
កម្មករសម្អាតកន្លែងកើតហេតុ ក្រោយការវាយប្រហារដោយប្រដាប់អាវុធនៅវិហារ Shah Cheragh ក្នុងទីក្រុង Shiraz ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ AFP
តុលាការអុីរ៉ង់មួយកាលពីថ្ងៃសៅរ៍ បានកាត់ទោសប្រហារជីវិតមនុស្ស ២ នាក់ ជុំវិញការវាយប្រហារកាលពីខែតុលា ទៅលើទីសក្ការបូជានៅភាគខាងត្បូងទីក្រុង Shiraz ដែលបានបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់។
វេបសាយ Mizan Online របស់តុលាការ បានរាយការណ៍ដោយដកស្រង់សម្តីលោក Kazem Moussavi ជាប្រធានតុលាការនៃខេត្ត Farsថា គេទាំង២នាក់ ត្រូវបានផ្តន្ទាទោសពីបទជួយក្នុង«អំពើពុករលួយនៅលើផែនដី ការបះបោរប្រដាប់អាវុធ និងការប្រព្រឹត្តប្រឆាំងនឹងសន្តិសុខជាតិ»។
លោក Moussavi បាននិយាយថា ពួកគេបានការទាក់ទិនផ្ទាល់ក្នុងការបំពាក់អាវុធ លទ្ធកម្ម ភ័ស្តុភារ និងការណែនាំរបស់ជនល្មើសសំខាន់នៃការវាយប្រហារភេរវកម្មទៅលើព្រះវិហារ Shah Cheragh កាលពីថ្ងៃទី២៦ ខែតុលា ដែលបានបណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និង ៣០នាក់ផ្សេងទៀត រងរបួស។
លោកបាននិយាយថា ចុងចោទ៣នាក់ផ្សេងទៀតនៅក្នុងសំណុំរឿង នេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈ ពេល ៥ ឆ្នាំ ១៥ និង ២៥ឆ្នាំពីបទធ្វើជាសមាជិកនៃក្រុមISជ្រុលនិយមស៊ុននី។
លោកបានបន្ថែមថា សាលក្រមប្រឆាំងអ្នកទាំង៥ អាចនឹងត្រូវប្តឹងឧទ្ធរណ៍នៅចំពោះមុខតុលាការកំពូល។
លោក Mizan បាននិយាយថា ជនល្មើសសំខាន់នៃការវាយប្រហារនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីរ៉ង់ថា ជា Hamed Badakhshan បានស្លាប់ដោយសាររបួសក្នុងអំឡុងពេលចាប់ខ្លួន។
កាលពីខែវិច្ឆិកា សាធារណរដ្ឋអ៊ិស្លាម បាននិយាយថា៖«ភេរវករ Takfiri» ចំនួន ២៦នាក់មកពីប្រទេសអាហ្វហ្គានីស្ថាន អាស៊ែបៃហ្សង់ និងតាហ្ស៊ីគីស្ថាន ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារនេះ។
នៅក្នុងប្រទេសអ៊ីរ៉ង់ដែលគ្រប់គ្រងដោយនិកាយស៊ីអុីត ពាក្យ takfiri ជាទូទៅសំដៅទៅលើក្រុមជីហាដ ឬអ្នកគាំទ្រសាសនាអ៊ីស្លាមស៊ុននីនិយមជ្រុល៕