
លោក Josep Borrell ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្រោយជំនួប។ AFP
កូសូវ៉ូ និងស៊ែប៊ី មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលណាមួយ កាលពីយប់ថ្ងៃសៅរ៍បន្ទាប់ពីបានបើកកិច្ចពិភាក្សាអស់ពេលយ៉ាងយូរ ទោះបីជាសហភាពអឺរ៉ុប បានសាទរចំពោះវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលបានស្វែងរកជាយូរមកហើយរវាងសត្រូវទាំង២ក៏ដោយ។
កិច្ចចរចាជុំថ្មីនេះបានធ្វើឡើងបន្ទាប់ពីកិច្ចការការទូតដែលសម្របសម្រួលដោយសហភាពអឺរ៉ុបបានប៉ុន្មានខែ ជិត ២៥ ឆ្នាំ ក្រោយពីសង្គ្រាមរវាងក្រុមបះបោរជនជាតិអាល់បានី និងកងកម្លាំងស៊ែប៊ីបានបង្កឱ្យមានយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូដែលបានបញ្ចប់ជម្លោះ ហើយបានឃើញបុគ្គលិករដ្ឋាភិបាលស៊ែប៊ី និងកងកម្លាំងសន្តិសុខដកខ្លួនចេញ ពីទឹកដីបំបែកខ្លួននេះ។
លោកនាយករដ្ឋមន្ត្រីកូសូវ៉ូ Albin Kurti និងលោកប្រធានាធិបតីស៊ែប៊ី Aleksan dar Vucic បានធ្វើការពិភាក្សា រយៈពេលជិត ១២ ម៉ោង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅរដ្ឋ Ohrid ភាគខាងជើងនៃប្រទេសម៉ាសេដ្វាន ដោយជ្រើសរើសយកផែនការ ១១ ចំណុច ដែលសហភាពអឺរ៉ុប បានបង្ហាញកាលពីខែមុនក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល។
ប៉ុន្តែនៅទីបញ្ចប់ ពួកគេបានបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ដែលអាចត្រូវបានចុះហត្ថលេខាដោយភាគីទាំង ២ ទេ។
បន្ទាប់ពីកិច្ចពិភាក្សានោះប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានបញ្ជូនសញ្ញាចម្រុះអំពីការចរចាដោយនិយាយថា ក្របខ័ណ្ឌដើម្បីអនុវត្តផែនការបានឈានដល់នោះ ប៉ុន្តែផ្លូវឆ្ពោះទៅរកភាពប្រក្រតីនៃទំនាក់ទំនងឡើងវិញ នៅតែស្មុគស្មាញ។
លោក Borrell បាននិយាយ ថា៖ «ភាគីទាំង ២ មិនអាចស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកតាមមហិច្ឆតាដូចដែលយើងកំពុងផ្តល់ឬស្នើនោះទេ» ទោះបីជាលោកបានសាទរចំពោះការឈានដល់កិច្ចព្រមព្រៀងដែលមិនបានចុះហត្ថលេខានៅទីបញ្ចប់ក្តី។
ប្រទេសស៊ែប៊ី បានបដិសេធជាយូរមកហើយក្នុងការទទួលស្គាល់ការប្រកាសឯករាជ្យឯកតោភាគីរបស់កូសូវ៉ូដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០០៨ ដោយមានជម្លោះជាច្រើនឆ្នាំនៃភាពចលាចលបានផ្ទុះឡើងរវាងទីក្រុងបែលក្រាដនិងអតីតខេត្តបំបែកខ្លួនរបស់ខ្លួន។
បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ មេដឹកនាំទាំង ២ បានទទួលស្គាល់ថា មានការរីកចម្រើន ប៉ុន្តែបានបញ្ចេញនូវភាពព្រងើយកន្តើយចំពោះភាគីម្ខាងទៀតជុំវិញការបរាជ័យក្នុងការសរសេរលើក្រដាស។
លោក Kurti នៃប្រទេសកូសូវ៉ូ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើឯកសារ នេះ ប៉ុន្តែបានស្តីបន្ទោសមេដឹកនាំរបស់ប្រទេសស៊ែប៊ីចំពោះ ការខកខានមិនបានចុះហត្ថលេខាលើផែនការនេះជាលើកទី ២។
