
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់-អូចា។ រូបថត AFP
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃសុក្រ ទី ១៧ មីនាថា លោកបានរៀបចំក្រឹត្យមួយដើម្បីស្វះស្វែងរកការរំលាយសភាមុនពេលការបោះឆ្នោតចូលមកដល់។ នេះគឺជាជំហានដែលគេរំពឹងទុករួចហើយ នៅខណៈដែលរដ្ឋាភិបាលរបស់លោកប្រាយុទ្ធឈានចូលដល់សប្តាហ៍ចុងក្រោយនៃអាណត្តិ ៤ ឆ្នាំរបស់ខ្លួន។
ក្រឹត្យនេះនឹងតម្រូវឱ្យមានការយល់ព្រមពីព្រះមហាក្សត្រថៃ ហើយនឹងត្រូវចូលជាធរមាននៅពេលដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Royal Gazette។ ការបោះឆ្នោតត្រូវធ្វើឡើងក្នុងរង្វង់ ៤៥ ទៅ ៦០ ថ្ងៃក្រោយការរំលាយសភា។
លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឈៀងម៉ៃថា៖ “ខ្ញុំបានរៀបចំ (ក្រឹត្យ) យើងត្រូវរង់ចាំ យើងត្រូវរង់ចាំការប្រកាសនៅក្នុងកាសែត Royal Gazette”។ ពេលអ្នកកាសែតសួរថាតើក្រឹត្យនឹងចូលជាធរមាននៅពេលណា? លោកបានឆ្លើយតបវិញថា៖ «យើងត្រូវរង់ចាំ»។
គួរជ្រាបថា ក្នុងការបោះឆ្នោតនៅថៃនាអាណត្តិនេះ គ្រួសាររបស់មហាសេដ្ឋី ស៊ីណាវ៉ាត្រា នឹងត្រូវប្រឈមជាមួយនឹងគណបក្សដែលគាំទ្រដោយយោធារាជានិយម និងក្រុមអ្នកមានសម្បូរទ្រព្យ។
លោក ប្រាយុទ្ធ ជាឧត្តមសេនីយ៍ចូលនិវត្តន៍ដែលបានឡើងកាន់អំណាចក្រោយដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់នៅក្នុងឆ្នាំ ២០១៤ នឹងដឹកនាំបក្សថ្មីមួយដែលមានឈ្មោះថាគណបក្សថៃរួបរួមជាតិ។ គេជឿថាបក្សថ្មីមួយនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់រូបលោក ប្រាយុទ្ធមុនការបោះឆ្នោតសកល។
លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវប្រឈមជាមួយលោកស្រី ផែតុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន និងត្រូវជាក្មួយស្រីរបស់លោកស្រី យីងឡាក់។ លោកស្រី ផែតុងថាន វ័យ ៣៦ឆ្នាំ បាននាំមុខលោកប្រយុទ្ធក្នុងការស្ទង់មតិសម្រាប់អនាគតនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។
កាលពីថ្ងៃសុក្រម្សិលមិញ ថ្លែងក្នុងព្រឹត្តិការណ៍ណែនាំបេក្ខជនរបស់គណបក្សភឿថៃ លោកស្រី ផែតុងថាន បាននិយាយថាលោកស្រីមានទំនុកចិត្តថាអាចឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីបញ្ចៀសរាល់ឧបាយកលនយោបាយប្រឆាំងនឹងគណបក្សរបស់លោកស្រី។
កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន មានក្តីសង្ឃឹមយ៉ាងមុតមាំថាគណបក្សលោកស្រីអាចបង្កើតរដ្ឋាភិបាលមួយ។ ប៉ុន្តែនៅពេលសួរអំពីលទ្ធភាពដែលគូប្រជែងរបស់លោកស្រី អាចព្យាយាមរារាំងបក្សរបស់លោកស្រីពីការកាន់អំណាចនោះវិញ ស្ត្រីអ្នកនយោបាយវ័យ ៣៦ រូបនេះ បានឆ្លើយតបថា៖ “ពិតណាស់ ពិតណាស់”៕
វីដេអូ៖