នៅថ្ងៃទី១៩​ មីនា​ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋរុស្ស៊ី​បាន​រាយការណ៍ថា ​ប្រធានា​ធិបតី​រុស្ស៊ី ​លោក វ្ល៉ាឌីមៀរ​ពូទីន​ បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​មួយទៅ​កាន់ទី​ក្រុង ​Mariupol។​

នេះជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង ​របស់​មេដឹក​នាំ​វិមាន​ក្រឹមឡាំង ​ទៅ​កាន់ទឹក​ដី​របស់​អ៊ុយក្រែន ​ដែល​អ្នក​ឃ្លាំ​មើល​សង្កេត​ឃើញថា ​​រុស្ស៊ី ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ដណ្ដើម​យក​ចាប់​តាំងពី​ការ​ចាប់ផ្តើម​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន​រួចមក​។

ប្រភព​ដដែល​ផ្សាយថា​ ដំណើរ​ទស្សន​កិច្ចនេះ​កើត​ឡើង​ បន្ទាប់​ពី​លោក​ពូទីន​ បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​គ្រីមា​កាល​ពីថ្ងៃ​សៅរ៍​ដោយ​ប្រារព្ធ​ខួបលើក​ទី៩​ នៃ​កាត់​បញ្ចូល​ទឹក​ដីគ្រីមា​ពី​អ៊ុយក្រែន​មក​រុស្ស៊ី។ ​បើគិត​ម្យ៉ាងទៀត​ទស្សនកិច្ច​នេះ​ធ្វើឡើង​ ត្រឹមតែ​២ ថ្ងៃប៉ុណ្ណោះ​បន្ទាប់​ពី​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ ​(ICC) ​បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​ពូទីន​។​

ទីក្រុង ​Mariupol ​បាន​ធ្លាក់​ដល់​ដៃ​រុស្ស៊ី​កាល​ខែ​ឧសភា ​ឆ្នាំមុន​ ទាហាន​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ដោយ​បង្ហូរ​ឈាម​យ៉ាងស្វិត​ស្វាញ​ជា​ទីបំផុត​ក្នុង​ចំណោម​សមរ​ភូមិ​ទាំង​អស់​នៃ​សង្គ្រាម​ឈ្លាន​ពាននេះ។​ ការ​ដណ្ដើម ​បាន​ទីក្រុងនេះ​ជា​ជ័យជម្នះ​ដ៏​សំខាន់​លើកដំបូង​របស់​រុស្ស៊ី​ បន្ទាប់​ពី​កងទ័ព​រុស្ស៊ី ​បាន​បរាជ័យ​ក្នុងការ​ដណ្តើម​យក​រដ្ឋធានី ​Kyiv។​

សារ​ព័ត៌មាន​រុស្ស៊ី ​ផ្សាយថា ​លោកពូទីន​ បាន​ជិះ​ឧទ្ធម្ភាគចក្រ​ទៅកាន់​ទីក្រុង​ Mariupol។ ​លោក​ពូទីន ​បាន​បើកឡាន ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ស្រុក​ជា​ច្រើន​នៃ​ទីក្រុង​ ដោយឈប់​និង​និយាយជា​មួយ​អ្នកស្រុក​ទៀតផង​។

តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ ​ICC ​បាន​ចេញ​ដីកា​ចាប់ខ្លួន​ពូទីន​ កាល​ពី​ថ្ងៃ​សុក្រ​ដោយ​ចោទ​ប្រកាន់គាត់​ពី​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​នៃ​ការ​និរទេស​កុមារ​រាប់​រយនាក់​ចេញពី​ប្រទេស​អ៊ុយក្រែន​ដោយ​ខុសច្បាប់​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ទៀតថា​ លោក Putin​ បាន​ចូល​លេង​គ្រួសារ​ក្នុង​ផ្ទះ​មួយ​របស់​ពលរដ្ឋ​នៅ​សង្កាត់ ​Nevsky ​ក្នុង​ទីក្រុង​​ Mariupol​ ជា​សង្កាត់​លំនៅឋាន​ ថ្មីដែល​សាងសង់​ដោយ​យោធា​រុស្ស៊ី។​

ទី​ភ្នាក់ងារ​ព័ត៌មាន​ Interfax ​បាន​ដកស្រង់​ប្រភពព​សារព័ត៌មាន​របស់​វិមាន​ក្រឹម​ឡាំង​ថា ​៖«​ប្រមុខ​រដ្ឋ​(ពូទីន)​ ក៏​បាន​ពិនិត្យមើល​ឆ្នេរ​សមុទ្រ ​Mariupol​ នៅក្នុង​តំបន់​នៃ​ក្លិបទូក​ក្តោង អគារ​មហោ​ស្រព ​កន្លែង​គួរ​ឱ្យ​ចងចាំ​នៃ​ទីក្រុង​» ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ បាន​រាយ​ការណ៍ថា ​លោក​ពូទីន​ក៏​បាន​ជួបជា​មួយ​មេបញ្ជាការ​កំពូល​នៃ​ប្រតិបត្តិការ​យោធា​របស់គាត់​នៅក្នុង​ប្រទេស​អ៊ុយក្រែន ​រួមទាំង​អគ្គសេនា​ធិការ​ Valery Ger​asimov​ ដែល​ទទួលបន្ទុក​កិច្ច​ការ​សង្គ្រាម​នៅអ៊ុយ​ក្រែន​ ទៀតផង​៕

វីដេអូ៖