
លោក Paethongtarn Shinawatra បេក្ខជនគណបក្សភឿថៃ។ AFP
នៅមិនដល់ ៣ ខែទៀតទេការបោះឆ្នោតជាតិថៃនឹងចូលមកដល់។ បក្សនយោបាយនៅក្នុងរាជាណាចក្រថៃ បានចេញផ្សព្វផ្សាយពីគោលនយោបាយនានាដែលបក្សខ្លួនសន្យាថា នឹងអនុវត្តប្រសិនបើជាប់ឆ្នោតបានដឹកនាំរាជរដ្ឋាភិបាល។
ក្នុងនោះ គណបក្សភឿថៃជាបក្សប្រឆាំងធំជាងគេមួយរបស់ប្រទេសនេះ បានចេញគោលនយោបាយដ៏សំខាន់មួយខុសប្លែកពីរដ្ឋបាលរបស់លោក ប្រាយុធ ចាន់អូចា លើការងារអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅថៃ។កាសែតដឹណេសិនថៃ ផ្សាយថាប្រតិបត្តិករអាជីវកម្មទេសចរណ៍នៅទីក្រុងប៉ាតាយ៉ានៅថ្ងៃទី១៩ ខែមីនា បានបញ្ជូនតំណាងទៅជួបសមាជិកជាន់ខ្ពស់នៃគណបក្សភឿថៃដើម្បីពិភាក្សាអំពីរបៀបដែលរដ្ឋាភិបាល បន្ទាប់គួរតែអភិវឌ្ឍន៍រមណីយដ្ឋានមាត់សមុទ្រដ៏ល្បីល្បាញមួយនេះ។
ក្រុមម្ចាស់អាជីវកម្មនិងអ្នកជំនួញផ្នែកទេសចរណ៍ទាំងនោះ បានជួបមេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew និង Prommin Lertsuridej ប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចរបស់គណបក្ស។ក្នុងជំនួបនោះក៏មានវត្តមានអភិបាលក្រុងប៉ាតាយ៉ា Poramet Ngampichet និង Sonthaya Khunpluem មេដឹកនាំក្រុម Palang Chon ដ៏មានឥទ្ធិពល ដែលបានចាកចេញពីគណបក្សកាន់អំណាចទៅចូលរួមជាមួយភឿថៃ។
តំណាងធុរកិច្ចបានអំពាវនាវឱ្យមានការកែលម្អអាកាសយានដ្ឋាន U-Tapao ដើម្បីបង្កើនចំនួនភ្ញៀវទេសចរមកប៉ាតាយ៉ា។ពួកគេក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបក្សភឿថៃ កំណត់តំបន់ប៉ាតាយ៉ាឡើងវិញ(ភ្លើងលឿង ក្រហមខៀវ) ដើម្បីផ្តល់អាទិភាពដល់វិស័យទេសចរណ៍។
ពួកគេ បាននិយាយថាការកំណត់តំបន់នៅប៉ាតាយ៉ាដែលអនុវត្តសព្វថ្ងៃនេះ មិនឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង ព្រោះការកំណត់នោះ ធ្វើឡើងកាលពី២០ឆ្នាំមុនមកម្ល៉េះ។ អាជីវករថៃ ក៏ចង់បិទបារ៍នៅក្រោយម៉ោង២រំលងអាធ្រាត្រ ខណៈដែលច្បាប់ថៃបច្ចុប្បន្នតម្រូវឱ្យបារ៍នៅប៉ាតាយ៉ាទាំងអស់ត្រូវបិទទ្វារនៅត្រឹមម៉ោង២រំលងអាធ្រាត្រ។
តំណាងគណបក្សប្រឆាំងភឿថៃ លោក Prommin បាននិយាយថា ភឿថៃ នឹងធ្វើវិមជ្ឈការអំណាចរដ្ឋបាលដល់ទីក្រុងទេសចរណ៍ ដូចជាប៉ាតាយ៉ា ប្រសិនបើខ្លួនបានជាប់ឆ្នោត ដឹកនាំរដ្ឋាភិបាល ដើម្បីធានាថា អាជីវកម្មដែលពឹងផ្អែកលើភ្ញៀវទេសចរនឹងទទួលបានការគាំទ្រកាន់តែប្រសើរឡើង។
លោកបន្តថា ភឿថៃបានលើកបញ្ហាទេសចរណ៍ជាមួយរដ្ឋាភិបាលជាច្រើនលើកមកហើយដែលមិនបានផល។
គណបក្សភឿថៃ គ្រោងនឹងប្រែក្លាយទីក្រុងបាងកក ឈៀងម៉ៃ សុងក្លា និងប៉ាតាយ៉ា ទៅជា «តំបន់អាជីវកម្មថ្មី» ដើម្បីលុបចោលការរឹតបន្តឹងដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ទាំងអស់នោះ៕