែល​រង​ការខូចខាត មិនអាច​ដំណើរការបាន និង​បណ្ដាលឱ្យ​ធ្លាក់ចូល​ទៅក្នុង​ទឹកសមុទ្រ​។

​មន្ទីរ​បញ្ច​កោណ​បាន​លើកឡើងថា វីដេអូ​ដែលមាន​ប្រវែង​ប្រហែល ៤០ វិនាទី​នោះ ត្រូវបាន​កែសម្រួល​តាមរយៈ​ការកាត់ត​ដោយ​ក្រុម​យោធា​អាមេរិក ដើម្បី​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​តាម​លំដាប់លំដោយ​ចំនួន​ពីរ​។

​បើ​យោងតាម​ផែនទី​ផ្តល់​ដោយ​ក្រុម​យោធា​អាមេរិក​បានបង្ហាញ​ថា ព្រឹត្តិការណ៍​ហោះ​ស្ទាក់​កាត់​លើកទីមួយ​បានកើត​ឡើង​ក្នុង​ដែនអាកាស​អន្តរជាតិ​នៅ​ចន្លោះ​ពី ៧៤ ទៅ ៩២ គីឡូម៉ែត្រ​ពី​តំបន់​គ្រី​មេ​។ យោងតាម​យោធា​អាមេរិក​បានឱ្យដឹងថា ការប៉ះទង្គិច​គ្នា​នេះ​បាន​បន្ត​ទៅមុខទៀត ពោលគឺ​ប្រមាណ​ជា ១៦ គីឡូម៉ែត្រ ហើយ​ទីបំផុត​យន្តហោះ​ដ្រូ​ន​នោះ​ក៏បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​នៅ​ចម្ងាយ​ពី ១៣៨ ទៅ ១៥៧ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​។

​យ៉ាងណាក៏ដោយ រុស្ស៊ី​បាន​បដិសេធ​ការចោទប្រកាន់​របស់​ស​ហ​រដ្ឋ​អាមេរិក​ដែលថា​យន្តហោះ​របស់ខ្លួន​បានធ្វើ​សកម្មភាព​ដោយ​មិនមាន​ការប្រុងប្រយ័ត្ន បង្កឱ្យមាន​គ្រោះថ្នាក់​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រុស្ស៊ី​ក៏បាន​ធ្វើការ​ស្តីបន្ទោស​ទៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ថា​បាន​ហោះ​ដោយ​ចង់​បង្កបញ្ហា ហើយ​អះអាងថា យន្តហោះ​របស់ខ្លួន​មិនមាន​អ្វី​ជាប់​ពាក់ព័ន្ធ​នោះទេ​។

​ដោយឡែក សេត​វិមាន​បាន​បញ្ជាក់ថា វីដេអូ​ដែល​បានចេញ​ផ្សាយ​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅកាន់​ការរៀបរាប់​ដោយ​កុហក​អំពី​ព្រឹត្តិការណ៍​នេះ​របស់​ទីក្រុង​ម៉ូស្គូ​។ អ្នកនាំពាក្យ​សេត​វិមាន លោក ច​ន ខឺ​ប៊ី (John Kirby) បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «​វីដេអូ​នេះ​បាន​បកអាក្រាត​ការ​ភូតកុហក​របស់​រុស្ស៊ី​អំពី​អ្វីដែល​ពួកគេ​បាន​និយាយថា​បានកើត​ឡើង ឬអ្វី​ដែល​ពួកគេ​បាន​និយាយថា​មិនបាន​កើតឡើង​។ វា​ពិតជា​ច្បាស់​ណាស់​នៅពេលដែល​យើង​មើល​វីដេអូ​នោះ គឺថា​យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​បុក​យន្តហោះ​ដ្រូ​ន​របស់​យើង​តែម្ដង​»​។

​ឧប្បត្តិហេតុ​នៅលើ​ដែនទឹក​អន្តរជាតិ​លើក​នេះ​គឺជា​ការ​រំឭក​ពី​ហានិភ័យ​នៃ​ការប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ជុំវិញ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ដែល​ទីក្រុង​មូ​ស្គូ​បាន​ឈ្លានពាន​កាលពី​ជាង​មួយឆ្នាំ​មុន និង​ដែល​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​គាំទ្រ​អ៊ុយ​ក្រែ​ន​តាមរយៈ​ការ​ស៊ើបការណ៍​សម្ងាត់ និង​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ជាច្រើន​។

​គួរ​ដឹង​ដែរ​ថា ការចេញផ្សាយ​វីដេអូ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ហៅ​ទូរស័ព្ទ​ជជែក​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃ​ពុធ ពោលគឺ​មានការ​ជជែក​រវាង​ឧ​ត្ត​ម​សេនីយ​កំពូល​របស់​អាមេរិក​លោក ម៉ាក មី​លី (Mark Milley) និង​សម​ភាគី​រុស្ស៊ី​របស់លោក​គឺប្រធាន​អគ្គសេនាធិការ វ៉ា​ឡឺ​យ ចឺ​រ៉ាស៊ី​ម៉ូ​វ (Valery Gerasimov) និង​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ហ្វ្ល​យ អ​ស្ទី​ន (Lloyd Austin) និង​សម​ភាគី​រុស្ស៊ី​របស់លោក​គឺ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គី ហ្សូ​ហ្គោ (Sergei Shoigu)​។

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ លោក Milley បាន​ថ្លែងថា «​វា​ច្បាស់​ណាស់​ថា ការហោះ​ស្ទាក់​កាត់ និង​ការយាយី​ទៅលើ​យន្តហោះ​ដ្រូ​ន​របស់​អាមេរិក​គឺជា​ចេតនា​ពិត​ប្រក​ដ​មែន ប៉ុន្តែ​យើង​មិន​ច្បាស់​នោះទេ​ថា តើ​អ្នកបើក​យន្តហោះ​រុស្ស៊ី​ចង់​បើក​បុក​យន្តហោះ​ដ្រូ​ន​ទាំង​ដែល​ដឹងថា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​ដែរ​ឬក៏​យ៉ាងណា​នោះទេ​»​។

​អ្នកនាំពាក្យ​សេត​វិមាន​លោក ខឺ​ប៊ី បាន​កត់សម្គាល់ថា «​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ដោយសារ​ការធ្វេសប្រហែស ហើយ​ប្រហែលជា​អាច​បង្ហាញ​ពី​អសមត្ថភាព​របស់​យោធា​រុស្ស៊ី​»​។ លោក​បន្តថា​៖ «​យើង​មិនដឹងថា​វា​ជា​ចេតនា​ឬក៏​អត់​នោះទេ ដូច្នេះ​ខ្ញុំ​មិនអាច​ចង្អុល​ទៅកាន់​វីដេអូ​នោះ ហើយ​និយាយថា​នេះ​ជា​ចេតនា​ក្នុងការ​ធ្វើឱ្យមាន​ការប៉ះទង្គិច​កើតឡើង​នោះទេ​»៕