​ប្រធាន​​គោល​​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប លោក យូសែហ្វ​ បូរ៉ែល​ ​បាន​ឱ្យ​ដឹង​កាល​ពី​ចុង​សប្ដាហ៍​នេះ​ថា​ ​​មេ​ដឹក​នាំ​​​ស៊ែប៊ី ​និង​កូសូវ៉ូ ​បាន​ព្រម​ព្រៀង​គ្នាលើ​​របៀប​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ដែលអ៊ឺរ៉ុបគាំទ្រ​ ​​​ដើម្បី​ធ្វើ​ប្រក្រតី​កម្ម​លើ​​ទំនាក់​ទំនង​រវាង​រដ្ឋ​ទាំង​ ២​។ ​​

កិច្ច​ព្រម​ព្រៀង​នេះ​ ធ្វើ​ឡើង​​​បន្ទាប់​ពី​​មាន​កិច្ច​ពិភាក្សា​រយៈ​ពេល​១២​ ម៉ោង​រវាង​នាយក​រដ្ឋ​មន្ត្រី​កូសូវ៉ូ​ លោក​Albin Kurti ​និង​ប្រធានាធិបតី​ស៊ែប៊ី​ លោក​Aleksandar Vucic ​ដោយមានការចូលរួមពីមន្ត្រី​សហភាព​អឺរ៉ុប​​នៅ​​ទីក្រុង​Ohrid នៃ​ប្រទេស​ម៉ាសេដូន​ខាង​ជើង​។​

លោក បូរ៉ែល​ ​បាន​ប្រាប់​អ្នក​យកព័ត៌មានទៅ​ថ្ងៃ​សៅរ៍​​ថា​​៖ «​កូសូវ៉ូ ​​និង​ស៊ែប៊ី​បាន​យល់​ព្រម​លើ​ឧបសម្ព័ន្ធ​ការ​អនុវត្ត​នៃ​កិច្ច​ព្រម​ព្រៀង​​ដើម្បី​ធ្វើ​ប្រក្រតី​កម្ម​លើ​​ទំនាក់​ទំនង​។​ ភាគី​ទាំង​២​បាន​​ប្តេជ្ញា​ចិត្ត​យ៉ាង​​មុត​មាំ​ក្នុង​ការ​គោរព​គ្រប់​មាត្រា​នៃ​កិច្ច​ព្រម​ព្រៀង​ និង​អនុវត្ត​កាតព្វ​កិច្ច​រៀង​ៗ​ខ្លួន​ដោយ​ឆាប់​រហ័ស​ និង​ដោយ​ស្មោះ​ត្រង់​»​។

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ​បាន​ថ្លែង​ក្រោយ​​កិច្ច​​ប្រជុំ​​​​ថា​ កិច្ច​​ព្រម​​ព្រៀង​​មួយ​​ចំនួន​​ត្រូវ​​បាន​​សម្រេច​​ ហើយ​«​ចំណុច​មួយ​ចំនួន​ដែល​យើង​បាន​ព្រម​ព្រៀង​គ្នា​ នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រប​ខ័ណ្ឌ​ចរចា​សម្រាប់​ភាគី​ទាំង​​២​»​។​

យ៉ាង​ណា​មិញ​ លោក​នាយករដ្ឋ​មន្រ្តី​​Kurti ​បាន​ថ្លែង​ថា​ ​ប្រធានាធិបតីស៊ែប៊ី​ មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​អនុវត្ត​កាល​ពី​ថ្ងៃ​សៅរ៍​ទេ​។​ លោក​​​​បន្ថែម​​ថា​​​៖ ​«​​ឥឡូវ​​នេះ​​ វា​​អាស្រ័យ​​លើ​​សហភាព​​អឺរ៉ុប​​ក្នុង​​ការ​​ស្វែង​​រក​​យន្តការ​​មួយ​ ​ដើម្បី​​ធ្វើ​​​ឱ្យ​​កិច្ច​​ព្រម​ព្រៀង​​នេះ​​ស្រប​​ច្បាប់​​ និង​​​ជា​​លក្ខណៈ​​អន្តរជាតិ​»​។​

គួរ​គូស​បញ្ជាក់​ថា​ កិច្ច​សន្ទនា​រវាង​កូសូវ៉ូ​ និង​ស៊ែប៊ី​ ដែល​ដឹក​នាំ​ដោយ​សហភាព​អឺរ៉ុប​ និង​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​ ២០១១​ ​មាន​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ជម្លោះ​​​ដែល​អាច​​​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​ព្រព្រៀង​ដែល​មាន​កាតព្វកិច្ច​ស្រប​ច្បាប់​។​ ​សហភាព​អឺរ៉ុប​តម្រូវ​ឱ្យ​កូសូវ៉ូ ​និង​ស៊ែប៊ី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​ និង​ដោះ​ស្រាយ​ជម្លោះ ​ដើម្បី​​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​ប្លុក​នេះ​។ ​

​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ភាគ​ច្រើន​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស ​បារាំង ​អាល្លឺម៉ង់ ​និង​តួកគី​បាន​ទទួល​ស្គាល់​កូសូវ៉ូ​ថា​ជា​​រដ្ឋ​​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក្រោយ​ប្រទេសនេះ​​ប្រកាស​​ឯករាជ្យ​ផ្ដាច់​ខ្លួន​ពី​​ស៊ែប៊ី​​កាល​ពី​១៥ ​ឆ្នាំ​មុន​។​ យ៉ាង​​ណា​មិញ​ ​​​​ស៊ែប៊ី​​នៅ​​​តែ​​បន្ត​​ចាត់​​ទុក​កូសូវ៉ូ​ថា ​​​​​ជា​​ទឹក​ដី​​របស់​​ខ្លួន​ ដែល​ធ្វើ​មាន​ភាព​តាន​តឹងកើត​មាន​ឡើង​ឥត​ឈប់​ឈរ​រវាង​រដ្ឋ​ទាំង​២​ ដែល​មាន​កូសូវ៉ូ​គាំទ្រ​ដោយ​លោក​ខាង​លិច​ និង​ស៊ែប៊ី​គាំទ្រ​ដោយ​រុស្ស៊ី​៕