លោក Kurti បានប្រាប់អ្នកសារព័ត៌មានថា៖ «ភាគីម្ខាង ទៀតដូចជានៅក្នុងកិច្ចប្រជុំចុងក្រោយនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី ២៧ ខែកុម្ភៈកំពុងតែចៀសវាងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ «ឥឡូវនេះវាអាស្រ័យលើសហភាពអឺរ៉ុបក្នុងការស្វែងរកយន្តការដើម្បីធ្វើឱ្យស្ថានភាពនៃកិច្ចព្រមព្រៀងនេះមានភាពស្របច្បាប់ និងជាលក្ខណៈអន្តរជាតិ»។លោកប្រធានាធិបតី Vucic មានភាពកក់ក្តៅចំពោះលទ្ធផលថ្ងៃនោះ។
លោក Vucic បាននិយាយថា៖ «ខ្ញុំគិតថា យើងបានបោះជំហានដ៏សំខាន់មួយនៅក្នុងបរិយាកាសស្ថាបនា ហើយយើងនឹងចាប់ផ្តើមធ្វើការលើអ្វីមួយ។ ពិតណាស់ វាមិនមែនជាថ្ងៃ D-day ប៉ុន្តែវាជាថ្ងៃធម្មតា»។
ឯកសារ ១១ ចំណុចដែលគាំទ្រដោយ EU បានដាក់ចេញនូវក្របខ័ណ្ឌមួយដែលបញ្ជាក់ថា ភាគីទាំង ២ មិនប្រើអំពើហិង្សាដើម្បីដោះស្រាយជម្លោះ ឬស្វែងរកការរារាំងភាគីម្ខាងទៀតពីការចូលរួមក្នុងសហភាពអឺរ៉ុប ឬស្ថាប័នអន្តរជាតិផ្សេងទៀត ដែលជាការទាមទារដ៏សំខាន់ពីកូសូវ៉ូ។
ក្របខ័ណ្ឌការងារនេះ ក៏នឹងមានលទ្ធផលក្នុងការទទួលស្គាល់ដោយគ្មានការពិតរវាងភាគីទាំង ២ ដោយកូសូវ៉ូ និងស៊ែប៊ីទទួលយកឯកសារធ្វើដំណើរ សញ្ញាបត្រ ស្លាកលេខ និងត្រាគយរបស់ភាគីម្ខាងទៀត។
រដ្ឋបាលរបស់លោក Kurti សង្ឃឹមថាកិច្ចព្រមព្រៀងមួយនឹងអនុញ្ញាតឱ្យមានការចូលទៅក្នុងស្ថាប័នអន្តរជាតិរបស់កូសូវ៉ូ ជាពិសេសអង្គការសហប្រជាជាតិ ដែលជាគោលដៅស្វែងរកជាយូរមកហើយសម្រាប់ រដ្ឋាភិបាលនៅ ក្នុងរដ្ឋធានី Pristina។
មេដឹកនាំនៃប្រទេសស៊ែប៊ី និងកូសូវ៉ូ បានសារភាពថា មានការគាបសង្កត់កាន់តែខ្លាំងឡើងដោយរដ្ឋាភិបាលលោកខាងលិច ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ ពីមានជម្លោះអស់រយៈពេលជាង ២ ទសវត្សរ៍។
សម្ពាធកើនឡើងកើតឡើង នៅពេលដែលសហភាពអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោន បានបម្រុងទុកសាច់ដុំការទូតរបស់ពួកគេជាច្រើនសម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន ដែលជំរុញឱ្យមានការព្រួយបារម្ភថា វិមានក្រឹមឡាំងអាចនឹងប្រើប្រាស់បញ្ហាកូសូវ៉ូធ្វើជាចំណែកមួយ ដើម្បីបំបែកអឺរ៉ុបបន្ថែមទៀត។
កូសូវ៉ូ នៅតែជាមន្ទិលសង្ស័យក្នុងចំណោមតំបន់ដ៏ធំនៃប្រជាជនស៊ែប៊ី ដែលចាត់ទុកទឹកដីនេះជាស្រុកកំណើតត្រឹមត្រូវរបស់ពួកគេដែលរងការវាយប្រហារពីអ្នកខាងក្រៅអស់ជាច្រើនសតវត្សរ៍មកហើយ។
នៅក្នុងរដ្ឋធានីបែលក្រាដរបស់ប្រទេសស៊ែប៊ីកាលពីថ្ងៃសុក្រ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាប្រឆាំងនឹងកិច្ចព្រមព្រៀងមួយ។
លោក Milica Djurdjevic Stamenkovski ប្រធាន ក្រុមជាតិនិយមជ្រុលពេក (Oath Keepers) បានប្រាប់ហ្វូងមនុស្សថា៖ «ឱសាន វាទនេះ... វាមិនមែនជាកិច្ចព្រមព្រៀងទេ វាជាការក្បត់។
កូសូវ៉ូ ជាទីជម្រករបស់ជនជាតិស៊ែប៊ីប្រមាណ ១២០ ០០០ នាក់ ដែលភាគច្រើននៅតែស្មោះត្រង់នឹងទីក្រុងបែលក្រាដ ជាពិសេសនៅតំបន់ភាគខាងជើងក្បែរព្រំដែនជាមួយប្រទេសស៊ែប៊ី ជាកន្លែងដែលមានភាពចលាចល ការតវ៉ានិងអំពើហិង្សាម្តងម្កាល៕