ប្រទេសកូរ៉េខាងជើងបានអះអាងថា ប្រជាជនរបស់ខ្លួនជិត ៨០០ ០០០ នាក់ បានស្ម័គ្រចិត្ត ឬចុះឈ្មោះចូលធ្វើទា ហានដើម្បីការពារប្រទេសប្រឆាំងនឹងសហរដ្ឋអាមេរិក។
កាសែតរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រជាជនទាំងនោះ មានទាំងក្រុមនិស្សិត និងក្រុមកម្មករ ដោយពួកគេ បានបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាចុះឈ្មោះចូលរួមតែម្ដង គិតត្រឹមតែថ្ងៃសុក្រមួយប៉ុណ្ណោះ។
កាសែតដដែលរាយការណ៍យ៉ាងដូច្នេះថា៖ «ការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់យុវជនក្នុងការចូលបម្រើកងទ័ព គឺជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់យុវជនជំនាន់ក្រោយ ដើម្បីលុបបំបាត់ភាពឆ្កួតលីលានៃសង្រ្គាមដោយឥតមេត្តា ក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីលុបបំបាត់ប្រទេសសង្គមនិយមដ៏មានតម្លៃរបស់យើង និងសម្រេចបាននូវបុព្វហេតុដ៏ធំនៃការបង្រួបបង្រួមជាតិ និងការបង្ហាញយ៉ាងច្បាស់អំពីស្នេហាជាតិដ៏ឧស្សាហ៍ព្យាយាមរបស់ពួកគេ»។
ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង ដែលកំពុងបន្ត។ ការបាញ់សាកល្បងនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដែលពិភាក្សាពីវិធីទប់ទល់នឹងក្រុងព្យុងយ៉ាង។
ការបាញ់បង្ហោះដែលត្រូវបានហាមឃាត់ក្នុងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ បានរងនូវការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ក៏ដូចជាកូរ៉េខាងត្បូង និងជប៉ុន។
សូមរំឭកថា កងកម្លាំងកូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមសមយុទ្ធរួមគ្នារយៈពេល១១ ថ្ងៃ កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង ដែលចាត់ទុកសកម្មភាពយោធាបែបនេះថា ជាការត្រៀមធ្វើសង្រ្គាម៕