
ប្រជាជនប្រមូលផ្តុំគ្នា ក្រោយពីរថយន្តក្រុងជួបឧបទ្ទវហេតុនៅស្រុក Madaripur កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ AFP
របាយការណ៍ជាបឋមបង្ហាញថា យ៉ាងតិចណាស់មានមនុស្ស ១៩ នាក់ បានស្លាប់បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍មួយនៅបង់ក្លាដែស។ ប៉ូលិសបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសាររថយន្តក្រុង ១ គ្រឿង ដែលបើកចេញពីផ្លូវល្បឿនលឿនបានធ្លាក់ចូលទៅក្នុងប្រឡាយមួយ នាទីក្រុង Shibcharមានចម្ងាយ ៨០ គីឡូម៉ែត្រពីរដ្ឋធានី Dhakaប្រទេសបង់ក្លាដែស។
មន្ត្រីប៉ូលិសប្រចាំទីក្រុង Shibchar លោក Anowar Hossain ថ្លែងប្រាប់អ្នកកាសែតថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ដោយសារតែមានអ្នកដំណើរមួយចំនួនផ្សេងទៀត រងរបួសធ្ងន់ធ្ងរ។
លោកHossain បន្តថារថយន្តក្រុងនេះដឹកអ្នកដំណើរជាង ៤០នាក់។ វាបានធ្លាក់ចូលទៅក្នុងប្រឡាយតាមដងផ្លូវដែលមានកម្ពស់៩ម៉ែត្រពីផ្លូវថ្នល់ បន្ទាប់ពីបានឆ្លងកាត់ផ្លូវដែកនៃស្ពានឆ្លងកាត់ទន្លេដែលទើបនឹងសាងសង់។
លោកបានបន្តថាអ្នកបើកបររថយន្ដបានស្លាប់ ហើយអ្នកបើកនោះទំនងជាបាត់បង់ការគ្រប់គ្រងរថយន្តបន្ទាប់ពីរថយន្តក្រុងនោះបានបែកកង់។ លោក បានបន្ថែមថាមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
គ្រោះថ្នាក់ចរាចរណ៍ គឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស ដែលជារឿយៗត្រូវបានស្តីបន្ទោសលើការបើកបរមិនប្រុងប្រយ័ត្ន យានយន្តចាស់ និងច្បាប់សុវត្ថិភាពមិនល្អ។ របាយការណ៍នានា បន្ថែមថា ក្នុង១ឆ្នាំៗគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាប់ពាន់នាក់នៅបង់ក្លាដែស។
កាលពីឆ្នាំ ២០១៨និស្សិតនៅបង់ក្លាដែសបានធ្វើបាតុកម្មដ៏ធំ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍សម្លាប់ក្មេងជំទង់២នាក់។ បាតុកម្មនោះ បានបង្ខំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Sheikh Hasina អនុម័តច្បាប់ បង្កើនរយៈពេលជាប់ពន្ធនាគារអតិបរមា២-៣ ឆ្នាំដល់ ៥ឆ្នាំ ចំពោះអ្នកបើកបររូបណាដែលបានបើកបរបណ្ដាលឱ្យមនុស្សមានមនុស្សស្លាប់៕