
គ្រោះរាំងស្ងួតនៅប្រទេសអាហ្រ្វិកាន់តែរងទុក្ខខ្លាំង។ រូបថត AFP
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងថា ភាពធ្ងន់ធ្ងរទៅៗនៃបញ្ហាអាកាសធាតុសំខាន់ៗដូចជាព្យុះស៊ីក្លូន ទឹកជំនន់ និងគ្រោះរាំងស្ងួតធ្វើឱ្យបណ្ដាប្រទេសក្នុងទ្វីបអាហ្រ្វិកនានាត្រូវបង្កើនការចំណាយដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ទាំងនេះរហូតពី ២-៩ ភាគរយនៃថវិកាជាតិរបស់ប្រទេសរៀងៗខ្លួន។
គណៈកម្មាធិការអ្នកជំនាញបានធ្វើការបង្ហាញការរកឃើញរបស់របាយការណ៍នេះនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ UN ដែលចូលរួមដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្រ្វិក នៅទីក្រុង Addis Ababa នៃប្រទេសអេត្យូពី។
លេខាធិការប្រតិបត្តិស្តីទីនៃគណៈកម្មាធិការសេដ្ឋកិច្ចរបស់ UN ប្រចាំទ្វីបអាហ្រ្វិក លោក Antonio Pedro បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា៖ «ការប្រែប្រួលអាកាសធាតុកំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ទ្វីបអាហ្រ្វិក ហើយស្ថានភាពនេះ រំពឹងថា នឹងកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានឆ្នាំខាងមុខ»។
របាយការណ៍របស់ UN លើកឡើងថា ការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកត្រូវបានគេកំណត់ថា ជាកត្តាសំខាន់ដែលនាំឱ្យសេដ្ឋកិច្ចអាហ្រ្វិកធ្លាក់ចុះពីកំណើន ៤,៦ ភាគរយនៅឆ្នាំ ២០២១ មកត្រឹមតែ ៣,៦ ភាគរយនៅឆ្នាំ ២០២២។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីអាហ្រ្វិកចុងក្រោយធ្វើឡើងខណៈធាតុអាកាសហួសហេតុកំពុងធ្វើឱ្យផ្នែកខ្លះនៃទ្វីបប្រឈមមុខនឹងវិបត្តិ។ នៅភាគខាងត្បូងនៃទ្វីបព្យុះស៊ីក្លូន ហ្រ្វេដឌី កំពុងវាយលុកនៅប្រទេសម៉ាឡាវីដោយបក់បោកបន្តពីម៉ូសំប៊ិក និងកោះម៉ាដាហ្គាស្កាហើយសម្លាប់មនុស្សជាង ៣០០ នាក់ ខណៈរាប់សែននាក់ទៀតត្រូវជម្លៀសពីផ្ទះ។ ចំណែកនៅភាគខាងកើត និងតំបន់ស្នែងអ្រាហ្វិកវិញ គ្រោះរាំងស្ងួតដ៏ខ្លាំងក្លាកំពុងធ្វើឱ្យតំបន់ប្រឈមមុខនឹងគ្រោះទុរភិក្ស។
អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុដែលបណ្ដាលមកពីសកម្មភាពមនុស្ស កំពុងធ្វើឱ្យបញ្ហាអាកាសធាតុទាំងនេះកាន់តែអាក្រក់ទៅៗ ពោល គឺការតែញឹកញាប់ កាន់តែធ្ងន់ធ្ងរ និងកាន់តែយូរ និងមានទ្រង់ទ្រាយធំជាងមុន។ បញ្ហាប្រឈមទាំងនេះហើយ ដែលបណ្ដាលឱ្យលក្ខខណ្ឌរបស់ប្រទេសក្រីក្ររងនូវភាពលំបាកខ្លាំង។
អ្រាហ្វិកទាំងមូលរួមចំណែកតិចជាង ៤ ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល បើទោះបីជាទ្វីបនេះមានប្រជាជនត្រឹមតែ ១៧ ភាគរយនៃប្រជាជនសរុបរបស់ពិភពលោកក៏ដោយ។ប្រទេសជាច្រើនក្នុងទ្វីបមានសមត្ថភាពមិនគ្រប់គ្រាន់ ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ការប៉ាន់ប្រមាណខ្លះ និយាយថា ទ្វីបនឹងត្រូវការការវិនិយោគជាង ៣ ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ ដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់។
រដ្ឋមន្ត្រីផែនការរបស់អេត្យូពី លោក NemeraGebeyehu Mamo បាននិយាយថា៖ «ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់យ៉ាងខ្លាំងលើទ្វីបអាហ្រ្វិក ហើយសកម្មភាពអាកាសធាតុមិនអាចធ្វើទៅបានដោយគ្មានហិរញ្ញវត្ថុអាកាសធាតុនោះទេ។ ការប្រើប្រាស់ហិរញ្ញវត្ថុអាកាសធាតុអាចប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាពនៅទ្វីបអាហ្រ្វិក»។
សូមរំឭកផងដែរថា ភាពចម្រូងចម្រាសមួយក្នុងការប្ដេជ្ញាអាកាសធាតុគឺថា បណ្ដាប្រទេសអ្នកមាន ដែលរួមចំណែកខ្លាំងបំផុតក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់សកល បានបរាជ័យក្នុងការផ្ដល់ហិរញ្ញប្បទានអាកាសធាតុចំនួន ១០០ ប៊ីលានដុល្លារ/ឆ្នាំទៅដល់ប្រទេសក្រីក្រតាមការសន្យារបស់ខ្លួន៕